ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​សុំ​ឲ្យ​កម្ពុជា​ជួយ​ដោះស្រាយ​ឋានៈ​ស្រប​ច្បាប់​សម្រាប់​ជនជាតិ​វៀតណាម​


លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស​កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ​លោក Bui Thanh Son រដ្ឋមន្រ្តីការបរទេស​វៀតណាម នៅ​ក្នុង​ទីក្រុង Chongqing ប្រទេស​ចិន នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។ (ពី​ហ្វេសប៊ុក​ក្រសួង​ការបរទេស​កម្ពុជា)
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស​កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ​លោក Bui Thanh Son រដ្ឋមន្រ្តីការបរទេស​វៀតណាម នៅ​ក្នុង​ទីក្រុង Chongqing ប្រទេស​ចិន នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។ (ពី​ហ្វេសប៊ុក​ក្រសួង​ការបរទេស​កម្ពុជា)

រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​លោក ​Bui Thanh Son​ បាន​សុំ​ឲ្យ​ប្រទេស​កម្ពុជា​ធានា​អត្ថប្រយោជន៍​សុខុមាលភាព​របស់​ប្រជាជន​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជានិង​ដោះស្រាយ​ឋានៈ​ស្រប​ច្បាប់​របស់​ពួកគេ។​

លោក​លើក​សំណើ​នេះ​ទៅ​កាន់​លោក​ប្រាក់ សុខុន ​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជាក្នុង​ជំនួប​រវាង​លោក​ទាំង​ពីរ​ដែល​ធ្វើ​ឡើង​នៅ​ក្រៅ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ចិន​ពិសេស​និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អំពី​កិច្ច​សហប្រតិបត្តិការ ​Lancang-មេគង្គ​លើកទី​៦​នៅ​ទី​ក្រុង​Chongqing ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៧ ខែ​មិថុនា។​ នេះ​បើ​តាម​បណ្តាញ​ព័ត៌មាន​វៀតណាម ​VNA។​

បណ្តាញ​ព័ត៌មាន​នេះ​បាន​បន្ត​ទៀត​ថា​លោក​ Son​ ចង់​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្រ្តី​កម្ពុជា​និង​ប្រើប្រាស់​បណ្តាញ​ទំនាក់​ទំនង​ផ្ទាល់​របស់​រដ្ឋមន្រ្តី​ការ​បរទេស​ទាំង​ពីរ​ដើម្បី​ពិភាក្សា​និង​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី​ក៏​ដូចជា​បញ្ហា​ក្នុង​តំបន់​និង​អន្តរជាតិ​ឲ្យ​ទាន់ពេល​វេលា​ដោយ​ជួយ​លើក​កម្ពស់​ភាព​ជា​អ្នកជិត​ខាង​ល្អ។​

លោក ​ប្រាក់ សុខុន​ បាន​អបអរសាទរ​ប្រទេស​វៀតណាម​ចំពោះ​សមិទ្ធផល​ថ្មីៗ​និង​អរគុណ​រដ្ឋាភិបាល​វៀតណាម​ចំពោះ​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​សម្រាប់​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩។​

ពួកគេ​បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើន​ការ​សម្រប​សម្រួល​ក្នុង​ការ​គ្រប់គ្រង​ព្រំដែន​និង​ការពារ​ការ​ឆ្លង​ព្រំដែន​ខុសច្បាប់ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ឆ្លង​ព្រំដែន។​

ជា​ការ​ឆ្លើយតប​លោក ​ប្រាក់ សុខុន ​បាន​អះអាង​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​យក​ចិត្តទុក​ដាក់​និង​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​និស្សិត​និង​អាជីវកម្ម​វៀតណាម​និង​ប្រជាជន​ដើម​កំណើត​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។​លោក​សង្ឃឹម​ថា​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ចាប់​ផ្តើម​សកម្មភាព​ដោះដូរ​ពាណិជ្ជ​កម្ម​និង​ទេសចរណ៍​ឆាប់ៗ​នេះ​នៅ​ពេលជំងឺ​រាតត្បាត​នេះ​ត្រូវ​បាន​គ្រប់គ្រង។​នេះបើ​តាម​បណ្តាញ​ព័ត៌មាន​វៀតណាម​ VNA។​

សំណើ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​ធ្វើ​ឡើង​ក្រោយ​ពេល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ទុក​ពេល​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​លើ​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម​រើ​ចេញ​ក្នុង​ពេល​មួយ​សប្តាហ៍។

វិធាន​ការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាជន​កម្ពុជា​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ព្រោះ​វា​ប៉ះពាល់​បរិស្ថានធ្វើ​ឲ្យ​ទឹក​កខ្វក់។​

ទោះជា​យ៉ាងណា​វិធាន​ការ​នេះ​ប្រឈម​នឹង​ប្រតិកម្ម​ពី​ជនជាតិ​វៀតណាម​និង​ឯកអគ្គរដ្ឋទូត​វៀតណាម​នៅ​កម្ពុជា​ដែល​សុំ​ឲ្យ​ជួយ​រកដំ​ណោះស្រាយ​សម្រាប់​ការ​រស់​នៅ​របស់​ពួកគេ៕

XS
SM
MD
LG