ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​​ប្រកាស​ឲ្យ​តាម​រក​ជន​ដៃ​ដល់​ដែល​វាយ​ប្រហារ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​កំពុង​​ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិ​​អំពី​បញ្ហា​ការ​វាយ​ទាត់​ធាក់​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ហើយ​មើលឃើញ​នៅ​ភោជនីយដ្ឋាន​មួយ​នេះ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ពុធ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​កំពុង​​ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិ​​អំពី​បញ្ហា​ការ​វាយ​ទាត់​ធាក់​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ហើយ​មើលឃើញ​នៅ​ភោជនីយដ្ឋាន​មួយ​នេះ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ពុធ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។

អង្គការ​សង្គម​ស៊ីវិល​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ​ស្ថានទូត​ក្នុង​ប្រទេស​កម្ពុជា​បាន​ចេញ​ញត្តិ​ថ្កោល​ទោស​ជា​បន្ត​បន្តាប់​ ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​យ៉ាង​ដំណំ​លើ​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​នា​ថ្ងៃ​ច័ន្ទ​នោះ។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​កាលពី​ថ្ងៃពុធឱ្យ​តាម​ចាប់​ជន​ដៃ​ដល់​ដែល​បាន​វាយ​ប្រហារ​យ៉ាង​ឃោរឃៅ​ទៅ​លើ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​រូបឱ្យ​រង​របួស​ជា​ទម្ងន់។

ការ​ចេញ​បញ្ជា​លាយឡំ​នឹង​ការ​ថ្កោល​ទោស​របស់​លោក​នាយករដ្ឋមន្ត្រី​ដ៏​មាន​អំណាច​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ ​ក្រោយ​ពេល​ដែលតំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិគឺ​លោក​គង់ សភា ​និង​លោក​ញ៉យ ចំរើន ​ត្រូវ​បាន​ជន​ល្មើស​មួយ​ក្រុម​វាយ​ប្រហារ​កាលពី​ដើម​សប្តាហ៍​នេះ។

នៅក្នុង​សារ​ដែល​បង្ហោះ​តាម​គេហទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​និង​ផ្សាយ​តាម​ទូរទស្សន៍​ក្នុង​ប្រទេសកម្ពុជា ​លោក​ហ៊ុន សែន​បាន​បញ្ជាក់​ថា៖

«ថ្ងៃនេះ​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ប្រកាស​ជា​ផ្លូវការ​សូម​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ជន​ដៃ​ដល់​ដែល​ប្រព្រឹត្ត​ហិង្សា​លើ​អ្នក​តំណាងរាស្ត្រ​ទាំងពីរ​រូប​។ យើង​មិន​អាច​យោគយល់​និង​អត់​ឱន​ឱ្យ​ចំពោះ​អ្នក​ប្រព្រឹត្ត​បើ​ទោះបី​ជា​អ្នក​នោះ ​ជា​អ្នក​ណា​ក៏ដោយ​ទាំង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ គាំទ្រ​រាជរដ្ឋាភិបាល​ឬ​គាំទ្រ​បក្ស​ប្រឆាំង​ឬ​អ្នក​ណា​ក៏ដោយ ដែល​ប្រព្រឹត្ត​នូវ​អំពើ​ដ៏​ថោក​ទាប​នេះ​គឺ​ត្រូវ​តែ​ចាប់​យក​មក​ផ្តន្ទា​ទោស​ឱ្យ​ខាង​តែ​បាន‍»។

ការ​វាយ​ប្រហារ​លើ​អ្នក​តំណាងរាស្ត្រ​ទាំងពីរ​រូប​បាន​ប្រព្រឹត្ត​ឡើង​តែ នៅ​ចន្លោះ​ពេល​ជាង​មួយ​ម៉ោង​ក្រោយ​ពី​មាន​បាតុកម្ម​មួយ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ទាម​ទារ​ឱ្យ​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចុះចេញ​ពី​តំណែង​អនុប្រធាន​សភាជាតិ។ ក្រុម​បាតុករនោះ​រួម​មាន​ក្រុម​យុវជន​ដែល​ធ្លាប់​ស្បថ​ស្បែរ​ថា​គាំទ្រ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​រហូត​ដល់​ក្ស័យ​ជីវិត។​

តាម​រូបភាព​វីដេអូ​ដែល​បាន​ចែក​ផ្សាយ​តាម​បណ្តាញ​សង្គម​ឱ្យ​ឃើញ​ថា​ក្រុម​ជនល្មើស​ដែល​ប្រដាប់​ដោយ​វិទ្យុ​ទាក់​ទង​និង​នៅ​ចង្កេះ​មាន​ចង​ក្រមា​ស្រដៀង​នឹង​ក្រុម​បាតុករ​ដែរ​បានស្ទាក់​រថយន្ត​របស់​អ្នក​តំណាងរាស្ត្រ​ទាំង​ពីរ​នាក់​ ហើយ​អូសទាញចេញ​ពី​រថយន្ត​មក​ធ្វើ​ការ​ទាត់​ធាក់​ ​ខណៈ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​ទាំងពីរនោះ​ចេញ​ពី​រដ្ឋ​សភា​ជាតិ។

មិនទាន់​មាន​អ្នក​ណា​អះអាង​ថា​តើ​ឧប្បត្តិហេតុ​ទាំងពីរ​មាន​ជាប់​ពាក់​ព័ន្ធ​គ្នា​ឬ​យ៉ាង​ណា​ទេ​ប៉ុន្តែ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ប្រៀបធៀប​រូបភាព​អ្នក​ចូលរួម​បាតុកម្ម​និង​វីដេអូ​វាយប្រហារ​ហើយ​ឃើញ​ថា​យ៉ាង​ហោច​ណាស់​មាន​អ្នក​វាយ​ប្រហារ​ម្នាក់​មាន​វត្តមាន​នៅ​កន្លែង​បាតុកម្ម​។

សូម​ទស្សនាព្រឹត្តិការណ៍​ហិង្សា​កាល​ពី​ថ្ងៃ​ច័ន្ទ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

សូម្បី​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផ្ទុយគ្នា​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ពីគ្នា​នេះ​ដោយ​សេចក្តី​ថ្លែងការណ៍​លើក​ទី​មួយ​នៅ​ថ្ងៃ​ច័ន្ទ​ទី​២៦ ខែ​តុលា​ចាត់​ទុក​ថា​បាតុកម្ម​នោះ មិន​មាន​ការ​ជូន​ដំណឹង​ប៉ុន្តែ​នៅ​ថ្ងៃ​ពុធទី២៨​ ​បែរ​ជា​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្មី​ដែល​ថា​បាតុកម្ម​នោះ​មាន​ការ​ជូន​ដំណឹង​ត្រឹមត្រូវ។

លោក​ហ៊ុន សែន​ក៏បាន​ថ្លែង​ដែរថា​ ការ​ធ្វើ​បាតុកម្ម​នា​ថ្ងៃ​ច័ន្ទ​នោះ ​ទំនង​ជា​«ការ​ជះ​ឥទ្ធិពល»​ពី​ការ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​ ​ជា​បន្ត​បន្ទាប់ ​ពេល​ដែល​លោក​ធ្វើ​ទស្សន​កិច្ច​ នៅ​បុរី​ញូវយ៉ក​ សហរដ្ឋ​អាមេរិក ​និង​ទីក្រុងប៉ារីស​ប្រទេស​បារាំងក្នុង​ពេល​ថ្មីៗ​នេះ។

«ដូច្នេះ​ព្រឹត្តិការណ៍​កើត​ឡើង​ បាតុកម្ម​នៅ ទីក្រុង​ភ្នំពេញ​អាច​ជះ​ឥទ្ធិពល​ពី​ចំណែក​មួយ​នៃ​បាតុកម្ម​ដែល​រៀបចំ ​ជា​បន្តបន្ទាប់​ដោយ​បក្ស​ប្រឆាំង​នៅ​ ឯ​ទី​ក្រុង​ញ៉ូវយ៉ក ​និង​នៅ​ ឯ​ប្រទេស​បារាំង​ អាច​ថា​វា​ជា​ការ​ជះ​ឥទ្ធិពល​ឬវា​ជា​ការ​គាប់​ជួន​ព្រោះ​បក្ស​ប្រឆាំង​ផ្គើន​ម្តង​ហើយ​ម្តង​ទៀត​ ដោយ​គ្មាន​គិត​ពី កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ​នោះ​ទេ‍»។

មិនទាន់​មាន​ប្រតិកម្ម​ថ្មី​ទៀត​ពី​គណបក្ស​សង្គ្រោះជាតិ​នៅ​ឡើយ​ទេ​ប៉ុន្តែ​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​លោក​កាល​ពី​ថ្ងៃ​ទី​២៦ខែ​តុលា​ថា​៖

«បាតុកម្ម​ដែល​ជនជាតិ​ខ្មែរ​យើង​រៀបចំ​ធ្វើ​នៅ​ប្រទេស​បារាំង​ តែងតែ​ជា​បាតុកម្ម​អហិង្សា ​គោរព​ច្បាប់​ និង​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ជានិច្ច​ មិន​ដូច​បាតុកម្ម​ពួក​អ្នកគាំទ្រ​លោក ហ៊ុន សែន​ នៅ​ប្រទេស​កម្ពុជា ​ដែល​តែងតែ​ប្រើ​ហិង្សា​ដើម្បី​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ ដូច​អ្វី​ដែល​លោក ហ៊ុន សែន​ ខ្លួន​ឯង​បាន​បំភិត​បំភ័យ​ប្រជា​ពលរដ្ឋ​ ក្នុង​ពេល​ថ្មីៗ​នេះ ​ដោយ​ប្រកាស​ថា​ នឹង​មាន​សង្គ្រាម​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ហើយ​មក​កាន់​អំណាច»។

លោក​សម រង្ស៊ី​បានចោទថា​ «ដើម្បី​រក្សា​អំណាច​បាន​ច្រើន​ឆ្នាំ​ទៅមុខ​ទៀត ​លោក ហ៊ុន សែន​ កំពុង​ប្រើ​វិធី​ ស្រដៀង​ពួក​ហ្វាស៊ីស្ត ​នៅ​ប្រទេស​អ៊ីតាលី ​ដែល​ចូលចិត្ត​ប្រើ​អំពើ​ហិង្សា​ ទៅលើ​អ្នកតំណាងរាស្ត្រ​និង​អ្នកដទៃ​ទៀត​ ពី​ឆ្នាំ​១៩២២​ដល់​ឆ្នាំ​១៩៤៥‍»។

អង្គការ​សង្គម​ស៊ីវិល​ទាំង​ក្នុង ​និង​ក្រៅ​ស្រុក ​ស្ថានទូត​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ចេញ​ញត្តិ​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​យ៉ាង​ដំណំ​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នា​ថ្ងៃ​ច័ន្ទ​នោះ​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG