វៀតណាមបានបង្ហាញប្រតិកម្មដោយប្រុងប្រយ័ត្នចំពោះការវិវត្តចុងក្រោយនៃតួនាទីចិនក្នុងការជួយធ្វើទំនើបកម្ម និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា រីឯមន្ត្រីជាន់ខ្ពស់មួយរូបនៃកងទ័ពជើងទឹកខ្មែរនៅទីនោះ បានលើកឡើងថា ក្រុងហាណូយហាក់មានបំណងរាំងស្កាត់ការពង្រីកសមត្ថភាពនិងធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជា។
លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានប្រកាសប្រាប់បណ្ដាញសារព័ត៌មាន នាខែនេះថា ចិនកំពុងផ្ដល់ជំនួយក្នុងការកែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកងទ័ពជើងទឹក នៅមូលដ្ឋានសមុទ្ររាមក្នុងខេត្តព្រះសីហនុរបស់កម្ពុជា។
ការប្រកាសនេះមានឡើងបន្ទាប់ពីមានភាពចម្រូងចម្រាសអស់រយៈពេលជិត២ឆ្នាំចុងក្រោយពីសំណាក់សហរដ្ឋអាមេរិកដែលថាការជ្រៀតចូលពង្រីកតួនាទីរបស់ចិននៅមូលដ្ឋានសមុទ្ររាម អាចនឹងបើកផ្លូវឱ្យកងទ័ពរំដោះប្រជាជនចិន អាចរក្សាវត្តមាន និងប្រើប្រាស់តំបន់ផែយោធានេះ។
កាសែត Viet Nam News (VNS) ដែលគ្រប់គ្រងដោយទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម VNA-TTXVN កាលពីថ្ងៃព្រហស្បតិ៍ បានដកស្រង់សម្ដី អ្នកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ឆ្លើយសំណួរអ្នកសារព័ត៌មាន អំពីចម្លើយតបរបស់វៀតណាមទៅនឹងការវិវត្តថ្មីនៅមូលដ្ឋានសមុទ្ររាមថា៖
«វៀតណាមសង្ឃឹមថា ទំនាក់ទំនងរវាងចិននិងកម្ពុជា នឹងផ្ដល់ជាវិភាគទានដល់ការរក្សាឱ្យបាននូវសន្ដិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងនៅក្នុងពិភពលោក»។
មន្ត្រីនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះបានថ្លែងថា ខ្លួនផ្ដល់តម្លៃដល់ការរក្សាទំនាក់ទំនង ល្អជាមួយទាំងចិន ជាមួយទាំងកម្ពុជា ដែលជាប្រទេសភូមិផងរបងជាមួយខ្លួន។ នេះបើយោងតាមការផ្សាយរបស់ VNS។
កងទ័ពជើងទឹកវៀតណាមមានទំនាក់ទំនងស្និទ្ធនឹងមូលដ្ឋានសមុទ្ររាម ដោយមានការល្បាតរួមគ្នាលើឈូងសមុទ្រថៃរៀងរាល់៣ខែម្ដង ដែលការល្បាតវគ្គបន្ទាប់នឹងត្រូវធ្វើនៅថ្ងៃទី១៥ ខែមិថុនានេះតែម្ដង។ នេះបើតាម ឧត្ដមនាវីទោ ម៉ី ឌីណា នាយសេនាធិការមូលដ្ឋានសមុទ្ររាម។
ឧត្ដមនាវីទោរូបនេះ បានប្រាប់វីអូអេថា ទោះបីទំនាក់ទំនងរវាងកងទ័ពនិងកងទ័ពមានសភាពនឹងនរធម្មតា ក៏វៀតណាមកំពុង«ឡប់ប៊ី» ឬបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក ឱ្យរារាំងការពង្រីកសមត្ថភាពនិងហេដ្ឋារចនាសម្ព័ន្ធកងទ័ពជើងទឹកកម្ពុជា ព្រោះសមត្ថភាពកាន់តែខ្លាំងរបស់កម្ពុជាអាចប៉ះពាល់ឬគំរាមកំហែងដល់ការ «អភិវឌ្ឍ»របស់ខ្លួននៅតំបន់កោះត្រល់ ឬ Phu Quoc ដែលគ្រប់គ្រងដោយវៀតណាម។
«ហើយអ្វីដែលគាត់និយាយផ្នែកនយោបាយ វៀតណាមនិងអាមេរិកហ្នឹងកំពុងតែឡប់ប៊ី(បញ្ចុះបញ្ចូល)គ្នា ឡប់ប៊ីគ្នាយ៉ាងម៉េច គាត់មិនចង់ឱ្យកម្ពុជាហ្នឹងមានអ្វីមួយទេ។ បានន័យថាកងកម្លាំងមិនឱ្យរីកទេ ដោយសារគាត់កំពុងតែអភិវឌ្ឍនៅតំបន់កោះត្រល់។ លោកប្អូនក៏ដឹងដែរថា កោះត្រល់ជាកោះរបស់នរណា? ជាកោះរបស់ខ្មែរពីដើមដល់ពេលកងទ័ពជើងទឹកយើងមិនរីកចម្រើន ក៏យើងមានការរសើបដែរ មិនចឹង?»
ឧត្ដមនាវីទោ ម៉ី ឌីណា ពន្យល់បន្ថែមថា៖ «ហើយអ៊ីចឹងគាត់ចេះតែចាក់រុកអាមេរិកឱ្យមករករឿងយើងទៅ ព្រោះដឹងថាអាមេរិកនិងចិនវាអត់ត្រូវគ្នាទេ ហើយវៀតណាមនេះ គាត់មានភាពរសើប។ អានេះខ្ញុំមិនចង់ចូលជ្រៅទេ តែមានភាពរសើបអំពីបញ្ហាចិន ហើយយើងគិតថាច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ទោះជាយ៉ាងណាមិនបំផ្លាញជាតិខ្លួនឯងទេ គឺមិនអាចឱ្យជនបរទេសឬក៏កងទ័ពបរទេសណាមកតាំងទីលំនៅលើទឹកដីកម្ពុជាបានទេ ហើយគាត់មិនយល់ បានន័យថាមានបំណងរារាំងកម្ពុជាមិនឱ្យមានការអភិវឌ្ឍ មិនឱ្យមានការទទួលជំនួយពីចិន។ អានេះជាបំណងរបស់គាត់ បើតាមដែលខ្ញុំដឹង»។
ស្ថានទូតវៀតណាមនៅភ្នំពេញមិនទាន់បានឆ្លើយតបនឹងសំណួររបស់វីអូអេសុំការបំភ្លឺតបនឹងការលើកឡើងខាងលើនៅឡើយទេ គិតត្រឹមល្ងាចថ្ងៃសុក្រនេះ។
កាលពីខែកក្កដា ឆ្នាំ២០១៩ កាសែត The Wall Street Journal បានចុះផ្សាយថា កម្ពុជាបានសម្រេច«កិច្ចព្រមព្រៀងសម្ងាត់»មួយក្នុងការអនុញ្ញាតឱ្យចិនប្រើប្រាស់មូលដ្ឋានសមុទ្ររាមបាន។ ប៉ុន្តែ ការលើកឡើងនេះ ត្រូវបានចិននិងកម្ពុជាបដិសេធដាច់អហង្ការជាច្រើនលើកច្រើនសា។
ក្រោយពីមានការចុះផ្សាយរបស់ The Wall Street Journal បានមួយថ្ងៃ លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាមនាគ្រានោះ បានបង្ហាញវត្តមានភ្លាមៗនៅរាជធានីភ្នំពេញ និងបានជួបថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាផងដែរ ដើម្បីជជែកអំពីការវិវត្ត«ថ្មីនិងរហ័ស»នៃស្ថានការណ៍តំបន់និងសកលលោកដែលមានឥទ្ធិពលដល់ទំនាក់ទំនងទ្វេភាគី»។ នេះបើយោងតាមការផ្សាយនាគ្រានោះរបស់ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥។
ទើបតែនៅខែតុលា ឆ្នាំ២០២០កន្លងទៅ មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកកម្ពុជា បានបង្ហាញជាលើកដំបូងថា ចិនពិតជាកំពុងពិចារណាជួយសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចមានផែចតនាវា រោងជាងជួសជុលនាវា និងការបូមខ្សាច់បង្កើនជម្រៅទឹកនៅឈូងសមុទ្ររាម ដើម្បីទទួលនាវាធុនធំ។
ការបង្ហាញខាងលើអំពីគម្រោងជំនួយរបស់ចិននៅមូលដ្ឋានសមុទ្ររាម ត្រូវបានបញ្ជាក់ឡើងវិញសាជាថ្មីដោយលោក ទៀ បាញ់ នាសប្ដាហ៍មុននេះ ខណៈមានដំណើរទស្សនកិច្ចខ្លីមួយដោយអ្នកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនៅភ្នំពេញ។
នៅភ្នំពេញ អ្នកស្រី Sherman បានបន្ទរការបារម្ភជាពន្លឹករបស់អាមេរិកអំពីការពាក់ព័ន្ធរបស់ចិននៅមូលដ្ឋានសមុទ្ររាម ទីដែលអគារនិងទីតាំងជំនួយរបស់អាមេរិកត្រូវបានវាយចោលម្ដងមួយៗ ដោយគ្មានការជូនដំណឹងជាមុន កាលពីចុងឆ្នាំ២០២០កន្លងទៅ៕