ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្ត្រ​ពីរ​រូប​ដែល​រង​របួស​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ជនល្មើស​


លោក ​​គង់ សភា ​និង​លោក​ ញ៉យ​ ចំរើន​ ទទួល​ការ​ព្យាបាល​នៅ​បាងកក។ (ហ៊ុល រស្មី/VOA)
លោក ​​គង់ សភា ​និង​លោក​ ញ៉យ​ ចំរើន​ ទទួល​ការ​ព្យាបាល​នៅ​បាងកក។ (ហ៊ុល រស្មី/VOA)

​លោក ​​គង់ សភា ​និង​លោក​ ញ៉យ​ ចំរើន​ បាន​ប្តឹង​ក្រុម​បាតុករ​​ពី​បទ​ប៉ុនប៉ង​ឃាត​កម្ម និង​គិត​ទុក​ជា​មុន​ និង​ទាមទារ​ឲ្យ​មាន​ការ​សង​ថ្លៃ​ខូច​ខាត​ពី​ជន​ល្មើស​ក្នុង​ម្នាក់​​មួយ​រយ​លាន​រៀល​ផង​ដែរ។

តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​ជំទាស់​ ​ដែល​ត្រូវ​បាន​ជន​មួយ​ក្រុមធ្វើ​ការ​វាយ​ប្រហារ​ កាល​ពី​ខែ​កន្លង​ទៅ​ ​បាន​សម្រេច​ចិត្តដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការ​ពី​បទ ​«ប៉ុនប៉ង​ឃាត​កម្មគិតទុក​ជា​មុន​និង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់​ទោស» បន្ទាប់​ពី​ពួក​ខ្លួនយល់​ថា ​ការ​ចោទ​ប្រកាន់​របស់តុលាការ​លើ​ជន​ល្មើស​មាន​ការ​សម្រាស​ទោស​ ដែល​មិន​អាច​ទទួល​យក​បាន។

យោង​តាម​ច្បាប់​ចម្លង​នៃ​ពាក្យ​បណ្តឹង​ពីររបស់​តំណាងរាស្ត្រ​បញ្ជូន ដែល​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ ​ហើយ​ដែល​ VOA​ ទទួល​បាន​នោះ​បាន​ឲ្យ​ដឹង​ថា ​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​គឺ​លោក គង់ សភា ​និង​លោក​ ញ៉យ​ ចំរើន​ បាន​ប្តឹង​ក្រុម​បាតុករពី​បទ​ប៉ុនប៉ង​ឃាត​កម្ម និង​គិត​ទុក​ជា​មុន​ និង​ទាមទារ​ឲ្យ​មាន​ការ​សង​ថ្លៃ​ខូច​ខាត​ពី​ជន​ល្មើស​ក្នុង​ម្នាក់មួយ​រយ​លាន​រៀល​ផង​ដែរ។ ​ច្បាប់​ចម្លង​ពាក្យ​បណ្តឹង​ទាំង​ពីរ​ដែល​មាន​ខ្លឹមសារ​ដូចគ្នា​នេះ​ បានឲ្យ​ដឹង​ទៀត​ថា​ តំណាង​រាស្ត្រ​ទាំង​ពីរបាន​លើក​ហេតុ​ផល​ថា​ ​ក្រុម​បាតុករចំនួន​ច្រើន​ដែល​គេ​ជឿ​ថា ​នៅ​សេស​សល់​ពី​ការ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​លោក កឹម សុខា​ អនុ​ប្រធាន​គណបក្ស​ជំទាស់ នា​ថ្ងៃ​ទី២៦ខែ​តុលា​កន្លង​ទៅនេះ​ បាន​ធ្វើ​ការ​ឡោម​ព័ទ្ធ​ឡាន​របស់​ពួក​លោក​ និង​ធ្វើការ​វាយ​ដំ​ ​ដែល​បណ្តា​ឲ្យ​លោក​ទាំង​ពីរ​រង​របួស​ធ្ងន់​ធ្ងរ។​

ពាក្យ​បណ្តឹងដែល ​VOA បាន​ទទួល​នេះ ​បាន​សរសេរ​ថា៖​ «អំពើ​របស់​ក្រុម​បាតុករនោះគឺ​ជា​ការ​ប៉ុនប៉ង​វាយ​សម្លាប់រូប​ខ្ញុំ។​ ​ដោយ​សារ​តែ​មាន​អ្នក​សារព័ត៌មាន ​និង​ប្រជា​ពល​រដ្ឋជួយ​ឃាត់​ប្រាកដ​ជា​ពួក​បាតុករទាំង​ ​នោះ​វាយ​សម្លាប់​ខ្ញុំ​ជា​ប្រាកដ»។​

កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​សប្តាហ៍​កន្លង​ទៅ​ ​ជន​ល្មើសបីរូប​ដែល​មាន​ឈ្មោះ​ម៉ៅ ហឿន​ អាយុ​៣៤​ឆ្នាំ​ មក​ពី​ខេត្ត​ព្រៃវែង​ ​ចាយ សារិទ្ធ អាយុ​៣៣ឆ្នាំ​ ​និង ​សុត វណ្ណនី ​អាយុ​៤៥​ឆ្នាំ រស់​នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ ​បាន​ស្ម័គ​ចិត្ត​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ហើយ​បានអះអាង​ថា ​ពួក​ខ្លួន​ជា​អ្នកបង្ក​របួស​ស្នាម​ដល់​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

មួយ​ថ្ងៃ​ក្រោយ​មក តុលាការ​ក្រុង​ភ្នំពេញបាន​សម្រេច​ឃុំ​ខ្លួន​ជន​បី​រូប​នោះ​ជា​បណ្តោះ​អាសន្ន​ ​និង​ចោទ​ពី​បទ​«អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​និង​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បតិ្ត​ដោយ​មាន​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស»។​

តាម​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា​ ​បើ​សិន​តុលាការ​រក​ឃើញ​ថា​ មាន​ទោស​នោះ​ ​ជន​ទាំង​បី​រូប​នេះ​អាច​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​យ៉ាង​ហោចណាស់​៧​ឆ្នាំ​ម្នាក់ៗ ​ដែល​ជា​ទោស​ស្រាល​ជាង​អ្វី​ដែល​តំណាង​រាស្ត្រ​កំពុងតែ​ប្តឹង​នោះ។​

ពេល​កំពុង​ស្នាក់​ព្យា​បាល​របួសនៅ​ទី​ក្រុង​បាងកក​ជាមួយលោក​គង់ សភា​នោះ​ ​ លោក​តំណាង​រាស្ត្រ ញ៉យ​ ចំរើន ​ថ្លែង​ប្រាប់ ​VOA​ តាម​រយៈ​ទូរស័ព្ទថា ​លោក​មិន​យល់​ស្រប​តាម​កម្រិតចោទ​ប្រកាន់​ដែលតុលាការ​ក្រុង​ភ្នំពេញនោះ​ចោទ​ជន​ទាំងបី​នាក់​នោះ​ទេ​ ​ព្រោះ​លោក​យល់​ថា ​ការ​ចោទ​ប្រកាន់​នេះ​មាន​ការ​សម្រាល​ទោស ហើយ​លោក​បាន​សម្រេច​ចិត្ត​ផ្ទេរ​សិទ្ធិ​ក្នុង​ការ​ប្តឹង​នេះ​ទៅ​ឲ្យ​មេធាវី​របស់​លោក។

«អឺ​ ខ្ញុំ​ដូច​ជា​ទទួល​យក​មិន​បាន​ទេ។​ ក៏​ប៉ុន្តែ​កិច្ចការ​ទំាង​អស់​ហ្នឹង​ ​ខ្ញុំ​ប្រគល់​ទុក​ជូន​លោក​មេធាវី​ចុះ​បាទ»។​

លោក ជួង ជូងី​ ​មេធាវី​តំណាង​ឲ្យក្រុម​តំណាង​រាស្ត្រ បាន​ឲ្យ​ដឹង​ថា​ តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​គង់ សភា​ និង​លោក ​ញ៉យ ចំរើន បាន​ដាក់​ពាក្យ​បណ្តឹង​កាល​ពី​ថ្ងៃ​អង្គារ​មិ្សលមិញ​នេះ​ ​ដើម្បី​ឲ្យ​តុលាការ​រក​យុត្តិធម៌​ដល់​រូប​ខ្លួន​ ហើយ​រង់ចាំ​សេចក្តី​ម្រេច​ពី​តុលាការ។​

ក៏​ប៉ុន្តែ​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«និយាយ​រួម​បណ្តឹង​នេះ​គឺ​អត់​មាន​ចង្អុល​លើ​បុគ្គល​មួយ​ណា​នោះ​ទេ​ ​អាស្រ័យ​ទៅ​លើ​សមត្ថកិច្ច​ ​គេ​ស្រាវជ្រាវ​រកឃើញ​ជន​មួយ​ណា​ ​យក​អ្នក​នោះ​មក​ដាក់​ទោស​ទៅ​ អញ្ចឹង​ណា៎។​ ហើយ​គ្រាន់​តែ​ថា ​តាម​ការ​បំភ្លឺ​ ​ឬ​ក៏​តាម​ការកត់​សម្គាល់គឺ​ក្រុម​បាតុកម្ម​នឹង​ហើយ​ដែល​ជា​អ្នក​ធ្វើ​ ឬ​ជាអ្នក​ប្រព្រឹត្ត​អំពើ​ហ្នឹង។​ ​ចំពោះ​ការណ៍​ពិត​យ៉ាង​ណា​ ​ថា​ ​បុគ្គល​ណា​ ​អី​យ៉ាង​ម៉េចគឺ​សមត្ថកិច្ច​គាត់​ស្រាវ​ជ្រាវ​ទៅ​គឺ​ពេល​ហ្នឹង​ឃើញ​ហើយ»។​

បទ​សម្ភាសន៍ VOA ជាមួយ​តំណាងរាស្ត្រ​ទាំង​ពីរ​រូប​ក្នុង​ពេល​កន្លង​មក៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ព្យាយាម​ការពារ​ក្រុម​បាតុករ​គាំទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​ដោយ​លោក​ថ្លែង​ថា​ ក្រុម​ដែល​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​ពីរ​រូប​នោះ​គឺ​មិន​មែន​ចេញ​ពី​បាតុករ​ដែល​ធ្វើ​ការ​តវ៉ា​សុំឲ្យ​មាន​ការ​ដកលោក​កឹម សុខា​ចេញ​ពី​តំណែងអនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​នោះ​ទេ។​ ​លោក​និយាយ​ថា ​ពួកគេ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​នោះគឺ​ដោយ​សារ​តែ​តំណាង​រាស្ត្រជេរ​ក្រុមជន​បិទ​មុខ​ទាំង​នោះ​ថា​ជា​«អា​យ៉ង​យួន»។​ ភ្លាមៗ​នោះ​ដែរ​ ​លោក​គង់ សភា ​និង​លោក ញ៉យ ចំរើន ក៏បាន​បដិសេធ​ការការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន។​

​វីដេអូដែល​គេ​ចែក​ចាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ បាន​បង្ហាញ​ថា ​ក្រុម​ជន​បិទ​មុខ​មួយ​ក្រុមបាន​ស្ទាក់​រថ​យន្ត ​និង​ទាញ​តំណាង​រាស្ត្រ​ចេញ​ពី​រថយន្ត​ ​មុន​ពេល​ធ្វើ​ការ​វាយ ​ទាត់​ធាក់​ ​លោក​ទាំង​ពីរ ​ដោយ​មិន​មាន​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​សមត្ថ​កិច្ច​នោះ​ទេ។​ ​គេ​ជឿថា​ ក្រុម​ជន​សង្ស័យ​ទាំង​នោះ​អាច​មាន​គ្នា​លើស​ពី​បី​នាក់ ដែល​ចេញ​ពី​ក្រុម​បាតុករ​ដែល​នៅ​សេស​សល់​ពី​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី​២៦​ខែ​តុលា​កន្លង​ទៅ​ ដែល​ទាមទារ​ឲ្យដក​លោក​ កឹម សុខា​ ចេញ​ពី​តំណែង​អនុប្រធានរដ្ឋ​សភា​ជាតិ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG