នៅក្នុងបន្ទប់ព្យាបាលពីរដាច់ពីគ្នានៃមន្ទីរពេទ្យភីយ៉ាថៃ២ (Phyathai 2) នៅទីក្រុងបាកកប្រទេសថៃ អ្នកតំណាងរាស្ត្រ២រូបដែលរងការវាយដំនៅក្នុងអំពើហិង្សាមួយដែលបានកើតឡើងនៅចុងខែតុលា និយាយថា ពួកគេព្យាយាមយ៉ាងលំបាកដើម្បីទទួលការព្យាបាល ហើយថា មុខរបួសរបស់ ពួកគេអាចប្រើពេលយូរបន្តទៅទៀតដើម្បីបានជាសះស្បើយឡើងវិញ។ ពួកគេក៏ទទូចឲ្យមានការបញ្ចប់នូវវប្បធម៌ហិង្សានយោបាយផងដែរ។
ដោយដៃខាងស្តាំនៅមានរុំស្បៃដើម្បីការព្យាបាលក្រោយពីការវះកាត់នោះ លោកញ៉យ ចំរើន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមមកពីគណបក្សជំទាស់ ថ្លែងពីក្តីលំបាកនៅក្នុងការព្យាបាល និងបារម្ភពីស្ថានភាពនៃមុខរបួសរបស់លោកដែលអាចនឹងធ្វើឲ្យលោកប្រើពេលយូរបន្ថែមទៀតក្នុងការព្យាបាលមុននឹងលោកអាចវិលទៅរកជីវិតនយោបាយរបស់លោកវិញ។
លោក និងតំណាងរាស្ត្រម្នាក់ផ្សេងទៀតបានទទួលការវាយប្រហារពីក្រុមបាតុករមួយក្រុមដែលបង្កហិង្សានៅចុងបញ្ចប់នៃការធ្វើបាតុកម្មទាមទារឲ្យដកលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចេញពីតំណែងអនុប្រធានទីមួយនៃសភាជាតិ។
លោកញ៉យ ចំរើន រៀបរាប់ពីការឈឺចាប់បង្កដោយការវាយប្រហារនោះប្រាប់វីអូអេនៅក្នុងបន្ទប់ព្យាបាលមួយនៃមន្ទីរពេទ្យភីយ៉ាថៃ២ថា៖
«ឥឡូវវានៅតែឈឺចាប់ និងពិបាក ហើយសូម្បីតែក្អកបន្តិចហ្នឹងក៏នៅចុកឆ្អឹងជំនីហើយនិងដើមទ្រូង ហ្នឹង ហើយដៃខាងស្តាំ ដែលបាក់បីកំណាត់ហ្នឹង វានៅតែឈឺ ដោយសារគេដាក់ដែក ដាក់ដែកក្នុងដៃផង ចាប់ដែកពីក្រៅផង ហើយច្រមុះដែលបាក់ នៅស្ពឹកនៅឡើយ ហើយធ្មេញបាក់ពីខាងមុខហ្នឹង គេទើបនឹងជួសជុលហើយ។ ប៉ុន្តែអាឆ្អឹងមួយ ដែលបាក់ចូលភ្នែក ក្រោយពីវះកាត់ប្រាំម៉ោង ហើយ សម្រាកបានប៉ុន្មានថ្ងៃ ជាសំណាងល្អដែលមើលឃើញវិញ អាភ្នែកខាងស្តាំនេះ។ ប៉ុន្តែក្រៅពីហ្នឹងទៀត វានៅតែគ្រាំគ្រានៅឡើយ»។
លោកថ្លែងថា ការព្យាបាលស្ថានភាពជំងឺដែលបន្សល់ពីរបួសស្នាមនេះនឹងមិនអាចអនុញ្ញាតឲ្យលោកត្រឡប់ទៅបំពេញការងាររបស់លោកបានភ្លាមៗនោះទេ តែលោកបញ្ជាក់ថា លោកនឹងមិនបោះបង់ចោលអាជីពធ្វើនយោបាយរបស់លោកនោះដែរ។
«មួយជីវិតខ្ញុំនេះគឺថា ទោះបីក្មេងមែន ២០ឆ្នាំហើយ ដែលខ្ញុំប្រឡូកកិច្ចការជួយជាតិនេះ។ ខ្ញុំជាមេដឹកនាំចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ១៩៩៨ ដែលបានដឹកនាំ។ ដោយសារមូលហេតុហ្នឹងធ្វើឲ្យខ្ញុំបោះបង់ចោលមហាវិទ្យាល័យ ដែលកំពុងរៀន ហើយរហូតដល់ខ្ញុំបែកពីស្រុកកំណើតមកនៅស្រុកថៃ រហូតដល់ធ្លាក់ទៅនៅអាមេរិក ហើយ២០ឆ្នាំនេះអត់ទាន់បោះបង់ទេ។ អញ្ចឹងមួយជីវិតខ្ញុំនេះលះបង់ជូនជាតិហើយ អត់ថយក្រោយទេ»។
នេះជាលើកទីពីរហើយដែលអ្នកតំណាងរាស្ត្ររូបនេះបានទទួលការវាយដំពីក្រុមអ្នកតវ៉ា ដោយកាលពីឆ្នាំមុន លោកត្រូវបានក្រុមអ្នកតវ៉ាវាយឲ្យត្រូវរបួសយ៉ាងដំណំនៅត្រង់ក្បាលផ្នែកខាងឆ្វេង។
កាលពីថ្ងៃច័ន្ទទី២៦ ខែតុលាកន្លងទៅ លោកញ៉យ ចំរើន និងលោកគង់ សភាត្រូវបានក្រុមជនបិទ មុខស្ទាក់រថយន្ត និងទាញរូបលោកចេញពីរថយន្ត ហើយផ្តើមការវាយទាត់ធាក់ ដោយមិនមានកិច្ចអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ចនោះទេ។ គេជឿថា ក្រុមជនសង្ស័យទាំងនោះគឺជាបាតុករ ដែលនៅសេសសល់ពីការតវ៉ាឲ្យមានការដកលោកកឹម សុខាចេញពីតំណែងអនុប្រធាន ទីមួយនៃរដ្ឋសភាជាតិ។ រូបភាពនៃការវាយប្រហារលើក្រុមតំណាងរាស្ត្ររបស់គណបក្សជំទាស់ត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក។ ការធ្វើបាតុកម្មប្រឆាំងលោកកឹម សុខា ហើយឈានដល់ការប្រើអំពើហិង្សានេះ ត្រូវគេជឿថា ជាការរៀបចំដោយក្រុមអ្នកគាំទ្រគណបក្សគ្រប់គ្រងប្រទេស។
លោកគង់ សភា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ដែលរងរបួសជាដំណំនៅត្រង់ត្រចៀកខាងឆ្វេង និងលើក្តោងច្រមុះ ដែលតម្រូវឲ្យមានការវះកាត់ដែរនោះ បានថ្លែងពីបន្ទប់ផ្សេងមួយទៀតពីមន្ទីរពេទ្យដដែលថា លោកពិបាកក្នុងការទទួលទានដំណេកដោយសារតែនឹកដល់ហេតុការណ៍វាយប្រហារនោះ។
«ក្រោយពីការព្យាបាលមក និយាយពីអារម្មណ៍ដែលយើងជួបប្រទះហេតុការណ៍ដែលមានការវាយដំ ចេតនាវាយមករូបខ្ញុំគឺថា អារម្មណ៍យើងមិនអាចបំភ្លេចនូវទិដ្ឋភាពដែលគេកំពុងតែវាយយើងបានទេ។ គេងទៅក៏នៅមានអារម្មណ៍មមើមមាយ ឃើញទិដ្ឋភាពដ៏ឃោរឃៅនេះ។ ប៉ុន្តែគ្រាន់តែថា ក្នុងចិត្តខ្ញុំចេះតែខំរំងាប់ដើម្បីកុំឲ្យគិតអី ដើម្បីឲ្យចិត្តយើងជ្រះស្រឡះ។ ប៉ុន្តែអារម្មណ៍នៅតែដក់ជាប់ក្នុងខួរក្បាលរបស់យើងនូវទិដ្ឋភាពហ្នឹង»។
លោកបន្តថា ទោះណាជាលោកបានទទួលរងនូវការវាយដំយ៉ាងនេះក៏ដោយ លោកនឹងមិនលះបង់ការតស៊ូផ្លូវនយោបាយរបស់លោក ក្នុងការផ្លាស់ប្តូរមេដឹកនាំរដ្ឋាភិបាលតាមរយៈការបោះឆ្នោតនាពេលខាងមុខនោះទេ។
«ទោះបីរូបកាយខ្ញុំត្រូវរបួស រាងកាយខ្ញុំត្រូវរបួស តែឆន្ទះខ្ញុំឧត្តមគតិខ្ញុំមិនអាចរបួសបានទេ។ ខ្ញុំនៅតែធ្វើជាអ្នកតំណាងរាស្ត្រដើម្បីបម្រើឲ្យប្រជាពលរដ្ឋខ្មែរ បម្រើយុវជនស្នេហាជាតិ ប្រជាពលរដ្ឋសេ្នហាជាតិទាំងអស់ ដែលកំពុងតែមានទឹកចិត្តពុះកញ្ជ្រោល ក្នុងការផ្លាស់ប្តូរ។ អញ្ចឹងខ្ញុំត្រូវតែបន្តឧត្តមគតិជាតិនេះ ជូនដល់យុវជនស្នេហាជាតិទាំងហ្នឹង ហើយខ្ញុំមិនតក់ស្លុត មិនមានការភ័យខ្លាចទេ ហើយខ្ញុំនៅតែជំរុញទឹកចិត្តខ្ញុំឲ្យចូលរួមក្នុងការផ្លាស់ប្តូរនៅឆ្នាំ២០១៧ និង២០១៨តទៅមុខទៀត»។
ក្រោយព្រឹត្តិការណ៍វាយដំយ៉ាងហិង្សានៅក្បែរបរិវេណនៃសភាជាតិ អាជ្ញាធរមានសមត្ថកិច្ចមិនបានរកឃើញ និងចាប់ខ្លួនជនសង្ស័យភ្លាមៗ ដែលចូលរួមនៅក្នុងការវាយប្រហារដែលអ្នកតំណាងរាស្ត្រទាំងពីររូបនេះ ហៅថា ជាការធ្វើឲ្យខូចកិត្យានុភាព ក្នុងនាមជាប្រជាជាតិដែលមានឥរិយាមាយាទទន់ភ្លន់។
ស្របពេលជាមួយគ្នានោះ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងប្រទេសដែលផ្តល់តម្លៃដល់ការគោរពសិទ្ធិមនុស្ស រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើហិង្សានេះ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពរំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានចេញសេចក្តីការណ៍បន្ទាន់មួយ ថ្កោលទោសអំពើហិង្សានេះផងដែរ។
អង្គការសិទ្ធិមនុស្សនេះបាននិយាយថា «ការវាយប្រហារយ៉ាងយង់ឃ្នង» លើតំណាងរាស្ត្រគណបក្សប្រឆាំង គឺស្រដៀងទៅនឹងអ្វីដែលធ្លាប់បានកើតឡើងចំពោះគណបក្សជំទាស់ផ្សេងទៀតដែលធ្លាប់បានប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាអំឡុងទសវត្សរ៍១៩៩០។ អង្គការឃ្លាំមើលសិទ្ធិដដែលក៏បានបង្ហាញផងដែរថា បាតុកម្មប្រឆាំងនឹងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនោះ គឺមានការគាំទ្រពីលោកឧត្តមសេនីយ៍គន់ គឹម សមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍គាំទ្រការទម្លាក់លោកកឹម សុខាពីតំណែងអនុប្រធានទី១នៃរដ្ឋសភាក្នុងថ្ងៃបាតុកម្មនោះផងដែរ។
លោក Brad Adams ប្រធានការិយាល័យប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានសរសេរក្នុងសេចក្តីថ្លែងការណ៍នោះយ៉ាងដូច្នេះថា «ការប្រើប្រាស់អំពើហិង្សា របស់ពលរដ្ឋដើម្បីវាយប្រហារលើតំណាងរាស្ត្រគណបក្សជំទាស់នោះ បានបញ្ជូនសញ្ញាភ័យខ្លាចមួយដល់ប្រជាពលរដ្ឋកម្ពុជា ហើយវាបង្ហាញពីរលកនៃអំពើហិង្សាផ្នែកនយោបាយថ្មីមួយដែលអាចកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែង»។
បន្ទាប់មក រដ្ឋាភិបាលកម្ពុជាបានប្រកាសថ្កោលទោសអំពើហិង្សានេះ និងអំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ឲ្យបង្ហាញភស្តុតាងចាប់ជនសង្ស័យ ដែលវាយដំលើតំណាងរាស្ត្រទាំងពីរនាក់នោះ។ ប៉ុន្មានថ្ងៃក្រោយពីការប្រកាសនេះ រដ្ឋាភិបាលបានបញ្ជាក់ថា ខ្លួនបានកំណត់អត្តសញ្ញាណជនសង្ស័យដែលជាប់ពាក់ព័ន្ធ។ ភ្លាមៗនោះ ជនបីរូប ដែលមានឈ្មោះម៉ៅ ហឿនអាយុ៣៤ឆ្នាំ មកពី ខេត្តព្រៃវែង ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ និងសុត វណ្ណនី អាយុ៤៥ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានស្ម័គចិត្តប្រគល់ខ្លួនឱ្យអាជ្ញាធរមានសមត្ថកិច្ច និងអះអាងថា ពួកខ្លួនជាអ្នកបង្ករបួសស្នាមដល់តំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិ។ ការចូលខ្លួនរបស់ពួកគេធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីនៃអ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងបញ្ជាក់ពីការកំណត់មុខសញ្ញាជនសង្ស័យ។
យ៉ាងណាក៏ដោយ អ្នកតំណាងរាស្ត្រទាំងពីររូបដែលរងការវាយតប់នេះទទូចស្នើឲ្យរដ្ឋាភិបាលរកឲ្យឃើញជនដែលនៅពីក្រោយខ្នងនៃអំពើហិង្សានេះ។ ពួកគេបានស្នើឲ្យមានការបញ្ចប់អំពើហិង្សាផ្នែកនយោបាយក្នុងប្រទេសកម្ពុជា ហើយបន្តរក្សាវប្បធម៌សន្ទនា។
លោកញ៉យ ចំរើន ពន្យល់ថា៖
«ខ្ញុំថា វាមិនជាការល្អប្រសើរទេ នៅក្នុងការដោះស្រាយ បែបហ្នឹង ហើយយើងឃើញរហូតមកហ្នឹងគឺថា ភាគច្រើនមានអំពើហិង្សាមកលើគណបក្សប្រឆាំងយើងហ្នឹង គឺថា រហូតមក ឃើញតែអំពើហិង្សា។ អញ្ចឹង គឺថា ធ្វើឲ្យគេ បរទេស ថ្មីៗ យើងឃើញហើយថា គេថ្កោលទោសយ៉ាងខ្លាំង ទាំងទូតសហរដ្ឋអាមេរិកប្រចាំនៅស្រុកខ្មែរ ក្រសួងការបរទេសសហរដ្ឋអាមេរិក រហូតដល់សហគមន៍អឺរ៉ុប រហូតដល់អង្គការ Human Rights Watch ហើយអង្គការសហប្រជាជាតិផង ហើយខ្ញុំមើលឃើញថា អាហ្នឹងមិនជាការដែលល្អសម្រាប់ស្រុកយើងទេ។ អញ្ចឹងខ្ញុំអំពាវនាវថា នយោបាយអញ្ចឹងគួរបញ្ចប់នៅស្រុកខ្មែរ។ ហើយជាពិសេស នៅមួយទៀត រឿងរួចទោសហ្នឹង វប្បធម៌ឲ្យរួចទោសហ្នឹងគឺថា វាគួរតែបញ្ឈប់។ អញ្ចឹងហើយគួរតែរដ្ឋាភិបាលហ្នឹងធ្វើឲ្យបានពិតប្រាកដរឿងក្តីហ្នឹងផងដែរ»។
រីឯលោកគង់ សភាថ្លែងថា លោកមិនយកហិង្សាតបនឹងអំពើហិង្សានោះទេ ដោយលោកបញ្ជាក់ថា វប្បធម៌សន្ទនាគួរតែត្រូវបានប្រើប្រាស់បន្តទៀត ក្នុងការស្វែងរកដំណោះស្រាយតាមផ្លូវនយោបាយមុននឹងការឈានមកដល់នៃការបោះឆ្នោតនាពេលខាងមុខ។
«ទស្សនៈ ឥឡូវនេះ ខ្ញុំមើលឃើញថា គណបក្សទាំងពីរកំពុងតែអនុវត្តនូវវប្បធម៌សន្ទនាខ្លះ អ្ហឺខ្លាំងដែរ ដោយសារថា បើគណបក្សនយោបាយធំទាំងពីរងាកមកចរចាជជែកគ្នា ដោយយកចំណេះដឹង ដោយសន្តិវិធី មកជជែក កុំយកអំពើហិង្សា អាហ្នឹងយើងជឿថា ព្រឹត្តិការណ៍មុនការបោះឆ្នោត រហូតដល់ការបោះឆ្នោត បើយើងខ្មែរអាចជជែកគ្នាបាន ប្រហែលជានឹងមិនមានអំពើហិង្សាទេ។ តែបើគណបក្សកាន់អំណាចគាត់នៅតែប្រើអំពើហិង្សា ប្រើគំនិត និងស្មារតីសម្លុត គំរាមកំហែង បំភិតបំភ័យអំពីសង្គ្រាមអានោះ ខ្ញុំមិនអាចទាយទុកមុនថា តើមានព្រឹត្តិការណ៍អី វាយអ្នកតំណាងរាស្ត្រ ឬវាយអ្នកណាតទៅទៀតទេ ធ្វើបាបរាស្ត្រហូរឈាមពេញនគរតទៅទៀត អានោះខ្ញុំអត់ដឹងទេ។ ប៉ុន្តែឆន្ទៈខ្ញុំនៅតែមុះមុត នៅតែតស៊ូ ទោះមានព្រឹត្តិការណ៍អីកើតឡើងក៏ដោយ»។
អំពើហិង្សាផែ្នកនយោបាយបានអូសបន្លាយជាង៣០ឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជាដែលស្ថិតក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ នេះបើតាមការបញ្ជាក់ពីអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា។ អំពើហិង្សានយោបាយបានកើតមានជាថ្មីទៀត នៅក្រោយការប្រកាសលទ្ធផលឆ្នោតឆ្នាំ២០១៣។ អំពើហិង្សាមួយ ដែលសន្តិសុខជួលដោយរដ្ឋាភិបាលចោទថា ប្រព្រឹត្តដោយក្រុមបាតុករគណបក្សសង្គ្រោះជាតិនោះ បានកើតឡើងនៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ គឺក្នុងកំឡុងពេលនៃធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោតដោយក្រុមគណបក្សជំទាស់។ ក្រោយពីមានអំពើហិង្សានេះ គណបក្សនយោបាយបានបញ្ចប់ភាពទាល់ច្រកផ្នែកនយោបាយ ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានចុះកិច្ចព្រមព្រៀងនយោបាយមួយកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤។ កិច្ចព្រមព្រៀងនេះបានជួយឲ្យមានការដោះលែងតំណាងរាស្ត្រគណបក្សនេះចំនួន៧រូប ដែលរងការចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងអំពើហិង្សានេះ។
បន្ទាប់មក លោកហ៊ុន សែន មេដឹកនាំគ្រប់គ្រងប្រទេសគឺគណបក្សប្រជាជនកម្ពុជា និងលោកសម រង្សី មេដឹកនាំបក្សប្រឆាំងបានព្រមព្រៀងគ្នាអនុវត្តវប្បធម៌សន្ទនា ដើម្បីបញ្ចៀសការវាយប្រហារគ្នា ដែលនាំឲ្យខូចដល់ទំនាក់ទំនងការងាររវាងតំណាងរាស្ត្រនៃគណបក្សគ្រប់គ្រងប្រទេស និងគណបក្សប្រឆាំង។ យ៉ាងណាក៏ដោយ កំដៅនយោបាយបានកើនខ្លាំងជាថ្មី នៅពេលតំណាងរាស្ត្រនៃគណបក្សជំទាស់មួយក្រុមចាប់ផ្តើមសើរើបញ្ហាផែនទី និងព្រំដែនកម្ពុជា និងវៀតណាមឡើងវិញរហូតធ្វើឲ្យអាជ្ញាធររបស់រដ្ឋាភិបាលលោកហ៊ុន សែនចាប់បញ្ជូនសកម្មជននយោបាយ និងមន្ត្រីនៃគណបក្សជំទាស់ទៅដាក់ពន្ធនាគារ។ រហូតមកដល់ពេលនេះ គឺមានសកម្មជននយោបាយ និងមន្ត្រីនៃគណបក្សជំទាស់ជាង១០នាក់ ក្នុងនោះមានសមាជិកព្រឹទ្ធសភាមួយរូបផងដែរ កំពុងជាប់ក្នុងពន្ធនាគារ។ កំសួលនយោបាយបន្តកើនឡើងទៀត នៅពេលមេដឹកនាំគណបក្សជំទាន់ទាមទារឲ្យមានការបង្កើតតុលាការឯករាជ្យ និងការពិនិត្យបញ្ហាដីធ្លីឡើងវិញ។ លើសពីនេះទៅទៀត មួយរយៈពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវបានស្វាគមន៍ដោយការធ្វើបាតុកម្មនៅពេលលោកចេញទៅធ្វើទស្សកិច្ចនៅក្រៅប្រទេស។ អំពើហិង្សាកាលពីថ្ងៃទី២៦តុលាបានកើតមានក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីដែលថា បាតុកម្មមួយនឹងកើតឡើងនៅទីក្រុងភ្នំពេញ បន្ទាប់ពីមានបាតុកម្មបានកើតឡើងនៅប្រទេសបារាំង ក្នុងថ្ងៃដំបូងនៃទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅទីនោះ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកស្អុយមួយនៅក្នុងរាជធានីភ្នំពេញ កាលនៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងថា ជនសង្ស័យដែលបានបង្កហិង្សាលើអ្នកតំណាងរាស្ត្រពីរនាក់នោះពុំមែនជាអ្នកចូលរួមនៅក្នុងការធ្វើបាតុកម្មទាមទារឲ្យដកអនុប្រធានបក្សជំទាស់ចេញពីតំណែងអនុប្រធានទីមួយនៃសភាជាតិនោះទេ។ លោកហ៊ុ សែនបានថ្លែងប្រាប់អ្នកស្តាប់សុន្ទរកថាសាធារណៈផ្ទាល់របស់លោកថាអំពើហិង្សានោះកើតឡើងដោយសារជនសង្ស័យខឹងនឹងតំណាងរាស្ត្រទាំងពីរនាក់នេះ ដែលបានហៅពួកគេថា «អាយ៉ាងយួន»។
អ្នកតំណាងរាស្ត្រទាំងពីររូបនេះបានឆ្លើយតបភ្លាមៗ ដោយបាននិយាយថា ពួកគេពុំបានប្រព្រឹត្តដូចការចោទរបស់លោកហ៊ុន សែននោះទេ។បើទោះជាមានការបន្ទោសគ្នាទៅវិញទៅមកយ៉ាងនេះក្តី លោកហ៊ុន សែនបានបញ្ជាឲ្យរដ្ឋសភាជាតិផ្តល់ថវិកាព្យាបាលរបួសរបស់អ្នកតំណាងរាស្ត្រទាំងពីររូបនេះផងដែរ។ តែអ្នកជួយចាត់ចែងការចំណាយលើការព្យាបាលតំណាងរាស្ត្រពីររូបនេះថ្លែងថា ថវិកា ដែលផ្តល់ដោយរដ្ឋសភានឹងមិនគ្រប់នោះទេ ដោយការចំណាយគឺអស់ជិត៣ម៉ឺនដុល្លារអាមេរិក គិតចាប់ពីថ្ងៃទទួលការព្យាបាល។ អ្នកតំណាងរាស្ត្រទាំងពីរនាក់នេះបានសម្តែងក្តីបារម្ភចំពោះការខ្វះខាតថវិកាក្នុងការព្យាបាល នៅគ្រាដែលពួកគេមិនទាន់ប្រាកដថា ពួកគេអាចនឹងជាសះស្បើយនៅពេលណានោះទេ៕