ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រកាស​ឈប់​ធ្វើ​នាយករដ្ឋមន្រ្តី ហើយ​លោក ហ៊ុន ម៉ាណែត នឹង​ទទួល​តំណែង​នេះ ចាប់​ពី​ខែ​ក្រោយ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថតរូប​ជាមួយ​នឹង​កូន​ប្រុស​ច្បង​របស់​លោក​ គឺ​លោក ហ៊ុន ម៉ាណែត​ នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៩។ (REUTERS/Chor Sokunthea/File Photo)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថតរូប​ជាមួយ​នឹង​កូន​ប្រុស​ច្បង​របស់​លោក​ គឺ​លោក ហ៊ុន ម៉ាណែត​ នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៩។ (REUTERS/Chor Sokunthea/File Photo)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​កាន់​អំណាច​៣៨​ឆ្នាំ​មក​ហើយ នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​ថា​ លោក​នឹង​លែង​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ទៀត​ហើយ ដោយ​ឱ្យកូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ទទួល​តំណែង​នេះ​ជំនួស ចាប់​ពី​ខែក្រោយ។

ការ​ប្រកាស​របស់​លោក ហ៊ុន សែន ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត ដែល​អវត្តមាន​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ចម្បង។

នៅ​ក្នុង​វីដេអូ​ថត​ទុក​មួយ លោក ហ៊ុន សែន បាន​ថ្លែង​ថាលោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣​នេះ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ព្រះ​កុរណា​ខ្ញុំ សូម​ការ​យោគ​យល់​ពី​ប្រជា​ពលរដ្ឋ ដើម្បី​ប្រកាស​ថា​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​នឹង​មិន​បន្ត​មុខ​តំណែង​នាយករដ្ឋមន្រ្តី​ទៀត​នោះ​ទេ...»។

លោក ហ៊ុន សែន បន្ថែម​ថា៖ «ប្រសិន​បើ​ខ្ញុំ​ព្រះករុណា​ខ្ញុំ បន្ត​ធ្វើ​ក្នុង​រយៈ​១ឆ្នាំ​ឬ​២​ឆ្នាំរួច​ហើយ​ទើប​លាលែង​ចេញ​ពី​តំណែង សភាព​ការណ៍​នឹង​មាន​ការ​អស្ថិរភាព​ក្នុង​មួយ​រយៈ​កាល។ ដូច្នេះ​វា​មាន​ការ​ចាំបាច់​ណាស់ ដើម្បី​ឱ្យគណៈ​រដ្ឋមន្រ្តី​ថ្មី​មួយ ដែល​សុទ្ធ​តែ​ភាគ​ច្រើន​ជា​មនុស្ស​វ័យ​ក្មេង ទទួល​បាន​នូវ​កិច្ច​ការ​ដែល​ពួកគេ​ត្រូវ​ទទួល​ខុសត្រូវសម្រាប់​ទៅ​ថ្ងៃ​អនាគត»។

ទោះ​ជាយ៉ាងណា លោក ហ៊ុន សែន ថា​លោក​នៅ​តែ​បន្ត​មុខ​នាទី​ជា​ប្រធាន​គណបក្ស និង​តួនាទី​សមាជិក​រដ្ឋសភា​ម្នាក់។ ប៉ុន្តែ​លោក​ថា​លោក​នឹង​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា ក្រោយ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា នា​ខែកុម្ភៈ ឆ្នាំ​២០២៤។

បើ​តាម​លោក ហ៊ុន សែន លោក​នៅ​តែ​ជា​«តួ​អង្គ​អ្នក​នយោបាយ​ដឹកនាំ​ប្រទេស» បន្ត​ទៀត​តាម​រយៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន ថា ​លោកនឹង​ទទួល​តំណែង​ជា​ប្រធាន​ឧត្តមក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ។

លោក​នាយករដ្ឋមន្រ្តី​ឱ្យដឹង​ទៀត​ថា ​លោក ស ខេង លោក ទៀ បាញ់ លោក ហេង សំរិន និង​អ្នកស្រី ម៉ែន សំអន នឹង​ត្រូវ​បាន​តែង​តាំង​ជា​ឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​របស់​ព្រះ​មហាក្សត្រ។

ទោះ​ជា​យ៉ាងណា លោក ហ៊ុន សែន មិន​បាន​ប្រកាស​ថា​តើ​អ្នក​ណា​នឹង​ក្លាយ​ជា​ប្រធាន​រដ្ឋសភា​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា ​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ នឹង​ចាក​ចេញ​ផុត​ពី​តំណែង។

លោក ហ៊ុន សែន បន្ថែម​ថា​លោក​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​របស់​នាយក​រដ្ឋមន្រ្តី​ឡើយ បើ​ទោះ​លោក​ជា​ឪពុក​នាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​គណបក្ស​កាន់​អំណាច។

លោក​បញ្ជាក់​ថា៖ «ហើយ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​សូម​បញ្ជាក់​ថា​បើ​ទោះ​បី​អំណាច​នយោបាយ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ​ដែល តែ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​នឹង​មិន​ជ្រៀត​ជ្រែក​ទៅ​លើ​កិច្ច​ការ​រដ្ឋាភិបាល​ឬ​នាយករដ្ឋមន្រ្តី​ថ្មី​នោះ​ឡើយ»។

លោក ហ៊ុន សែន ក៏​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​កុំ​បារម្ភ​នៅ​ពេល​លោក​មិន​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី ហើយ​មន្រ្តី​ជាន់​ខ្ពស់​នានា​ក្នុង​វ័យ​ចំណាស់​ត្រូវ​តែ​ហ៊ាន​លះ​បង់ ហើយ​លោក​ជា​អ្នក​លះបង់​ធំជាង​គេ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន ប្រាប់​វីអូអេ​នៅ​ថ្ងៃពុ​ធ​នេះ​ថា គណបក្ស​មិន​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ឡើយ ដោយ​សារ​ការ​សម្រេច​ឱ្យលោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយករដ្ឋមន្រ្តី​នៅ​អាណត្តិ​នេះ។

លោក​ថ្លែង​ថា៖ «ហើយ​ចេះ​តែ​មាន​ការ​សង្ស័យ​អ៊ី​ចេះ​អ៊ី​ចោះ អាហ្នឹង​គឺ​កា​រយល់​ច្រឡំ​គណបក្ស​ប្រជាជន​អត់​មាន​បញ្ហា​រកាំ​រកូស​ឬបែក​បាក់​ផ្ទៃ​ក្នុងទេ។ អាហ្នឹង​ឱ្យ​ចាំ អាហ្នឹង​រាប់​សិប​ឆ្នាំ​ហើយ​ដែល​ជន​មួយចំនួន​យល់​ច្រឡំ​ថា​គណបក្ស​ប្រជាជន​មានការ​បែកបា​ក់​ផ្ទៃ​ក្នុង ក៏​ប៉ុន្តែ​អ្នក​ដែល​ថា​នោះ​បែក​បាក់​ខ្លួន​ឯង​ប៉ុន្មាន​លើក ប៉ុន្មាន​គ្រា​ទៅ​ហើយ»។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​វីអូអេ​ថា ​ការ​សម្រេច​ឱ្យលោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ភ្លាមៗ ជា​របត់​នយោបាយ​មួយ​ថ្មី​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​ជំនាន់​ចាស់។ លោក​បន្ថែម​ថា​ ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា​ តើ​អ្នក​ដឹកនាំ​ថ្មី​នឹង​ដើរ​តាម​គន្លង​ចាស់ ឬ​មាន​ទស្សនវិស័យ​ថ្មី​មក​ដឹក​នាំ​ប្រទេស។ លោក​បន្ថែម​ថា​ នាយក​រដ្ឋមន្រ្តី​ថ្មី​ត្រូវ​ដោះ​ស្រាយ​ទំនាក់ទំនង​រកាំរកូស​ជាមួយ​លោក​ខាង​លិច និង​បញ្ហា​សេដ្ឋ​កិច្ច។

លោក​បញ្ជាក់​ថា៖ «ក៏ប៉ុន្តែ​សម្រាប់​បរិបទ​ការ​ដឹកនាំ​សម្រាប់​កសាង​ជាតិ​ បរិយាកាស​សេដ្ឋកិច្ច​ហាក់ដូច​ជា​មិន​ល្អ​ ហើយ​និង​បរិយាកាស​នៃ​ការ​ប្រតិកម្ម​ពី​សហគមន៍​អន្តរ​ជាតិ គឺ​រឿង​ការ​បោះ​ឆ្នោត​ថ្មីៗ នេះ​គឺជា​រឿង​មិន​ល្អ​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ​ទេ។ វា​ទាម​ទារ​នូវ​អ្នក​ដឹកនាំ​ថ្មី នាយក​រដ្ឋមន្ត្រី​ថ្មី​ហ្នឹង​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​កសាង​ទំ​នាក់ទំនង​ជាមួយ​លោក​ខាង​លិច​ហ្នឹង​ឱ្យ​ល្អ​ឡើង​វិញ ទីមួយ។ទីពីរ​បញ្ហា​សេដ្ឋកិច្ច​ ក៏​ជា​បញ្ហា​ប្រឈម​ដែល​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​ដែរ»។

គួរ​បញ្ជាក់​ថា​លោក ហ៊ុន ម៉ាណែត ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត​សភា​យោធា​ West Point សហរដ្ឋ​អាមេរិក​ និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ពី​សាកលវិទ្យាល័យ Bristol នៅ​ចក្រភព​អង់គ្លេស។ លោក ហ៊ុន ម៉ាណែត មាន​តួនាទី​ជា​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​ត្រូវ​បាន​សមាជិក​គណៈកម្មាធិការកណ្តាល​គណបក្ស​ប្រជា​ជន​កម្ពុជា​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ឯកច្ឆន្ទ​ ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្រ្តី​សម្រាប់​ពេល​អនាគត​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២១។ ក្រៅ​ពី​នេះ​ លោក​ជា​ប្រធាន​យុវជន​គណ​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ ក្រោយ​គណបក្ស​សម្រេច​ឱ្យ​រូប​លោក​ក្លាយ​ជា​បេក្ខជន​អនាគត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​អាណត្តិ​នេះ ក៏​បាន​ឈាន​ជើង​ចូល​ជា​បេក្ខជន​តំណាង​រាស្ត្រ​មួយ​រូប​ក្នុង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ៕

XS
SM
MD
LG