វិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ (high-tech) របស់សហរដ្ឋអាមេរិកភាគច្រើនស្ថិតនៅក្នុងតំបន់ Silicon Valley របស់រដ្ឋកាលីហ្វ័រញ៉ា (Califonia) ដែលជាតំបន់លាតសន្ធឹងតាមបណ្តោយឈូងសមុទ្ររបស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ដែលជាកន្លែងមានក្រុមហ៊ុនល្បីៗដូចជា Google Apple និងមហាក្រុមហ៊ុនឧស្សាហកម្មផ្សេងទៀតស្ថិតនៅ។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ថ្មីថ្មោង (tech start-ups) ក៏អាចត្រូវបានគេប្រទះឃើញនៅភាគខាងត្បូងក្នុងរដ្ឋនេះផងដែរ ជាក់ស្តែងគឺស្ថិតនៅក្នុងនិងនៅជុំវិញទីក្រុងឡូសអេនជឺឡែស (Los Angeles)។ តំបន់ឆ្នេរ «Silicon Beach» ដែលជាគូប្រជែងលេចធ្លោទៅនឹងតំបន់ Silicon Valley ដែលជាតំបន់ធំជាងខាងផ្នែកការបង្កើតអាជីវកម្មខាងបច្ចេកវិទ្យាថ្មីៗ។
ក្រុមហ៊ុន VNTANA ដែលចេញពីពាក្យអេស្ប៉ាញដែលមានន័យថា «បង្អួច» ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ថ្មីៗជាច្រើនដែលបង្កើតឡើងនៅជិតទីក្រុងLos Angeles។ ក្រុមហ៊ុននេះមានមូលដ្ឋាននៅក្នុងសហគមន៍ជាប់មាត់សមុទ្រ Santa Monica និងបានបង្កើតហូលូក្រាម(holograms) ដែលជារូបភាពមានបីវិមាត្រ ឬគេស្គាល់ថា 3D សម្រាប់ការអប់រំ ទីផ្សារនិងការកម្សាន្ត។
អ្នកស្រីវិស្វ័ករ Ashley Crowder ជាសហស្ថាបនិកក្រុមហ៊ុន VNTANA នេះឡើង បាននិយាយថា៖ «គេត្រូវការចំណាយពេលវេលាតិចជាងមួយម៉ោងនិងមនុស្សពីរនាក់ប៉ុណ្ណោះក្នុងការតំឡើងអេក្រង់មួយ ហើយវាអាចត្រូវនាំចេញទៅគ្រប់ទីកន្លែងក្នុងពិភពលោក»។
ប្រព័ន្ធនេះអនុញ្ញាតឲ្យមានការបង្ហាញរូបរាងដោយផ្ទាល់ពីចម្ងាយ និងការប្រគុំតន្ត្រីដែលមានលក្ខណៈជាក់ស្តែង។ វាគឺជាឧបករណ៍ដែលមានបង្ហាញចលនា ហើយអ្នកប្រើប្រាស់អាចបញ្ជារូបភាព ដែលបានបញ្ចាំងនៅលើអេក្រង់ដោយប្រើកាយវិការ។ លោក Ben Conway ជាសហស្ថាបនិកមួយរូបទៀតរបស់ក្រុមហ៊ុនបានបង្ហាញដោយប្រើរូបតំណាងដូចរូបថ្លុកនៅលើអេក្រង់កញ្ចក់មួយ។ នៅពេលដែលគាត់បានធ្វើចលនាដៃនិងជើងរបស់គាត់ រូបថ្លុកតំណាងនោះបានធ្វើតាមគាត់។
លោកបានលើកឡើងថា ក្រុមហ៊ុន VNTANA ក៏ដូចក្រុមហ៊ុនដទៃទៀតជាច្រើននៅតំបន់ឆ្នេរ Silicon Beach បានទាញយកអត្ថប្រយោជន៍ពីការនៅក្បែរតំបន់ឧស្សាហកម្មភាពយន្តហូលីវូដ។
លោកបានបន្តថា៖ «យើងផ្តោតលើការកម្សាន្ដនិងខ្លឹមសារទាក់ទងនឹងសិល្បៈនិងការកម្សាន្ត។ ហើយនោះជាអ្វីដែលសហគមន៍វិស័យសិល្បៈនិងការកម្សាន្តពិតជាបានយល់យ៉ាងច្បាស់»។
តំបន់ Silicon Valley នៅសាន់ហ្វ្រាន់ស៊ីស្កូបានតម្រង់ទិសទៅរកបច្ចេកវិទ្យា ខណៈដែលតំបន់ឆ្នេរSilicon Beach ផ្តោតលើការសិល្បៈនិងការកម្សាន្តវិញ។
ប៉ុន្តែវិស័យនេះគឺមានលក្ខណៈចម្រុះ។ ការជួបប្រជុំគ្នាថ្មីមួយនៃក្រុមហ៊ុនទើបតែបង្កើតថ្មីនៅទីក្រុង Los Angeles ដែលត្រូវរៀបចំដោយក្រុម Town Hall Los Angeles បានរួមបញ្ចូលលោក Matthew Goldmanផងដែរ ដែលជាស្ថាបនិកនៃក្រុមហ៊ុនហិរញ្ញវត្ថុ Wallaby Financial ដែលបានផ្តល់ដំបូន្មានដល់អ្នកប្រើប្រាស់លើកាតឥណទានមួយណាដែលពួកគេគួរប្រើ។
លោកបានថ្លែងថា៖ «យើងបានជួយឲ្យអ្នកប្រើប្រាស់សន្សំលុយ ទទួលបានរង្វាន់ ហើយនិងជៀសវាងការប្រាក់។ អ្វីក៏ដោយដែលពួកគេត្រូវការធ្វើ ដោយយើងជួយពួកគេតាមរយៈការផ្តល់នូវអនុសាសន៍ដ៏ឆ្លាតវៃអំពីរបៀបប្រើប្រាស់កាតឥណទានរបស់ពួកគេជារៀងរាល់ថ្ងៃ»។
លោកបានបន្តថាកម្មវិធី app នេះបានដំណើរការលើទូរស័ព្ទដៃទំនើបរបស់ពួកគេ។
«ដំបូងទូរស័ព្ទរបស់ពួកគេកំណត់ទីតាំងពួកគេ ហើយវាទាក់ទងជាមួយម៉ាស៊ីនមេរបស់យើងដែលផ្តល់អនុសាសន៍ទាំងនេះនិងធ្វើការគណនា បន្ទាប់មកវានឹងបញ្ជូនលទ្ធផលត្រឡប់ទៅកាន់ទូរស័ព្ទរបស់ពួកគេវិញនៅក្នុងរយៈពេលខ្លីនិងភ្លាមៗបំផុត»។
វិស័យបច្ចេកវិទ្យារបស់ទីក្រុង Los Angeles បានលាតសន្ធឹងចាប់តាំងពីកណ្តាលក្រុងរហូតទៅដល់តំបន់ឆ្នេរ និងទៅដល់សង្កាត់ជាយក្រុងផងដែរ។ ក្រុមអ្នកវិភាគបាននិយាយថា ទំហំរបស់វាគឺពិបាកក្នុងការវាស់វែង ដោយសារតែបច្ចេកវិទ្យាបានជ្រាបចូលក្នុងវិស័យជាច្រើនរបស់ទីក្រុង Los Angeles។ ប៉ុន្តែអ្វីដែលប្រាកដនោះគឺថា តំបន់ឆ្នេរ Silicon Beach បានកំពុងក្លាយជាកន្លែងចាប់ផ្តើមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីថ្មោងរាប់រយ ហើយវាបាននឹងកំពុងកើនឡើងជាលំដាប់៕
ប្រែសម្រួលដោយ ហង្ស វុទិ្ធកា