អ្នកវិភាគនិងអ្នកតាមដានបញ្ហាសង្គមយល់ឃើញថា ទំនាក់ទំនងកម្ពុជានិងវៀតណាមបានឈានដល់ដំណាក់កាលល្អប្រសើរ ខណៈព្រមានពីទំនាក់ទំនងស្អិតរមួតរវាងកម្ពុជានិងប្រទេសចិនអាចត្រូវបានប្រើប្រាស់សម្រាប់ផលប្រយោជន៍យុទ្ធសាស្ត្រដល់ប្រទេសចិន ដែលអាចជាការគំរាមកំហែងដល់សន្តិសុខនៃប្រទេសវៀតណាម។
ប្រទេសចិននិងវៀតណាមកំពុងមានជម្លោះដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូង ដែលចិនទាមទារស្ទើរតែទាំងស្រុងពីប្រទេសដែលមានជម្លោះជាមួយ ក្នុងនោះក៏មានប្រទេសជាសមាជិកអាស៊ានផ្សេងទៀតដូចជា ហ្វីលីពីន និងព្រុយណេផងដែរ។ ជម្លោះដែនសមុទ្រចិនខាងត្បូងនេះ ក៏នឹងក្លាយជាប្រធានបទក្តៅមួយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនាសប្តាហ៍នេះផងដែរ។
កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានរបស់នាយករដ្ឋមន្ត្រីវៀតណាម។ ក្រៅពីនេះ លោក ហ៊ុន សែន និងលោក ផាម មិញជិញ ក៏បានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារស្តិពីកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ១១ ឯកសារផងដែរ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ទំនាក់ទំនងកម្ពុជានិងវៀតណាម មានភាពល្អប្រសើរនាពេលនេះ។
សាស្ត្រាចារ្យរូបនេះបន្តថា កម្ពុជាត្រូវធ្វើឱ្យមានតុល្យភាពគ្នារវាងទំនាក់ទំនងជាមួយចិន និងវៀតណាម ដើម្បីបញ្ចៀសនូវហានិភ័យ ខណៈជំរុញឱ្យនៅតែមានប្រើគោលនយោបាយចម្រុះក្នុងទំនាក់ទំនងការបរទេសរបស់ខ្លួន។
បើតាមលោក ឯម សុវណ្ណារ៉ា ទំនាក់ទំនងស្អិតរមួតរវាងកម្ពុជានិងចិន ដែលជាមិត្តដែកថែបនឹងគ្នា មិនមែនត្រឹមតែបង្កជាក្តីបារម្ភសម្រាប់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែថែមទាំងបង្កជាការព្រួយបារម្ភចំពោះសន្តិសុខក្នុងតំបន់ ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានថា កម្ពុជាអនុញ្ញាតឲ្យចិនដាក់ទ័ពនៅទឹកដីរបស់ខ្លួន។
លោកថ្លែងថា៖ «បន្ទាត់ក្រហមកម្ពុជា-វៀតណាម មានពីរ។ ទី ១ ពាក់ព័ន្ធជាមួយអព្យាក្រឹតភាពរបស់កម្ពុជា ថាតើកម្ពុជាឈរបានដូចមានចែងនៅក្នុងស្មារតី ឬក៏ខ្លឹមសារនៃសន្ធិសញ្ញាអន្តរជាតិនានា ដែលកម្ពុជាបានឈរនិងវៀតណាមឈរគ្រប់ខាងណាមួយ ឧទាហរណ៍ដូចជានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាដើម។ ចំណុចទី ២ ពាក់ព័ន្ធជាមួយការគោរពគ្នាទៅវិញទៅមកជាសមភាគី ភាគីស្មើភាពគ្នា គ្មាននរណាមានឥទ្ធិពលជាងនរណាទេ គឺភាគីវៀតណាម-កម្ពុជា គោរពគ្នាទៅវិញទៅមកទាំងអធិបតេយ្យភាព ទាំងបូរណភាពទឹកដី»។
ចំណែកលោក រ៉ឹម សុខវី សហស្ថាបនិក The Thinker Cambodia ដែលជាវេទិកាវិភាគគោលនយោបាយ ហើយលោកក៏ជាអ្នកវិភាគមួយរូប ប្រាប់វីអូអេថា ទំនាក់ទំនងរវាងទីក្រុងហាណូយ និងទីក្រុងភ្នំពេញ ដើរដល់ចំណុចល្អូកល្អើនជាមួយគ្នា ខណៈថាឥទ្ធិពលខាងក្រៅអាចធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមានភាពរកាំរកូស។
លោក សុខវី បញ្ជាក់ថា ទំនាក់ទំនងកម្ពុជានិងវៀតណាម នឹងល្អក់កករខ្លាំង កាលណាការប្រកួតប្រជែងរបស់មហាអំណាចរវាងចិន និងអាមេរិកកាន់តែឡើងកម្តៅ ហើយថាវៀតណាមមិនចង់ចាប់សហរដ្ឋអាមេរិកឡើយ ប៉ុន្តែដើម្បីការពារសន្តិសុខរបស់ខ្លួន ដែលអាចកើតចេញពីទំនាក់ទំនងល្អូកល្អើនរបស់កម្ពុជាជាមួយនឹងប្រទេសចិន។
លោកថ្លែងថា៖ «យើងមើលទៅថ្ងៃអនាគត វាអាចមានប្រយោជន៍ផ្ទុយគ្នារវាងវៀតណាមហើយនិងចិន ពីព្រោះមែនទែនទៅ ប្រទេសទាំងពីរគេព្រួយបារម្ភចំពោះកម្ពុជា តែទៅលើរឿងផ្នែកយុទ្ធសាស្ត្រហ្នឹងហ្មង ពីព្រោះចិនអាចប្រើប្រាស់កម្ពុជាដើម្បីដាក់សម្ពាធទៅលើវៀតណាមអ៊ីចឹង។ អាហ្នឹងជារឿងមួយដែលវៀតណាមព្រួយបារម្ភ។ ពេលខ្លះទៅដាក់សម្ពាធ ឬក៏អាចប្រើប្រាស់ទៅជាកន្លែងមួយ ដើម្បីស៊ើបអង្កេត។ អ៊ីចឹងអាហ្នឹងជារឿងមួយដែលវៀតណាមព្រួយបារម្ភ»។
លោកបន្ថែមថា៖ «អ៊ីចឹងបើទោះបីជាកម្ពុជាងាកទៅរកចិនខ្លាំងក៏ដោយ ក៏ប៉ុន្តែបើកម្ពុជាមិនបានបម្រើផលប្រយោជន៍យុទ្ធសាស្ត្រឱ្យចិន អ៊ីចឹងដរាបនោះទំនាក់ទំនងកម្ពុជាជាមួយវៀតណាម គឺវានៅតែល្អធម្មតា អត់អីទេ»។
លោក គិន ភា ចំណែកប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ប្រាប់វីអូអេថា ទំនាក់ទំនងកម្ពុជានិងវៀតណាមកាន់តែប្រសើរឡើង ដោយសារតែប្រទេសទាំងពីរបានចុះអនុសារណៈយោគយល់គ្នាជាបន្តបន្ទាប់។ លោកបន្ថែមថា ការគោរពនយោបាយការបរទេសរបស់កម្ពុជាទៅកាន់ប្រទេសជិតខាង គឺជាការរស់នៅជាមួយគ្នាប្រកបដោយសន្តិសហវិជ្ជមាន។
លោក គិន ភា លើកឡើងថា បញ្ហាខាងក្រៅអាចជះឥទ្ធិពលដល់ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដោយហេតុថាកន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរល្អប្រសើរ ឬអន់ថយ ក៏ដោយសារតែកត្តាខាងក្រៅ។
លោកថ្លែងថា៖ «ខ្ញុំគិតថា ទាំងចិនក្តី ទាំងវៀតណាមក្តី នឹងប្រទេសផ្សេងទៀតក្តីគឺជាប្រទេសដែលកម្ពុជាតែងប្រាថ្នា ចង់មានទំនាក់ទំនងល្អដោយឈរលើគោលការណ៍ គោរពអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី គោរពនូវផលប្រយោជន៍របស់ផងគ្នាទៅវិញទៅមក។ដូច្នេះគេមិនគួរមានគំនិតទុទិដ្ឋិនិយម ឬគំនិតអវិជ្ជមានដោយគ្រាន់តែកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន ហើយនាំឱ្យខូចទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសផ្សេងនោះទេ»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានទេនៅថ្ងៃពុធនេះ។ ប៉ុន្តែកន្លងទៅ កម្ពុជាធ្លាប់អះអាងថា ប្រទេសមួយនេះរាប់អានមិត្តជាមួយប្រទេសទាំងអស់។ កម្ពុជាក៏អះអាងថាខ្លួនមិនអនុញ្ញាតឲ្យប្រទេសណាមួយដាក់មូលដ្ឋានទ័ពក្នុងប្រទេសរបស់ខ្លួនឡើយ។
គួរបញ្ជាក់ថា ប្រទេសចិនកំពុងជួយធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ដែលបង្កការព្រួយបារម្ភដល់សហរដ្ឋអាមេរិកដែលសង្ស័យថា ចិននឹងប្រើប្រាស់ជាមូលដ្ឋានកងទ័ពនាពេលណាមួយ៕