ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ឃុំ​ខ្លួន​មនុស្ស​បី​នាក់​ដែល​សារភាព​ការវាយដំ​តំណាង​រាស្ត្រ


សុត​ វណ្ណនី ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ ដែល​បាន​ចូល​ខ្លួន​សារភាព​ជា​អ្នក​ប្រព្រឹត្ត​ការវាយ​ប្រហារ​លើ​អ្នក​តំណាងរាស្រ្ត​ ត្រូវ​បាន​នាំ​ខ្លួន​​ដោយ​ប៉ូលិស​នៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។
សុត​ វណ្ណនី ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ ដែល​បាន​ចូល​ខ្លួន​សារភាព​ជា​អ្នក​ប្រព្រឹត្ត​ការវាយ​ប្រហារ​លើ​អ្នក​តំណាងរាស្រ្ត​ ត្រូវ​បាន​នាំ​ខ្លួន​​ដោយ​ប៉ូលិស​នៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។

តុលាការ​​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​ជន​បីរូប​ជា​បណ្តោះ​អាសន្ន​ ​ក្រោយ​ពេល​សាក​សួរ​ពេញ​មួយ​ថ្ងៃ​ ​ក្នុង​ថ្ងៃ​ពុធ​នេះ​ ​ ​​បន្ទាប់​ពី​បុរស​ទាំង​បីនាក់​ចេញ​មក​សារភាព​ទទួល​ទោស​ថា​ ខ្លួន​ជាជន​ដៃ​ដល់​បើក​ការ​វាយ​ប្រហារ​លើ​​តំណាង​រាស្ត្រ​​របស់​គណបក្ស​ជំទាស់។​

តុលាការក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​ជន​បីរូប​ជា​បណ្តោះ​អាសន្ន​ ​ក្រោយ​ពេល​សាក​សួរ​ពេញ​មួយ​ថ្ងៃ​ ​ក្នុង​ថ្ងៃ​ពុធ​នេះ​ ​ បន្ទាប់​ពី​បុរស​ទាំង​បីនាក់​ចេញ​មក​សារភាព​ទទួល​ទោស​ថា​ ខ្លួន​ជាជន​ដៃ​ដល់​បើក​ការ​វាយ​ប្រហារ​លើតំណាង​រាស្ត្ររបស់​គណបក្ស​ជំទាស់។​

កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ​ជន​បីរូប​ ដែល​មាន​ឈ្មោះ​ម៉ៅ ហឿន​ អាយុ​៣៤​ឆ្នាំ​ មក​ពី​ខេត្ត​ព្រៃវែង​ ​ ចាយ សារិទ្ធ​ អាយុ​៣៣​ឆ្នាំ​ ​និង​សុត វណ្ណនី​ អាយុ​៤៥​ឆ្នាំ រស់​នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ ​បាន​ស្ម័គ​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​និង​អះអាង​ថា​ ពួក​ខ្លួន​ជា​អ្នក​បង្ក​របួស​ស្នាម​ដល់​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​ ​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហា​ផ្ទៃ។​

ជន​ទាំងបី​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​សាក​សួរ​នៅ​តុលាការក្រុង​ភ្នំពេញ​ភ្លាមៗ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ។​ ​ព្រះ​រាជ​អាជ្ញា​រង​នៃ​តុលាការក្រុង​ភ្នំពេញ​គឺលោក​ មាស ចាន់​ពិសិដ្ឋ​ បាន​បញ្ជាក់​ប្រាប់ ​VOA​ នារសៀល​ថ្ងៃ​ពុធ​នេះ​ថា​ លោក​កំពុង​សាក​សួរ​ជន​ទាំង​បីរូប​និ​ង​កំណត់​បទ​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​ទាំង​បីនាក់​នេះ។​

មុន​ពេល​បិទ​ទូរស័ព្ទ​ លោក​មាស​ ​ចាន់​ពិសិដ្ឋ​បាន​ថ្លែង​ដូច្នេះ៖​

«ខ្ញុំ​កំពុង​ពិចារណា​ពី​បទចោទ។​ ឥឡូវខ្ញុំ​កំពុង​ពិនិត្យ​សិន​ណា។​ សុំទោស​ ចាំ​ខ្ញុំ​ពិនិត្យ​ហើយ​សិន ​ចាំ​សម្រេច​ពី​បទ​ចោទ​ប្រកាន់»។​

ក្រោយ​ពេលចោទ ​និង​បញ្ជូន​ជន​ទាំង​បីរូប​ទៅ​កាន់​ពន្ធនាគារ​ នា​ល្ងាច​ថ្ងៃ​ពុធ​នេះ ​ ​លោក​មាស​ ​ចាន់​ពិសិដ្ឋ​ ​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា​ លោក​បាន​ចោទបុរស​ទាំង​បីពី​បទ​បង្ក​«ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បតិ្ត ​ដោយ​មាន​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស»​ ​មុន​នឹង​បញ្ជូន​ពួកគេ​ទៅ​កាន់​គុក​ព្រៃ​ស​ នា​ល្ងាច​ថ្ងៃ​ពុធ។​

តាម​ច្បាប់​ព្រហ្មទណ្ឌកម្ពុជា​ ជន​ទាំង​បីរូប​អាច​ត្រូវ​ជាប់​ទោស​យ៉ាង​ហោច​ណាស់​ ៧​ឆ្នាំ​ក្នុង​ពន្ធនាគារ​ ​បើ​សិន​តុលាការរក​ឃើញ​ថា​ មាន​ទោស​នោះ។​

កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​កន្លង​ទៅ​ ​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​ជំទាស់​គឺ​លោក​គង់​ សភា​ និង​លោក​ញ៉យ ចំរើន​ត្រូវ​បាន​ក្រុម​ជនបិទ​មុខ​ស្ទាក់​រថ​យន្ត​ និង​ទាញ​រូប​លោក​ចេញ​ពី​រថយន្ត​ ​មុន​ពេល​បើក​ការ​វាយ​ទាត់​ធាក់​ ​ដោយ​មិន​មាន​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​មាន​សមត្ថ​កិច្ច​នោះ​ទេ។​ ​គេ​ជឿថា ​ក្រុម​ជន​សង្ស័យ​ទាំង​នោះ​គឺ​ជា​បាតុករ​ដែល​នៅ​សេស​សល់​ពី​ការ​តវ៉ា​ឲ្យ​មាន​ការ​ដកលោក​កឹម​ សុខា​ ចេញ​ពី​តំណែង​អនុ​ប្រធាន​ទីមួយ​នៃរដ្ឋ​សភា​ជាតិ។​ លោក​គឺជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ជំទាស់។ រូបភាព​នៃ​ការ​វាយ​ប្រហា​រលើ​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​ជំទាស់​ត្រូវ​បាន​គេ​ចែក​ចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

យ៉ាង​ណា​ក៏​ដោយ​ លោក​យ៉ែម បុញ្ញាឫទ្ធិ​ ​អ្នក​នាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សាទរ​ដោយ​ប្រយ័ត្ន​ប្រយែង​ ចំពោះ​ការ​ចេញ​មក​សារភាព​របស់​ជន​ទាំង​បីរូបនេះ​ ​ក៏​ប៉ុន្តែ​លោក​បាន​បង្ហាញ​ពី​មន្ទិល​ថា​ ជន​សង្ស័យ​ដែល​ធ្វើការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​កន្លង​ទៅនោះ អាច​មាន​ច្រើន​ជាង​នេះ​ទៀត។

«គណបក្ស​សង្គ្រោះ​ជាតិ​យើង​ស្វាគមន៍​ចំពោះ​ការ​ចេញ​មក​បង្ហាញ​ខ្លួន​ ហើយ​និង​ ​ការងារ​របស់សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត ។​ ​ ក៏ប៉ុន្តែ​ ចំនួន​បីរូប​ បើ​តាម​មើល​វីដេអូ​លើ​បណ្តាញសង្គម​គឺ​វា​មាន​ច្រើន​ជាង​នេះ។​ ​ យើង​សង្ឃឹម​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​លោក​នឹង​បន្ត​ការងារ​នេះ​ទៀត»។​

ស្រប​គ្នា​នោះ​ដែរ​ ​លោក​អំ សំអាត​ ប្រធាន​ក្រុម​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ ​លីកាដូ​ ​បាន​ប្រាប់​ VOA​ ​ថា ​ការ​ចេញ​មុខ​សារភាព​របស់​ក្រុម​ដៃ​ដល់​គឺ​វា​ហាក់​ដូចជា​«មាន​ការ​ចម្លែក​បន្តិច»​ ដោយ​សារ​តែ​ការ​ចេញ​សារភាព​នេះ​ធ្វើឡើងក្រោយ​ពេលដែល​អាជ្ញាធរ​ប៉ូលិស​ធ្វើ​ការ​បញ្ជាក់​ពី​ឧបសគ្គ​ក្នុង​ការ​វែក​មុខ​ជន​ដៃ​ដល់​ និង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​លោក​ហ៊ុន សែន​អំពាវនាវ​ឲ្យ​មាន​ការ​ចូល​សារភាព​នោះ។

លោកអំ សំអាត​បញ្ជាក់​ទៀត​ថា៖​

«តាម​ការណ៍​ពិត ​ការ​ចេញ​មក​សារភាពនេះ​គឺវា​ជាការ​កាន់​បន្ថយ​មួយ​សម្រាប់ការ​រិះគន់​ និង​ការ​ដាក់​សម្ពាធ​សម្រាប់រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​គណបក្ស​កាន់​អំណាច។​ អញ្ចឹង​បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​យើង​ជា​សង្គម​ស៊ីវិល​ ​ទាំង​ជាតិ​និង​អន្តរ​ជាតិ​ នៅ​តែ​បន្តរ​ឃ្លាំ​មើល​បន្ត​ទៀត​យ៉ាង​យក​ចិត្ត​ទុក​ដាក់»។​

ការ​ចេញ​មក​សារភាព​របស់​បុរស​ទាំង​បីរូប​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការថ្កោល​ទោស​ និង​ការ​រិះគន់យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល​នានា​ ស្ថានទូត​ប្រចាំ​ប្រទេស​កម្ពុជា​ ​និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដ៏​មាន​ឥទ្ធិពល​ ផង​ដែរ ​ចំពោះ​ការ​វាយ​ប្រហារ​យ៉ាង​សាហាវ​លើ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ក្នុង​អភ័យ​ឯក​សិទ្ធិ​នោះ៕​

XS
SM
MD
LG