ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ CPJ ថ្កោលទោស​ការ​វាយ​ប្រហារ និង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ដែល​យក​ព័ត៌មាន​អំពី​ការ​តវ៉ា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក


សន្ដិសុខ​ការពារ​ម្នាក់​ដើរ​ពី​ក្រោយ​កញ្ចក់​ដែល​ស្រាំ​នៅ​អគារ​បណ្ដាញ​ព័ត៌មាន CNN ក្រោយ​ពី​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​ប៉ូលិស​ដ៏​ហិង្សា​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia។
សន្ដិសុខ​ការពារ​ម្នាក់​ដើរ​ពី​ក្រោយ​កញ្ចក់​ដែល​ស្រាំ​នៅ​អគារ​បណ្ដាញ​ព័ត៌មាន CNN ក្រោយ​ពី​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​ប៉ូលិស​ដ៏​ហិង្សា​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ គណៈកម្មាធិការ​ដើម្បី​ការពារ​អ្នក​កាសែត (Committee to Protect Journalists) ដែល​ហៅ​កាត់​ថា CPJ នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​នានា​ដែល​ប៉ូលិស និង​អ្នក​តវ៉ា​បាន​ធ្វើ​ចំពោះ​អ្នក​កាសែត​ដែល​យក​ព័ត៌មាន​អំពី​ការ​តវ៉ា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

ការ​តវ៉ា​ទាំង​នេះ​បាន​ផ្ទុះ​ឡើង​បន្ទាប់ពី​លោក George Floyd ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក បាន​ស្លាប់​កាល​ពី​ថ្ងៃ​ច័ន្ទ ក្រោយ​ពី​ប៉ូលិស​ស្បែក​ស​ម្នាក់​សង្កត់​ជង្គង់​ពី​លើ​ក​របស់​លោក​អស់​ជាង ៨ នាទី នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota។

នាយក​កម្មវិធី​នៃ​អង្គការ CPJ លោក Carlos Martinez de la Serna បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «ការ​វាយ​ប្រហារ​សំដៅ​លើ​អ្នក​កាសែត បុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​ព័ត៌មាន​នានា​ដែល​យក​ព័ត៌មាន​អំពី​ការ​តវ៉ា​ទាំង​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​មិន​គោរព​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​អ្នក​ទាំង​នោះ​នៅ​ក្នុង​ការ​កត់ត្រា​នូវ​បញ្ហា​នានា​ដើម្បី​ជា​ប្រយោជន៍​ដល់​សាធារណជន និង​គឺ​ជា​ការ​ប៉ុនប៉ង​គំរាមកំហែង​ដល់​ពួកគេ​ដែល​មិន​អាច​ទទួល​យក​បាន»។

អង្គការ CPJ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស​ឲ្យ «ណែនាំ​ប៉ូលិស​កុំ​ឲ្យ​វាយ​ប្រហារ​លើ​អ្នក​កាសែត និង​ធានា​ថា អ្នក​កាសែត​អាច​រាយការណ៍​ព័ត៌មាន​ប្រកប​ដោយ​សុវត្ថិភាព​អំពី​ការ​តវ៉ា​ទាំង​នេះ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ថា​នឹង​រង​របួស ឬ​ក៏​រង​ការ​សងសឹក​ណា​មួយ»។

ស្រប​ពេល​នោះ​ដែរ អង្គការ​នេះ​កំពុង​ស៊ើប​អង្កេត​លើ​ការ​រាយការណ៍​នានា​អំពី​ការ​វាយ​ប្រហារ​លើ​អ្នក​កាសែត និង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ដែល​យក​ព័ត៌មាន​អំពី​ភាព​ចលាចល​នៅ​ក្នុង​ទីក្រុង Atlanta នៃ​រដ្ឋ Georgia ទីក្រុង Las Vegas នៃ​រដ្ឋ Nevada ទីក្រុង Louisville នៃ​រដ្ឋ Kentucky និង​រដ្ឋធានី​វ៉ាស៊ីនតោន៕

XS
SM
MD
LG