ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ជិត​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក


បាតុកម្ម​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ជិត​សេតវិមាន​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែឧសភា​ នៅ​ពេល​ដែល​បាតុករ​តវ៉ា​ចំពោះ​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​បុរស​ជនជាតិ​ស្បែកខ្មៅ។

អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​កាល​ពី​ពាក់​កណ្ដាល​យប់​ថ្ងៃ​សៅរ៍​នៅ​ប្រហែល​ជា​ពីរ​ប្លុក​ពី​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ស្រប​ពេល​ដែល​ប៉ូលិស​ការពារ​ឧទ្យាន អង្គរក្ស​ការពារ​ប្រធានាធិបតី និង​ទាហាន​បម្រុង​ថ្នាក់​ជាតិ បាន​ការពារ​បរិវេណ​ជុំវិញ​ទីលាន Lafayette Square។

ប៉ូលិស​បាន​ប្រើ​ទឹក​បាញ់​ឲ្យ​ក្រហាយ​ភ្នែក​ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា​រាប់​រយ​នាក់ ហើយ​គេ​ឃើញ​មាន​មនុស្ស​មួយ​ចំនួន​បាន​វាយ​កម្ទេច​បង្អួច​មូលនិធិ និង​វិទ្យាស្ថាន​ប្រធានាធិបតី Ronald Reagan នៅ​ក្នុង​ប្លុក​លេខ ១៤០០ នៃ​ដង​វិធី Pennsylvania ហើយ​សាខា​ធនាគារ PNC មួយ​កន្លែង​ត្រូវ​បាន​បំផ្លាញ។

ក្រុម​អ្នក​លួច​មួយ​ចំនួន​បាន​ដុត​ភ្លើង​នៅ​ក្នុង​ភោជនីយដ្ឋាន ២ កន្លែង នៅ​ផ្លូវ​ទល់មុខ​នឹង​សមាគម​ប្រវត្តិសាស្ត្រ​សេតវិមាន​ជិត​ទីលាន Lafayette Square ហើយ​រន្ទា​សំណង់​ច្រើន​ជាន់​ក៏​ត្រូវ​បាន​គេ​ដុត​បំផ្លាញ​ផង​ដែរ​ នៅ​ផ្នែក​នៃ​អគារ​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ដែល​កំពុង​សាងសង់​នៅ​ក្បែរ​នោះ។

រថយន្ត​មួយ​ចំនួន​ដែល​ចត​នៅ​តាម​ផ្លូវ​ក្បែរ​នោះ​ក៏​ត្រូវ​បាន​វាយ​កម្ទេច និង​ដុត​បំផ្លាញ​ផង​ដែរ។

ទិដ្ឋភាព​បែប​នេះ​ដែល​បាន​កើត​ឡើង​នៅ​កណ្ដាល​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ឈាន​ចូល​ថ្ងៃ​អាទិត្យ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ព្រឹត្តិការណ៍​តវ៉ា​នានា​ដែល​បាន​កើត​ឡើង​នៅ​តាម​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​កាល​ពី​មុន។

ភាព​ចលាចល​ទាំង​នេះ​បាន​កើត​ឡើង ក្រោយ​ពី​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី​នៅ​ទូទាំង​ប្រទេស ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក George Floyd អាយុ ៤៦ ឆ្នាំ ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក បាន​ស្លាប់ ​ក្រោយ​ពី​ប៉ូលិស​ស្បែក​ស​ម្នាក់​សង្កត់​ជង្គង់​ពី​លើ​ក​របស់​លោក​អស់​ជាង ៨ នាទី នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG