ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​បារម្ភ​​ព្រោះ​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ការពារ​សុវត្ថិភាព​​​​ក្នុង​ករណី​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ


នៅ​ក្នុង​រូបថត​ដែល​ផ្តល់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​ពី លោក​ ញ៉យ​ ចំរើន ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​រង​របួស​ដោយ​សារ​អំពើ​ហិង្សា​បង្ក​ដោយ​បាតុករ​ នៅ​មុខ​រដ្ឋ​សភា​ជាតិ​​ នា​វេលា​ថ្ងៃ​ត្រង់​ ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៥។
នៅ​ក្នុង​រូបថត​ដែល​ផ្តល់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​ពី លោក​ ញ៉យ​ ចំរើន ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​រង​របួស​ដោយ​សារ​អំពើ​ហិង្សា​បង្ក​ដោយ​បាតុករ​ នៅ​មុខ​រដ្ឋ​សភា​ជាតិ​​ នា​វេលា​ថ្ងៃ​ត្រង់​ ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៥។

ករណី​វាយ​ប្រហារ​ទៅ​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ម្សិលមិញ​បាន​​​បង្កឲ្យ​មាន​ក្តី​បារម្ភ​ជុំវិញ​បញ្ហា​សន្តិសុខ​ ​និង​សុវត្ថិ​ភាព​ពី​សំណាក់​ប្រជាពល​រដ្ឋ​ ​និង​ក្រុម​មន្ត្រីសង្គម​ស៊ីវិល។

ករណី​វាយ​ប្រហារ​ទៅ​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ម្សិលមិញ​បាន​បង្កឲ្យ​មាន​ក្តី​បារម្ភ​ជុំវិញ​បញ្ហា​សន្តិសុខ​ ​និង​សុវត្ថិ​ភាព​ពី​សំណាក់​ប្រជាពល​រដ្ឋ​ ​និង​ក្រុម​មន្ត្រីសង្គម​ស៊ីវិល។​ ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិលបង្ហាញ​ការ​សោក​ស្តាយ​ ​ដែល​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​សុវត្ថិភាព ​ជូន​តំណាង​រាស្ត្រ​បក្ស​ប្រ​ឆាំង។​

ថ្ងៃ​អង្គារនេះ​ ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ ​និង​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​សុវត្ថិ​ភាព​ ​និង​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​ពួកគេ។ ​ក្តី​បារម្ភនេះ​កើត​មានឡើងមួយ​ថ្ងៃ​ក្រោយ​ពេលវីដេអូ​នៃ​ការ​វាយ​តប់​យ៉ាង​សាហាវលើ​តំណាង​រាស្រ្ត​ពីរ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មុខ​រដ្ឋសភា​ ​ត្រូវ​បាន​គេ​ចែក​ផ្សាយ​ពេញ​បណ្តាញ​សង្គមហ្វេសប៊ុកនោះ។​

ប្រជាពល​រដ្ឋ​កម្ពុជា​ ​ដែល​ VOA​ ​បាន​ជួប​សម្ភាស​នា​ថ្ងៃអង្គារ​នេះ​ ​បាន​ការ​បង្ហាញ​ក្តី​បារម្ភ​ និង​ចោទ​ជា​សំណួរ​ថា​ សូម្បីតំណាង​រាស្រ្ត​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ ​និង​មក​ពី​ស្ថាប័ន​កំពូល​ហើយ​នោះ​នៅ​តែ​ទទួល​រង​អំពើ​ហិង្សា​ដោយ​មិន​មាន​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​ ចុះ​ទម្រាំ​ពួកគេ​ដែល​ជា​ប្រជាជន​សាមញ្ញ​វិញ​ តើទៅជាយ៉ាងណា?

លោក​ ប៊ុន ធៀប​ វ័យ​៣៥ឆ្នាំ​ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​រូប​ បាន​ឲ្យ​ដឹង​ថា​ ​ករណី​វាយ​តប់​តំណាង​រាស្រ្ត​នេះ​ ​បង្ហាញ​ពី​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

«មាន​អំពើ​ហិង្សា​កើត​ឡើង​អញ្ចឹងៗ​ វា​មិន​ទំនង​សោះ។​ ទី១​ វា​នៅ​កន្លែង​រដ្ឋសភា​ទៀត។ ​ ហើយ​ជន​ឧក្រិដ្ឋ​ហ្នឹង​ យើង​ចាប់​បាន​អត់? ​គាត់​ជា​តំណាង​រាស្ត្រ​នៅ​មាន​គេ​ធ្វើ​អញ្ចឹង ចុះ​ទម្រាំ​យើង​ទៀត​ ចេះ​តែ​ភ័យ​ខ្លាច​ហើយ»។​

បុរស​វ័យ​៤៩​ឆ្នាំជា​បុគ្គលិក​ក្រុម​ហ៊ុន​មួយ ហើយ​ដែលសុំ​មិន​បញ្ចេញ​ឈ្មោះដោយមាន​ក្តី​បារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​នោះ​ បាន​ប្រាប់​ ​VOA​ ថា​ ​ការតវ៉ា​របស់​ក្រុម​បាតុករ និង​ការវាយ​ដំ​លើ​តំណាង​រាស្រ្ត​ទាំង​២​រូប​នោះ​គឺ​ធ្វើឡើង​ដូចជា​ឆាក​ល្ខោន​ដែល​គេ​រៀបចំឡើង។​

«ឃើញ​អញ្ចឹង​គួរ​ឲ្យ​ខ្លាច​ដែរ។​ ​ប្រជាជន​យើង​ឥឡូវ​មិន​ដូច​ពី​មុន​ទេ។​ ប្រជាជន​យើង​ស្វែង​យល់។ ​ ធ្វើ​អញ្ចឹងដូចជា​ឆាក​ល្ខោន​មួយ​អញ្ចឹង»។​

ស្រដៀង​គ្នានេះដែរ​ លោក​ ពៅ​ សុផាន​ វ័យ​២០​ឆ្នាំ​ ជាប្រជាជនរស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​លើក​ឡើង​ថា៖​

«ពេល​ឃើញ​អញ្ចឹង ហើយ​យល់​ថា​ ប្រទេស​យើង​ពិបាក​ ពិបាក​ខាង​សន្តិសុខ។ ​គាត់​វាយ​ដំ​តំណាង​រាស្ត្រ​ ហើយ​ចុះ​ទម្រាំ​ប្រជាជន​យើង​ធម្មតា»។​

យុវជន​រូប​នេះ​ច​ង់​ឃើញ​នូវ​ការ​សម្រុះ​សម្រួល​គ្នា​រវាង​គណបក្ស​ធំៗ​ទាំង​២ជាជាង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​រូបភាព​បាតុកម្ម​យ៉ាង​ដូច្នេះ។

នៅ​ក្នុង​វីដេអូខ្លី២​ ​ដែល​ក្នុង​នោះតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ពីរ​រូបត្រូវ​បាន​ក្រុម​បាតុករ​វាយ​ប្រហារនៅ​មុខ​រដ្ឋសភា​ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​ នៅ​ក្នុង​វីដេអូ​នោះ​ ​លោក​ ញ៉យ​ ចំរើន​ តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ ត្រូវ​បាន​បាតុករ​វាយដំ​ ទាត់ ​ធាក់​ឲ្យ​សន្លប់​នៅ​នឹង​កន្លែង។​ ​រីឯ​ លោក​ គង់​ សភា​ ​តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​បាតុករ​អូស​ចេញ​ពី​ក្នុង​ឡាន​ រួច​វាយ​ទាត់​ធាក់​រូប​លោក​យ៉ាង​ដំណំ។​

គេ​សង្កេត​ឃើញ​ថា​ ​មិន​មានអន្តរាគមន៍​ពីអាជ្ញាធរ​នោះ​ទេ​ ​ក្នុង​ពេល​ដែល​ក្រុម​បាតុករ​ដែល​នៅ​សេស​សល់​ពី​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ កឹម សុខា​ចុះ​ចេញ​ពី​តំណែង ធ្វើ​សកម្មភាព​វាយ​ប្រហារ​លើ​តំណាង​រាស្រ្ត​នោះ។​

លោក នី​ ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ ​ដែល​បាន​ឃ្លាំ​មើល​ករណី​ខាង​លើ​នេះ​ ​បាន​អះ​អាង​ថា​ ករណី​វាយ​ដំ​តំណាងរាស្ត្រ​ដោយ​សេរី​ពី​សំណាក់​ក្រុម​បាតុករ ​ដែល​មាន​នំនោរទៅ​កាន់​បក្ស​កាន់​អំណាច​នេះ​ ​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ស្រឡះ​ពី​ការ​ធ្វើ​បាតុកម្ម​ តវ៉ា​ដូច​សព្វ​មួយ​ដង។​

«ប៉ុន្តែ បើ​អំពើ​ហិង្សា​ ​ដែល​បាតុករ​រៀប​ចំ​ឡើង​ដោយក្រុមអ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ ​ អាហ្នឹង​ធ្វើអី​ ធ្វើទៅ!​ យើង​ឃើញ​ថា​ អាជ្ញាធរកំពុង​រើសអើង​ខាង​នយោបាយ។​ យើង​ឃើញ​ហើយ​ អត់​មាន​ដាក់​កម្លាំង​ដើម្បី​បង្កា ​ការពារ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​អញ្ចឹងទេ គឺ​ថា​ បណ្តោយ​ឲ្យ​ធ្វើម៉ា​សេរី​ ​ដែល​ខុសប្លែក​ពី​បាតុកម្ម​ដទៃ​ទៀត។​ ឧទាហរណ៍​ជាក់ស្តែង ​ ព្រឹក​នេះសហគមន៍​បឹងកក់​ដាក់​ញ្ញតិ​នៅ​ស្ថានទូត​អាមេរិកក៏​ទៅ​តាម​បង្រ្កាប​ដល់​ស្ថានទូត​អាមេរិក​ដែរ»។​

លោក​នី​ ចរិយា​យល់​ថា​ ព្រឹត្តិ​ការណ៍​នេះ​គឺ​ជា​សារ​នយោបាយ​ថ្មី​មួយ​របស់​គណបក្ស​កាន់​អំណាច​ ​ដែល​នឹង​ប្រើ​ប្រាស់​យន្តការ​ហិង្សាគំរាម​កំហែងជន​ណា​ដែល​មិន​គាំទ្រ​គណបក្ស​ខ្លួន។​

«ព្រឹត្តិ​ការណ៍​ម្សិលមិញអាច​ធ្វើ​ឲ្យ​ប្រជាជន​ឈាន​ទៅ​រក​ការ​សម្រេច​ចិត្ត​ ​នៅ​ពេល​ដែល​គាត់​ទៅ​បោះឆ្នោត​ថា ​គាត់​ចង់​បាន​ស្ថានភាព​បែប​ហ្នឹង​ ឬ​ក៏​ចង់​បាន​មេដឹកនាំ​ដែល​គ្មាន​ អំពើ​ហិង្សា»។​

លោក​ស្រី​ធីតា ឃឹះ ​នាយិកា​អង្គការ​សីលកា ដែល​តាម​ដាន​ការ​វិវត្ត​នៃ​សង្គម​នយោបាយកម្ពុជា​ ​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះស្ថាន​ភាព​នេះ​ ដែល​រាជរដ្ឋាភិបាល​ ​ឬ​អាជ្ញាធរមាន​សមត្ថកិច្ច​មិន​មាន​ឆន្ទៈ​ក្នុង​ការការពារ​តំណាង​រាស្ត្រ​ ​ដែល​ជា​តំណាង​របស់​ប្រជា​ពលរដ្ឋ។​

«ខ្ញុំ​មាន​អារម្មណ៍​ថា​ សុវត្ថិភាព​អត់​មាន​ទេ។​ យើង​ព្រួយ​បារម្ភ​ថា​ ​ច្បាប់​ទម្លាប់​ក៏​អត់​មាន​ដែរ។​ ​ដូច្នេះ​ បើ​ចង់​មាន​សេចក្តី​សុខ​ ត្រូវ​តែ​មាន​នរណា​ម្នាក់​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​ដើម្បី​ការពារ​យើង»។​

មន្ត្រី​រាជ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​ថ្មីមួយ​ដើម្បី​ស៊ើប​អង្កេត​ទៅ​លើ​ករណី​វាយ​ប្រហារ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ហើយ​គណៈ​កម្មការ​នេះ​នឹង​ចាប់​ផ្តើម​បេសក​កម្ម​ចាប់​ពី​ថ្ងៃ​ពុធនេះ​ទៅ ខណៈ​ពេល​ដែល​តំណាង​រាស្ត្រ​ដែល​មាន​របួស​ពីរ​រូប​បា​ន​ចាក​ចេញ​ទៅ​ព្យាបាល​នៅប្រទេស​ថៃ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG