ការរីកចម្រើនខ្លាំងនៃវិស័យបច្ចេកវិទ្យាព័ត៌មាន ICT និងភាពងាយស្រួលក្នុងការប្រើប្រាស់បច្ចេវិទ្យាអ៊ីនធឺណិតក្នុងវិស័យពាណិជ្ជកម្មបានជំរុញឲ្យមានការកើនឡើងនូវការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតតូចថ្មីដែលភាសាអង់គ្លេសហៅថា tech startup។ នៅប្រទេសកម្ពុជា យុវជនខ្មែរក៏កាន់តែមានឱកាសច្រើនជាងមុនក្នុងការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាថ្មី (tech start-up) ទាំងនេះ បើទោះបីក្នុងពេលបច្ចុប្បន្ននេះ ពួកគាត់នៅមានការប្រឈមខ្លះក៏ដោយ។ នេះបើតាមការអះអាងរបស់លោក ខៀវ សុខមេសា មន្ត្រីជាន់ខ្ពស់ផ្នែកសរសេរកម្មវិធី software កុំព្យូទ័រនៅក្រុមហ៊ុនបច្ចេកវិទ្យា InSTEDD iLab ក្នុងរាជធានីភ្នំពេញ។
លោក ខៀវ សុខមេសា ថ្លែងនៅក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃច័ន្ទសប្តាហ៍មុនថាឱកាសពាណិជ្ជកម្មតាមអ៊ីនធឺណិតបាននាំឲ្យយុវជនខ្លះផ្លាស់ប្តូរឥរិយាបទចំពោះការងារមកបើកជាក្រុមហ៊ុន startup ផ្ទាល់ខ្លួនវិញ៖
«តាមរយៈការសង្កេតរបស់ខ្ញុំ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនយើងហាក់បីដូចជាមានគំនិតក្នុងការប្រកួតប្រជែងជំនួញជាជាងចំណាយពេលវេលាដើម្បីធ្វើការឲ្យក្រុមហ៊ុនគេផ្សេង»។
ក្រុមហ៊ុន startup ដែលជាក្រុមហ៊ុនបង្កើតថ្មីដែលមានលក្ខណៈច្នៃប្រឌិត (innovation) បង្កើតនូវផលិតផលថ្មីមួយដែលអាចជួយផ្តល់ដំណោះស្រាយអ្វីមួយដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុនថ្មីបែបនេះច្រើនមាននៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ដោយប្រើបច្ចេកវិទ្យាទំនើបដើម្បីសម្រួលការស្វែងរកព័ត៌មាន សម្រួលមធ្យោបាយទំនាក់ទំនង ឬសម្រួលការទូទាត់ប្រាក់តាមអ៊ីនធឺណិតជាដើម។ តំបន់មានក្រុមហ៊ុនបែបនេះដែលគេស្គាល់ជាពិសេសគឺតំបន់ Silicon Valley នៅសហរដ្ឋអាមេរិក ដែលមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google, Facebook និង Apple ជាដើម ដែលក្រុមហ៊ុនទាំងនេះមានប្រវត្តិដំបូងជាក្រុមហ៊ុនបង្កើតថ្មី tech startup។ ការបង្កើត startup ដែលប្រើបច្ចេកវិទ្យាមានភាពងាយស្រួលជាងការបង្កើតក្រុមហ៊ុនមិនប្រើបច្ចេវិទ្យា (ឧទាហរណ៍ដូចជាភោជនីយដ្ឋាន) ដោយសារត្រូវចំណាយទុនតិច ហើយអាចបានកម្រៃច្រើន និងអាចមានការពង្រីកក្រុមហ៊ុនយ៉ាងឆាប់រហ័ស។
ទោះបីការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះមានការកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ក៏កាលពី៣ឆ្នាំមុនមិនវិស័យនេះមិនទាន់អំណោយផលដល់ startup ដូចសព្វថ្ងៃនេះ។ កាលពី៣ឆ្នាំមុន គឺឆ្នាំ២០១៣ លោក ខៀវ សុខមេសា ធ្លាប់បានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា startup មួួយដែលលក់ប័ណ្ណបញ្ចុះតម្លៃតាមអ៊ីនធឺណិតសម្រាប់ការបរិភោគនៅតាមភោជនីយដ្ឋាន។ ប៉ុន្តែលោករៀបរាប់ថា ក្រុមហ៊ុននេះបានបរាជ័យទៅវិញ មួយផ្នែកដោយសារ ផលិតផលថ្មីនេះមានរួចហើយនៅទីផ្សារកម្ពុជា និងដោយសារកង្វះធនធានមនុស្ស។
លោក សុខមេសា អះអាងថា ស្ថានភាពនៅកម្ពុជាមានការប្រែប្រួលច្រើន ដោយសារមានអ្នកប្រើប្រាស់អ៊ីនធឺណិតកាន់តែច្រើនជាងមុនរហូតដល់៦លាននាក់។លោកថា ទំហំអ្នកប្រើប្រាស់បានធ្វើឲ្យប្រជាជនមានការជ្រួតជ្រាបអំពីបច្ចេកវិទ្យាព័ត៌មាន និងផ្លាស់ប្តូរឥរិយាបទ ជាពិសេស យុវជនមានគំនិតធ្វើការខាងពាណិជ្ជកម្ម ហើ់យ អ្នកប្រើប្រាស់ទុកចិត្តចាប់ផ្តើមទុកចិត្តសេវាពាណិជ្ជកម្មលើអ៊ីនធីណិត (e-commerce) ដែលលើកទឹកចិត្តពីរដ្ឋាភិបាលផងដែរ។
លោក សុខមេសា ពន្យល់ថា៖
«កាលពីមុន ប្រជាពលរដ្ឋយើងហាក់បីដូចជាអត់ទាន់មានអារម្មណ៍ទុកចិត្តទៅលើសេវាកម្មនៅលើអ៊ីនធឺណិតហ្នឹងទេ ក៏ប៉ុន្តែរយៈពេលបីឆ្នាំមកនេះ វាបានផ្លាស់ប្តូរជាច្រើននូវផ្នត់គំនិតរបស់អ្នកប្រើប្រាស់ឲ្យចាប់ផ្តើមទុកចិត្តបន្តិចម្តងៗទៅលើប្រព័ន្ធអ៊ីនធឺណិត ការទូទាត់សាច់ប្រាក់ ឬការប្រើប្រាស់នូវសេវាកម្មណាមួយនៅលើបណ្តាញអ៊ីនធឺណិតហ្នឹង។»
លោកពន្យល់ប្រាប់ VOA ថា បណ្តាញសង្គមបានដើរតួនាទីសំខាន់ក្នុងការបើក e-commerce និងជំរុញគំនិតពាណិជ្ជកម្ម៖
«ជាក់ស្តែង ខ្ញុំបានឃើញនូវការលក់ផលិតផលអនឡាញ (online/តាមអ៊ីនធឺណិត) មួយចំនួននៅតាមហ្វេសប៊ុក។ គាត់មាន friends (មិត្តភក្តិ)គាត់ច្រើនអញ្ចឹងទៅ គាត់យកផលិតផលពីណាមកគាត់ផូស(ផ្សាយ)ទៅ គាត់ចាប់ផ្តើមលក់។ អាហ្នឹងវាជាសញ្ញាមួយនៃការផ្លាស់ប្តូរផ្នត់គំនិតរបស់យុវជន តាមរយៈការលក់ផលិតផលនៅលើ store (ហាង)ខាងក្រៅមកជា[តាមអ៊ីនធឺណិត]។»
ឆ្លើយតបនឹងសំណួររបស់លោក ស៊ុន ធន ពីខេត្តកំពុងធំ ដែលថា តើមានវិធីណាអាចចែករំលែកចំណេះដឹងខាងបច្ចេកវិទ្យានិងពាណិជ្ជកម្មនេះជាពិសេសដល់យុវជននៅតាមខេត្ត លោក ខៀវ សុខមេសា ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» ថា ការចែករំលែកជំនាញរបស់យុវជនខ្មែរកំពុងមានរួចហើយ ជាពិសេសតាមកម្មវិធីបច្ចេកវិទ្យា ដូចជា Barcamp ដែលមាននៅតាមខេត្តធំៗមួយចំនួន។
បច្ចុប្បន្ននេះមានកន្លែងធ្វើការខាងបង្កើតក្រុមហ៊ុន startup ដែលគេហៅថា incubator ឬ hub (មជ្ឈមណ្ឌល) ដូចជា Emerald Hub, Small World, Impact Hub, Co-Lab Cambodia, 1961 Co-Working Space, និង Angkor Hub (សៀមរាប)។
ប៉ុន្តែដូចការបង្កើតក្រុមហ៊ុន startup ទូទៅដែរ គឺមានការប្រឈមនិងការប្រថុយប្រថានជាច្រើន ដូចដែលលោក ខៀវ សុខមេសា បានជួបប្រទះដោយខ្លួនឯងស្រាប់កាលពី៣ឆ្នាំមុន។
លោក ខៀវ សុខមេសា ថ្លែងថា លោករីករាយ ដែលបច្ចុប្បន្ននេះ មានការលើកទឹកចិត្តជាទូទៅរបស់ស្ថាប័នមានសមត្ថកិច្ច ដូចជាតាមកម្មវិធី MOC101 Incubator របស់ក្រសួងពាណិជ្ជកម្ម ប៉ុន្តែអតីតសហគ្រិន startup រូបនេះ បានអំពាវនាវឲ្យមានការជួយជ្រោមជ្រែងផ្នែកថវិកាបន្ថែមទៀត។
«ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងមាននូវប្រាក់ទុនបន្ថែម សម្រាប់ជួយដល់ startups ផ្សេងទៀត។ Startup មួយដំណើរការបានត្រូវការនូវថវិកាមួយចំនួនដើម្បីឲ្យដំណើរការ startup នោះចប់ចុងចប់ដើម រហូតចេញជាផលិតផលមួយដែលអាចប្រើប្រាស់បាន។»