ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​មួយ​ក្រុម​ស្នើ​​​ក្រសួង​ព័ត៌មាន​អនុញ្ញាត​ឱ្យ​ស្ថាប័ន​វីអូឌី​ដំណើរការ​ឡើង​វិញ


យុវជនមួយក្រុម លើកបដា នៅខាងមុខក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ នៅពេលពួកគេដាក់ញត្តិស្នើសុំក្រសួងព័ត៌មានឱ្យបើកស្ថាប័នវីអូឌី និងសា្ថប័នសារព័ត៌មានឯករាជ្យផ្សេងឡើងវិញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
យុវជនមួយក្រុម លើកបដា នៅខាងមុខក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ នៅពេលពួកគេដាក់ញត្តិស្នើសុំក្រសួងព័ត៌មានឱ្យបើកស្ថាប័នវីអូឌី និងសា្ថប័នសារព័ត៌មានឯករាជ្យផ្សេងឡើងវិញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

យុវជន​មួយ​ក្រុម​ដែល​មាន​គ្នា​ជាង​១០​នាក់ កាល​ពី​ព្រឹកថ្ងៃ​សុក្រ បាន​ដាក់​ញត្តិ​មួយ​ច្បាប់​ទៅ​ក្រសួង​ព័ត៌មាន ដើម្បីស្នើក្រសួង​ពិនិត្យ​ឡើង​វិញ និង​អនុញ្ញាត​ឱ្យ​ស្ថាប័ន​សារ​ព័ត៌មាន​វីអូឌី និង​ស្ថាប័ន​សារព័ត៌មាន​ឯក​រាជ្យ​ផ្សេង​ទៀត ដែល​ក្រសួង​បាន​បិទ​កាល​ពី​កន្លង​ទៅ​ ឱ្យ​បើក​ដំណើរការ​ឡើងវិញ។

ពួក​គេ​យល់​ថា​សារ​ព័ត៌មាន​ឯក​រាជ្យ​មាន​សារៈសំខាន់​សម្រាប់​ប្រជា​ពល​រដ្ឋ ដោយសារ​ហ៊ាន​ផ្សាយបញ្ហា​សង្គម ដើម្បី​អាច​ឱ្យ​ប្រជាពលរដ្ឋ​ដឹង​ពី​បញ្ហា​ទាំង​នោះ និង​បានជំរុញ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហារបស់​ប្រជា​ពល​រដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ។

ញត្តិ​នោះ​ត្រូវ​បាន​រៀបចំ​ដោយក្លឹប​យុវជន​ចំនួន​៤​ រួម​មាន ក្លឹប​យុវជន​បៃតង (GYC) ​ក្លឹបយុវជន​អភិវឌ្ឍន៍​សង្គម​ដើម្បី​ប្រជា​ធិប​តេយ្យ​(YSDD)​ ក្លឹប​អភិវឌ្ឍន៍​សមត្ថភាព​យុវជន​ខែ្មរ​(KYCD) និង​ក្លឹប​យុវជន​ដើម្បី​ការ​យល់​ដឹង​(YA)។

បើ​តាម​ញត្តិ​នោះ យុវជនបាន​លើកឡើង​ថា​សេរីភាព​សារ​ព័ត៌មាន​ពិតជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចូលរួម​ចំណែក​ផ្សាយ​ព័ត៌មាន​ពិត ពីប្រជាពលរដ្ឋ​មូលដ្ឋាន​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ ជាពិសេស​ជួយ​ជំរុញ​រាជ​រដ្ឋាភិបាល​មាន​អភិបាល​កិច្ច​ល្អ។

​លោក កែ ចំរើន អាយុ​២៨ឆ្នាំ ជា​អ្នក​តំណាងដែល​បានប្រគល់​ញត្តិ​ទៅ​ឱ្យ​មន្ត្រីរដ្ឋ​បាល​របស់ក្រសួង​ព័ត៌មាន ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជាមាន​ស្ថាប័ន​សារ​ព័ត៌មាន​ច្រើន ​ប៉ុន្តែ​មិន​សូវ​មាន​ការ​ផ្សព្វ​ផ្សាយ​ពី​បញ្ហា​សង្គម​ ឬ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ទើប​លោក​ចង់​ឱ្យ​ក្រសួង​អនុញ្ញាត​ឱ្យ​វីអូឌី​បើក​ដំណើរការ​ឡើង​វិញ។

លោក​ថ្លែង​ថា៖ «យើង​មើល​ឃើញ​សារព័ត៌មាន​ក្នុង​ស្រុក​យើង​មាន​ច្រើន ប៉ុន្តែ​សារ​ព័ត៌មាន​ទាំង​អស់​ ដូច​ខ្ញុំ​លើកឡើង​អ៊ីចឹង ភាគ​ច្រើន​គាត់​ផ្សព្វផ្សាយ​បែប​លក្ខណៈ​ឃោសនា​ច្រើន​ជាង មិនសូវ​ផ្សព្វ​ផ្សាយ​ពី​បញ្ហា​ ពី​ព្រឹត្តិ​ការណ៍​អី​ចាំបាច់​ដែល​សង្គម​យើង​ត្រូវ​ដោះស្រាយ»។

លោក កែ ចំរើន អាយុ២៨ឆ្នាំ យកញត្តិរបស់ក្រុមយុវជន ដែលស្នើក្រសួងព័ត៌មានឱ្យបើកស្ថាប័នវីអូឌី និងសា្ថប័នសារព័ត៌មានឯករាជ្យផ្សេងឡើងវិញ មកដាក់នៅក្រសួងព័ត៌មាន រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក កែ ចំរើន អាយុ២៨ឆ្នាំ យកញត្តិរបស់ក្រុមយុវជន ដែលស្នើក្រសួងព័ត៌មានឱ្យបើកស្ថាប័នវីអូឌី និងសា្ថប័នសារព័ត៌មានឯករាជ្យផ្សេងឡើងវិញ មកដាក់នៅក្រសួងព័ត៌មាន រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

​លោក​បន្ត​ថា៖ «យើង​ឃើញ​ហើយ​ បញ្ហា​ដូចជា​បញ្ហា​កម្មករ​ណាហ្គាវើលដ៍ បញ្ហាការ​រំលោភ​ដីធ្លី​ ឬ​ការ​ទន្ទ្រាន​យក​ កាន់​កាប់​ធនធាន​ធម្មជាតិ​ អី​មួយ​ចំនួន​គឺ​ឃើញ​សារព័ត៌មាន​ភាគច្រើន អត់​សូវ​បាន​ផ្សាយ​ទេ។ អ៊ីចឹង​បើ​សារព័ត៌មាន​ឯករាជ្យ​គាត់​ផ្សាយ​ពី​ព័ត៌មាន​ និយាយ​ទៅ​បញ្ហា​សង្គម​ច្រើន។ ហើយ​គាត់​ផ្សាយ​ពី​បញ្ហា​នេះ វា​ល្អ​ត្រង់​ថា​ទី​មួយ​ឱ្យ​ប្រជា​ពលរដ្ឋ​ដឹង​ពី​បញ្ហា​សង្គម។ ទី២​គាត់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ហ្នឹង​ពន្លឿន​នូវ​ការ​ដោះស្រាយ ឬក៏​យន្តការ​ណា​មួយ ដែល​រដ្ឋាភិបាល​គាត់​មាន​គោលនយោបាយ​ឱ្យ​គាត់​ធ្វើ​អាហ្នឹង​ទៅ​វាបាន​ល្អ»។

លោក​បន្ថែម​ថា​ខណៈ​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់ សារ​ព័ត៌មាន​ឯក​រាជ្យ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ដើម្បី​ផ្សព្វ​ផ្សាយ​ព្រឹត្តិ​ការណ៍​នា​នា​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹងឮ។

​លោក​ថ្លែង​ថា៖ «សំខាន់​នៅ​ក្នុង​ឆ្នាំ​នេះ យើង​មាន​ព្រឹត្តិការណ៍​បោះ​ឆ្នោត អ៊ីចឹង​យើង​ចង់​ឱ្យ​មាន​វត្តមានសារ​ព័ត៌មាន​ឯក​រាជ្យ​ ឬ​ក៏​មាន​វីអូឌី ដើម្បី​ឱ្យ​គាត់​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការ​បោះឆ្នោត​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​មូលដ្ឋាន»។

លោក​រំពឹង​ថា ​ក្រសួង​ព័ត៌មាន​នឹង​ពិចារណា​ការ​ស្នើសុំ​របស់​ក្រុម​យុវជន។


ចំណែក​កញ្ញា អាន ស្រី​អូន និស្សិត​ឆ្នាំ​ទី៣​ នៅ​សកល​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មក​ចូល​រួម​ដាក់​ញត្តិ​នៅ​ក្រសួង​ព័ត៌មាន​ ប្រាប់​អ្នកសារព័ត៌មាន​ថា​កញ្ញាចង់​ឃើញក្រសួង​ព័ត៌មាន​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​បិទ​សារព័ត៌មាន​វីអូឌី ដោយសារ​សារព័ត៌មាន​មួយ​នេះ​ផ្សាយ​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ។

កញ្ញា អាន ស្រីអូន ចូលរួមដាក់ញត្តិនៅក្រសួងព័ត៌មាន រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
កញ្ញា អាន ស្រីអូន ចូលរួមដាក់ញត្តិនៅក្រសួងព័ត៌មាន រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

កញ្ញា​បញ្ជាក់​ថា៖​ «​សារ​ព័ត៌មាន​មួ​យ​ចំនួន​ដែល​បន្ត​បើក​គឺ​ឃើញ​ថា​គាត់​ផ្សព្វផ្សាយ​ អត់​សូវ​ផ្តោត​សំខាន់​ទាក់ទង​នឹង​រឿង​នយោបាយ រឿង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ពាក់​ព័ន្ធ​ដីធ្លី​អី​ទេ គាត់​ផ្សព្វ​ផ្សាយ​តែ​ព័ត៌មាន​ទូទៅ​ ទាក់ទង​តារា ​ទាក់​ទង​គ្រោះថ្នាក់​អី​អ៊ីចឹង​ មើល​ទៅ​ព័ត៌មាន​ដែល​វា​ទទួល​បាន​ វា​អត់​គ្រប់ជ្រុងជ្រោយ។ អីចឹង​ហើយ​បាន​ចង់​ឱ្យ​មាន​សារ​ព័ត៌មាន​ឯករាជ្យ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​មួយ​ដែល​វាគ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់​ វា​មិន​មែន​ផ្សព្វផ្សាយ​តែ​មួយ​ដុំៗ»។

​លោក សឿន មករា ​អាយុ​២៧ឆ្នាំ​ ជា​ពល​រដ្ឋ​ដែល​មក​ចូល​រួម​ដាក់​ញត្តិ​នេះ ប្រាប់​វីអូអេ​ថា ​សារ​ព័ត៌មាន​ឯក​រាជ្យ ​គឺ​ជា​បេះ​ដូង​របស់​យុវជន​ ដែល​បាន​ផ្តល់​ព័ត៌មាន​សម្រាប់​ឱ្យ​យុវជន​វិភាគ​បញ្ហា​សង្គម ប្រកប​ដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​ជួយ​ជំរុញ​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

​លោក​បន្ត​ថា​បើ​ក្នុង​សង្គម​មួយ ​យុវជន​ទទួល​បាន​តែ​ព័ត៌មាន​មិន​ពិត នោះ​វានឹង​ធ្វើ​ឱ្យ​យុវជន​មិន​អាច​តៀម​ខ្លួន​បាន​ល្អ​ក្នុង​ការចូល​រួមការ​ងារក្នុង​សង្គមនោះ​ទេ។

លោក សឿន មករា អាយុ២៧ឆ្នាំមកចូលរួមដាក់ញត្តិ នៅក្រសួងព័ត៌មានរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក សឿន មករា អាយុ២៧ឆ្នាំមកចូលរួមដាក់ញត្តិ នៅក្រសួងព័ត៌មានរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

​លោក​ថ្លែង​ថា៖ «ក្នុង​នាម​យើង​ជា​យុវជន យើង​ស្រេក​ឃ្លាន​ព័ត៌មាន​ដែល​ពិត​ ព័ត៌មាន​ដែល​ឯករាជ្យ ព្រោះ​ការ​សម្លាប់​បេះ​ដូង​របស់​យុវជន គឺជា​ការ​ផ្តល់​ព័ត៌មាន​ដែល​មិន​ពិត​ទៅ​កាន់​យុវជន។ ​អ៊ីចឹង​បើ​សិន​យុវជន គាត់​ហូប​តែ​ព័ត៌មាន​មិន​ពិត តើ​គាត់​នឹង​ត្រៀម​ខ្លួន​យ៉ាង​ណា​ក្នុង​សង្គម​ប្រជាធិបតេយ្យ​របស់​ខ្លួន»។


លោក​ស្នើ​សុំ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ លោក​ ខៀវ កាញារីទ្ធ មេត្តា​ពិនិត្យ និង​ផ្តល់​សិទ្ធឱ្យស្ថាប័ន​វីអូឌី​អាច​ដំណើរការ​បាន​ឡើង​វិញ​ផង​ដែរ។

លោក វ៉ែន រតនា ​អនុ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​ព័ត៌មាន ដែល​ចេញ​មក​ទទួល​ញត្តិ​របស់​ក្រុម​យុវជន​ ប្រាប់​អ្នកសារព័ត៌មាន​ថា​លោក​នឹង​រៀប​ចំ​ចាត់​ចែង​ញត្តិ​តាម​ទម្រង់​រដ្ឋ​បាល​ និង​ដាក់​ជូន​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន។

លោក វ៉ែន រតនា អនុប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងព័ត៌មាន ចេញមកទទួលញត្តិរបស់ក្រុមយុវជននៅមុខក្រសួងព័ត៌មានក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក វ៉ែន រតនា អនុប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងព័ត៌មាន ចេញមកទទួលញត្តិរបស់ក្រុមយុវជននៅមុខក្រសួងព័ត៌មានក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

​ក្រសួង​ព័ត៌មាន ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ឆ្លើយ​តប​ទៅ​ក្រុម​យុវជន​ថា ​ការ​ដក​អាជ្ញា​បណ្ណ​សារ​ព័ត៌មាន​ណា​មួយ​ សុទ្ធ​តែ​អនុវត្ត​ទៅ​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​មាន​ជា​ធរ​មាន​។ ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ​បន្ថែម​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការ​ប្រើ​ពាក្យ​«សារព័ត៌មាន​ឯករាជ្យ​»​ ជា​ចេតនា​ដែល​នាំ​ឱ្យ​មាន​ការ​បែង​ចែក​ រើស​អើង​ និង​បំបែក​បំបាក់​សាមគ្គី​រវាង​អង្គភាព​សារព័ត៌មាន​ និង​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ ព្រោះក្រសួង​ពុំដែល​បាន​បញ្ជាក់​ក្នុង​អាជ្ញាបណ្ណ​ថា ​សារ​ព័ត៌មាន​ណា​មួយ​ឯករាជ្យ ឬ​មិន​ឯក​រាជ្យ​ឡើយ។

​លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ ខេមបូចា ថ្លែង​ថា​សារព័ត៌មាន​ឯក​រាជ្យ​មាន​សារៈសំខាន់ក្នុង​ការ​រាយការណ៍​ពី​ភាព​អវិជ្ជមាន និង​ផល​ប៉ះ​ពាល់​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ដើម្បី​ធានា​ឱ្យ​មាន​តម្លា​ភាព​ក្នុង​សង្គម។ លោក​បន្ត​ថា​នៅ​កម្ពុជា កម្រ​មានស្ថាប័ន​សារ​ព័ត៌មានរាយការណ៍​ពី​ផល​ប៉ះ​ពាល់​ផ្សេងៗ​ក្នុង​សង្គម​ណាស់​ ដូច្នេះក្រសួង​ព័ត៌មាន​គួរ​ផ្តល់អាជ្ញា​បណ្ណ​ដល់​វីអូឌី ដើម្បី​អាច​បន្ត​កិច្ច​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ឡើង​វិញ។

​លោក​ថ្លែង​ថា៖ «សារព័ត៌មាន​ឯករាជ្យ​ គឺ​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​សង្គម​ ឬ​ហៅ​ថា​Accountability។ អ៊ីចឹង​បើ​សិន​ជា​យើង​មិន​មាន​វត្តមាន​របស់​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ទេ​ វា​អត់​មាន​យន្តការ​អី ដើម្បី​ជួយ​រដ្ឋាភិបាល ​អង្គភាព​ផ្សេងៗ​ទៀត ​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​គណនេយ្យភាព​សង្គម ឬ​ការ​ទទួល​ខុស​ត្រូវ​សង្គម​ហ្នឹង​ទេ»។

​គួរ​បញ្ជាក់​ថា ​កាល​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ​ក្រសួង​ព័ត៌មាន​បាន​លុបអាជ្ញា​បណ្ណ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី ​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បន្ទាប់​ពី​សា្ថប័ន​មួយ​នេះ ផ្សាយអត្ថបទ​ថា​លោក ​ហ៊ុន ម៉ាណែត ​ចុះ​ហត្ថ​លេខា​ជំនួស​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​ការ​ផ្តល់​ជំនួយ​១០ម៉ឺន​ដុល្លារ​ដល់​ប្រទេស​តួកគី ​សម្រាប់​គ្រោះ​រញ្ជួយ​ដី។ លោក​ ហ៊ុន ម៉ាណែត ​និង​លោក​ ហ៊ុន សែន​ លើក​ឡើង​ថា ​មិន​មាន​ការ​ចុះ​ហត្ថលេខា​បែប​នេះ​ទេ ​ហើយ​ទាមទារ​ឱ្យ​ស្ថាប័ន​វីអូឌី​សុំ​ទោស​ជា​សាធារណៈ។

ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា​ ​វីអូឌី​«រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​វិជ្ជាជីវៈ​សារ​ព័ត៌មាន ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស ​និង​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ហើយ​មិន​ព្រម​ធ្វើ​ការ​កែ​សម្រួល​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន»។

ការ​បិទ​ស្ថាប័ន​សារ​ព័ត៌មាន​វីអូឌី​នេះ​ រង​ការ​រិះ​គន់​ពី​សហគមន៍​អន្តរ​ជាតិ​មួយ​ចំនួន​ផង​ដែរ៕

XS
SM
MD
LG