បុរសម្នាក់ត្រូវបានគេបាញ់ស្លាប់ ក្នុងយប់ទី២ នៃបាតុកម្មដែលក្លាយជាហិង្សាមួយ នៅក្នុងទីក្រុង Minneapolis នៅរដ្ឋ Minnesota ភាគកណ្តាលសហរដ្ឋអាមេរិក ដោយសាររឿងការស្លាប់របស់ពលរដ្ឋអាមេរិកស្បែកខ្មៅម្នាក់ ដោយសារមន្ត្រីប៉ូលិស។
មន្ត្រីប៉ូលិសនិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុដែលនាំឲ្យមានការបាញ់សម្លាប់នេះ។
រូបភាពផ្សាយផ្ទាល់តាមទូរទស្សន៍បង្ហាញពីការប៉ះទង្គិចគ្នារវាងប៉ូលិសនិងបាតុករ និងហើយក្រុមប៉ូលិសនិងមន្ត្រីពន្លត់អគ្គីភ័យបានទៅដល់ហាងមួយ ដែលត្រូវបានគេដុតនិងវាយកម្ទេចចូល។ អគារជាច្រើននៅឆេះនៅឡើង ត្រឹមព្រឹកថ្ងៃព្រហស្បតិ៍។
អភិបាលក្រុង Minneapolis បានអំពាវនាវ កាលពីថ្ងៃព្រហស្បតិ៍ ឲ្យមានការបញ្ឈប់អំពើហិង្សា និងការស្តារស្ថេរភាពសាធារណៈឡើងវិញ។
កំហឹងបានផ្ទុះឡើងចំពោះដំណឹងនៃការស្លាប់ កាលពីថ្ងៃច័ន្ទ របស់លោក George Floyd អាយុ៤៦ ឆ្នាំ ក្រោយពីលោកត្រូវប៉ូលិសចាប់ខ្លួនដោយសង្ស័យអំពីករណីក្លែងបន្លំ។
ប៉ុន្តែវីដេអូក្នុងទូរស័ព្ទបានបង្ហាញថា ប៉ូលិសស្បែកសម្នាក់សង្កត់លោក Floyd ដែលជាប់ខ្នោះស្រាប់ឲ្យផ្អឹបនឹងដី ហើយគេអាចឮលោកស្រែកថា «ខ្ញុំមិនអាចដងដង្ហើមបានទេ» ប៉ុន្តែមន្ត្រីប៉ូលិសនោះបន្តសង្កត់លោកទៀតរហូតលោកលែងមានចលនា។ លោក Floyd ត្រូវបានបញ្ជូនទៅពេទ្យ និងប្រកាសថាបានស្លាប់៕