ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ត្រូវ​បាតុករ​វ៉ៃ​ឲ្យ​រង​របួស​​

  • នៅ វណ្ណារិន

ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​ក្រោយ​បាតុកម្ម​ដែល​ទាមទារ​ឲ្យ​ដក​តំណែង​លោក​ កឹម សុខា​ ​អនុ​ប្រធាន​គណបក្ស​ជំទាស់​​ចេញ​ពី​​តំណែង​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋ​សភា​បាន​ផ្ទុះ​ជា​អំពើ​ហិង្សា។

បាតុកម្ម​អហិង្សា​នៅ​មុខ​រដ្ឋសភា​ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះបាន​ប្រែ​ក្លាយ​ជា​ អំពើ​ហិង្សា​ ​ដោយ​ក្រុម​បាតុករ​បើ​ការ​វាយ​តប់​លើ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ មិនទាន់​មាន​ក្រុម​ណា​ចេញ​មក​អះអាង​ទាក់​ទិន​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​នេះ​នៅ​ឡើយ​នោះ​ទេ។​

បាតុកម្ម​ដែល​ទាមទារ​ឲ្យ​ដក​តំណែង​លោក​ កឹម សុខា​ ​អនុ​ប្រធាន​គណបក្ស​ជំទាស់ចេញ​ពីតំណែង​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋ​សភា​បាន​ផ្ទុះ​ជា​អំពើ​ហិង្សា​ ​ក្រោយ​ពេល​ដែល​បាតុករ​មួយ​ចំនួន​ ​បើក​ការ​វាយ​តប់​លើ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​នេះ។​ យ៉ាង​ហោច​ណាស់​មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ពីរ​រូប​បាន​រង​របួស​នា​ថ្ងៃ​ច័ន្ទ​នេះ។

​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទមានក្រុម​អ្នក​តវ៉ា​ប្រឆាំង​លោក ​កឹម សុខា ​ជាង​១.០០០​នាក់​ ​ដែល​គេ​ស្គាល់​ថា​ ជា​អ្នក​គាំ​ទ្រ​គណបក្សកាន់​អំណាច​របស់​លោក ​ហ៊ុន សែន​ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋ​សភា​ ​ធ្វើ​ការ​ស្រែក​សុំ​ឲ្យប្តូរ​លោក​ កឹម សុខា​ ​ចេញ​ពី​តំណែងអនុប្រធាន​រដ្ឋសភា។​ ​ក្រុម​អ្នក​តវ៉ាលើក​ហេតុ​ផល​ថា​លោក​ កឹម សុខា​ ប្រើ​នយោបាយ​បោក​ប្រាស់​ និង​លាប​ពណ៌។​

វីដេអូ​នៃ​ការ​វាយប្រហារ៖​

ក្រុម​អ្នក​តវ៉ា​ភាគ​ច្រើន​បាន​រំសាយ​ពី​មុខ​រដ្ឋសភា​ ​ក្រោយ​ពេល​ដែល​តំណាង​រដ្ឋសភា​ចេញ​មក​ទទួល​ញត្តិ។​ ខណៈ​ពេល​ដែល​រថយន្ត​របស់​ក្រុម​តំណាង​ចេញពី​រដ្ឋ​សភា​ ​ក្រុម​អ្នក​តវ៉ា​ ដែល​គេ​ជឿ​ថា​ នៅ​សេស​សល់​ បាន​រារាំង​ ​រថយន្ត​របស់តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ មុន​នឹងអូស​ពួកគាត់​ចេញ​ពី​រថយន្ត​ ធ្វើការ​វាយ​តប់​នោះ។

លោក​ យឹម សុវណ្ណ ​អ្នក​តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ VOA​ ថា​ តំណាង​រាស្ត្រ​ពីរ​រូប​គឺ​លោក​ គង់ សភា​តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង​ និង ​លោក​ ញ៉យ ចំរើន ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ត្រូវ​បាន​បាតុករ​វាយ​ ទាត់​ធាក់ឲ្យ​របួស​ក្បាល​ និង​ផ្ទៃ​មុខយ៉ាង​ធ្ងន់​ធ្ងរ។​ ​លោក​ យឹម សុវណ្ណ និង​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ថ្កោល​ទោស​ការ​វាយ​ប្រហារ​លើ​តំណាង​រាស្រ្ត​នៅ​មុខ​ស្ថាប័ន​របស់​ខ្លួន​យ៉ាង​សាហាវ​បែបនេះ។​

«បាទ!​ របួស​ធ្ងន់​ ពី​ព្រោះ​ត្រូវ​ក្បាល។​ ពួក​បាតុករ​ទាំង​នោះ​វាយ ​ទាត់​គាត់​ផង​ ​ធាក់គាត់​ផង​ ហើយ​វាយក្បាល​ និង​មុខ​គាត់​ផង​ ​ហើយ​របួសធ្ងន់​ធ្ងរ​ណាស់​ កំពុង​ព្យាបាល។​ បញ្ហា​ធ្ងន់ធ្ងរ​បែប​នេះ​មិន​គួរ​ទុក​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅ​ក្នុង​ស្ថាប័ន​កំពូល​បែប​នេះ​ទេ។​ ​ខ្ញុំ​ជឿ​ថា ​នឹង​មាន​វិធានការ​ណា​មួយ»។​

លោក​ យឹម សុវណ្ណ​ បាន​បញ្ជាក់​ថា ​អ្នក​ដែល​បើក​ការ​វាយប្រហារ​នៅ​ពេលថ្ងៃត្រង់​នេះ​គឺ​ចេញ​ពី​ក្រុម​អ្នក​តវ៉ា ​ដែល​សុំ​ឲ្យ​រដ្ឋសភាដកលោក​ កឹម សុខា ​ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋសភា​ជាតិ​នោះ។​ ​ក៏​ប៉ុន្តែ​លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​ ក្រុម​ណា​មួយ​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​វាយ​ប្រហារ​នោះ​នៅ​ឡើយ​ទេ​ ​ដោយ​ទុក​ពេល​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​ការ​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់។​ ​

«ពី​ព្រឹក​មិញ​មាន​បាតុករ​តវ៉ា​ ​ ហើយ​ថ្ងៃ​ត្រង់​ម៉ោង​១២​ និង​៣០​នាទី​គឺ​ចេញ​ពី​ក្រុម​បាតុករ​ ​មាន​មនុស្ស​មួយ​ក្រុម​តូច​ ​ដែលចេញ​ពី​ក្រុម​បាតុករ​ហ្នឹង ​មកវាយ​ប្រហារ​អ្នក​តំណាង​រាស្ត្រ។​ ​យើង​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ក្រសួង​មហា​ផ្ទៃ​ថា​ តើ​ការ​ស៊ើប​អង្កេត​នេះ​យ៉ាង​ម៉េច​នៅ​ឡើយ​នោះ​ទេ។​ ​ យើង​ចង់​ទុក​ពេល​វេលា​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ធ្វើការ​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់​ ​ហើយ​និង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ»។​

ក្រុម​អ្នក​ត​វ៉ា​ភាគ​ច្រើន​ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា​កាល​ពី​ព្រឹក​ថ្ងៃច័ន្ទ​ បាន​អះអាង​ថា​ ខ្លួន​ជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​លោក​ កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ ដែល​ធ្លាប់​សន្យា​រឿងឲ្យ​ថវិកា​ដល់​ជន​ក្រីក្រ​ និង​ចាស់​ជរា។​ ​ លើស​ពី​នេះ​ទៀត ​បាតុករ​មួយ​ចំនួន​បានប្រៀបធៀប​លោក​ទៅ​នឹង​ពួក​ខ្មែរ​ក្រហម​ ​ដែល​បង្ក​ភាព​វឹកវរ​ដល់​ប្រទេស​កម្ពុជា​នោះ។

ការ​លើក​ឡើង​របស់​ក្រុម​បាតុករ​គឺ​ស្រ​ដៀង​ទៅ​នឹង​ប្រសាសន៍​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​បាន​ថ្លែង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ។​ ​ក្នុង​នោះ​លោក​បាន​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​នឹង​អាច​មានសង្គ្រាម​ ​ប្រសិន​បើ​គណបក្ស​ជំទាស់​ឡើង​កាន់​អំណាច​នោះ។​

លោក​ សុខ​ ឦសាន​ អ្នក​តំណាង​រាស្ត្រ​ និង ​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​កាន់​អំណាច ​បាន​ថ្លែង​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ។​ ​ ​លោក​បាន​អះអាង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ដឹង​ពី​ការ​បង្ក​អំពើ​ហិង្សា​នេះ​ទេ​ ​ព្រោះ​បាតុករ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នោះ​គឺ​មាន​សមាស​ភាព​មិន​ច្បាស់​លាស់។​

«ខ្ញុំ​មិន​ដឹង​ដែរ​បាទ! ​ តែ​បើ​នរណា​គេ​រក​ឃើញ​ថា​ ជន​ណា​ជា​អ្នក​ប្រព្រឹត្ត​ អាហ្នឹង​អ្នក​ហ្នឹង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ទៅ។​ ព្រឹក​មិញ​ ​ខ្ញុំ​ចេញ​មក​ជួប​បងប្អូន​ និង​ទទួល​ញ្ញតិ​បងប្អូនគឺ​សួរ​ទៅ​ថា ​សមាសភាព​ចម្រុះ​ទេ​ មិន​មាន​នរណា​នៅ​ក្រោយ​ខ្នង​នោះ​ទេ។​ ​ ហើយ​ដល់​ពេល​ថ្ងៃត្រង់​ម៉ោង​១២​កន្លះ​ ហើយ​ខ្ញុំ​ចេញ​មក​ស្រូត​មក​ផ្ទះ ​ព្រោះ​ឃ្លាន​បាយ​ផង។​ ​ដល់​មក​ដល់​ផ្ទះ ​ទើប​អ្នក​សារព័ត៌មាន​ទូរស័ព្ទ​មក​សួរ​ហ្នឹង​ ទើប​ខ្ញុំ​មាន​ការ​ភ្ញាក់»។

លោក​ ហ៊ុន មានី​ តំណាង​រាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​ និង​ជា​កូន​ប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា៖​

«ខ្ញុំ​មិន​គាំទ្រ​ ​និង​ខ្ញុំថ្កោលទោស​លើ​អំពើ​ហិង្សា​ ​ដែល​ប្រ​ព្រឹត្ត​លើ​ប្រជា​ពលរដ្ឋ​ ​និង​ជា​ពិសេស​លើ​តំណាង​រាស្ត្រ​ ហើយ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ ដើម្បី​វែក​មុខ​ ​និង​ដាក់​ទោស​ដល់​ជន​ដៃ​ដល់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទាំង​នេះ​ ស្រប​តាម​គោល​ការណ៍​នីតិរដ្ឋ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

VOA​ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​ប៉ូលិស​ជាតិ​បាន​ទេ។​

លោក​ អំ សំអាត​ ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​បាន​បញ្ជាក់​ពី​ការព្រួយ​បារម្ភ​ ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ទៅលើ​តំណាង​រាស្ត្រ​ដែល​ជា​ «ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ និង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។​ ​លោក​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​ស្វែង​រក​ចាប់​ខ្លួន​អ្នកដែល​បើក​ការ​វាយ​ដំ​លើ​តំណាង​រាស្ត្រ​បែប​នេះ។​

«ហើយ​បើ​មិន​អញ្ចឹង​ទេ​ គឺ​យើង​ឃើញ​ហើយ​ឋានៈ​ដល់​ទៅ​តំណាង​រាស្ត្រ​ ដែល​ជា​អ្នក​បង្កើត​ និង​អនុម័ត្រ​ច្បាប់​ ត្រូវគេ​ធ្វើ​ការ​វាយដំ​និង​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ពេល​បំពេញ​កិច្ច​ការងារ​ ដូច្នេះ​បើ​គ្មាន​ការ​ចាត់​វិធាន​ការ​ណា​មួយ​នោះ​ទេ ​អាហ្នឹង​ហើយ​វា​គឺ​ជា​ការ​រើស​អើង​ និន្នាការ​នយោបាយ​បាទ!»។​

ប្រតិកម្ម​ពី​លោក​ សម រង្ស៊ី នៅ​រាត្រី​ថ្ងៃ​ច័ន្ទ៖

លោក​អំ សំអាត​ ​ដែល​ឃ្លាំ​មើល​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ​បាន​បញ្ជាក់​ប្រាប់​ VOA​ ​ពី​ភាព​ខុស​ប្លែក​នៃ​ការ​ធ្វើ​បាតុកម្ម​នា​មុខ​រដ្ឋ​សភា​ ​ដោយ​មិន​មាន​វត្ត​មាន​នៃ​ក្រុម​ប៉ូលិស​ប្រឆាំង​កុប្បកម្ម​ ឬ​មិនមាន​ការ​រារាំង​ពី​សមត្ថកិច្ច​អ្វី​នោះ​ឡើយ។​ ​ ក្រុម​បាតុករ​ទាំងនោះ ​ដែល​អះ​អាង​ថា ​ខ្លួន​ជា​តំណាង​ប្រជា​ពលរដ្ឋ​ ​អាច​ធ្វើ​ការ​ដើរ​ក្បួន​ និង​ស្រែក​ហោរ​ ​នា​មុខ​បរិវេណ​រដ្ឋ​សភាជាតិ​ដោយ​សេរី។

ការ​វាយប្រហារ​លើ​ក្រុម​អ្នក​តំណាង​រាស្ត្រ​នេះ​បាន​កើត​មាន​ឡើង​មួយ​ម៉ោង​ក្រោយ​ពេល​ដែល​បាតុករ​ភាគ​ច្រើន​ធ្វើ​ការ​រំសាយ​ និង​វិល​ត្រឡប់​ទៅ​ទី​លំនៅ​រៀងៗ​ខ្លួន​វិញ៕

XS
SM
MD
LG