កម្មវិធីផតខាសថ៍៖ កម្ពុជាសម្លឹងទៅមុខ
កម្ពុជាសម្លឹងទៅមុខ
រដូវកាលទី ២ – វប្បធម៌ឌីជីថល
ខណៈកំពុងបណ្តាក់ទុននិងបង្កើតទស្សនវិស័យថ្មីដើម្បីពង្រឹងវិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន កម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាជាច្រើនរួមមានកង្វះធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធនិយ័តកម្ម ស្របពេលដែលបច្ចេកវិទ្យានីមួយៗតែងបង្កើតជាបញ្ហានានាក្នុងសង្គមផងដែរ។ ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីផលវិបាក និងសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល សម្រាប់កម្មវិធីផតខាសថ៍កម្ពុជាសម្លឹងទៅមុខ រដូវកាលទី ២ VOA បានសម្ភាសអ្នកស្រាវជ្រាវបីរូប ដែលបានស្រាវជ្រាវនិងសរសេរជំពូកសៀវភៅអំពីវិស័យឌីជីថល។
កម្មវិធីផតខាសថ៍វប្បធម៌ឌីជីថលនេះផ្តោតលើប្រធានបទធំមួយដែលយើងហៅថា «វប្បធម៌ឌីជីថល» ឬជាភាសាអង់គ្លេស Digital Culture ដែលសំដៅលើឱកាសនិងកត្តាប្រឈមនៃការប្រើប្រាស់បច្ចេកវិទ្យានានា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងសង្គម និងជំរុញឲ្យមានការផ្លាស់ប្តូរវិជ្ជមានជាបន្តបន្ទាប់ ហើយជាពិសេសបង្កើនលទ្ធភាពឲ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួនក្នុងគ្រប់វិស័យ៕
VOA បានបង្កើតកម្មវិធីផតខាសថ៍ថ្មីមួយឈ្មោះ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ដែលជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវ និងអ្នកនិពន្ធ១៦នាក់ ក្នុងកម្រងសៀវភៅបីក្បាល ក្រោមចំណងជើងថា៖ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040»។
VOA បានសហការជាមួយ វេទិកាអនាគត Future Forum ដែលបានបោះពុម្ពផ្សាយកម្រងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040» នេះ ដើម្បីនាំមកនូវការប្រមើលមើលពីស្ថានភាពប្រទេសកម្ពុជាក្នុងឆ្នាំ ២០៤០ ដោយផ្តោតលើប្រធានបទសំខាន់ៗ ដូចជា ការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ សង្គម គោលនយោបាយ វិស័យការបរទេស និងអភិបាលកិច្ចជាដើម។
សម្លឹងមើលអនាគតប្រទេសកម្ពុជា
នៅក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ អ្វីដែលបានកើតឡើងលើប្រទេសកម្ពុជាគឺការផ្លាស់ប្តូរដ៏ឆាប់រហ័សនិងជឿនលឿនមួយ។
កម្ពុជាគឺជាប្រទេសដែលត្រូវបានហែកហួរដោយសង្រ្គាម ហើយទើបតែទទួលបានសន្តិភាពពេញលេញ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១។ ចាប់តាំងពីពេលនោះមក ប្រទេសអាស៊ីអាគ្នេយ៍ដ៏តូចមួយនេះបានអភិវឌ្ឍខ្លួន ហើយទទួលបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ដោយមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងមានស្តង់ដារស់នៅកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
សព្វថ្ងៃនេះ ប្រទេសកម្ពុជាកំពុងមានឱកាសនិងបញ្ហាប្រឈមថ្មីៗជាបន្តបន្ទាប់ ខណៈដែលប្រជាជនប្រមាណ ១៦ លាននាក់របស់ខ្លួន កំពុងចូលរួមក្នុងដំណើរនិន្នាការសកលធំៗមួយចំនួន រួមមានការរីករាលដាលនៃឥទ្ធិពលរបស់ប្រទេសចិន ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចសកលដែលគ្រប់គ្រងដោយប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប។
នៅក្នុងរយៈពេលពីរទសវត្សទៅមុខទៀត តើនឹងមានអ្វីកើតឡើងលើប្រទេសកម្ពុជា?
កម្រងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040» បានប្រមូលផ្តុំក្រុមអ្នកជំនាញ ដើម្បីប្រមើលមើលសេណារីយ៉ូផ្សេងៗ ដែលប្រទេសកម្ពុជាអាចនឹងប្រឈមមុខ នៅឆ្នាំ២០៤០។ បោះពុម្ពផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ វេទិកាអនាគត ឬ Future Forum សហការជាមួយមូលនិធិ Konrad Adenauer កម្រងសៀវភៅបីក្បាលនេះ កំណត់ឲ្យអ្នកនិពន្ធនិងអ្នកស្រាវជ្រាវ ខ្មែរឆ្លើយសំណួរសំខាន់ៗ ដោយពិនិត្យមើលប្រធានបទចំនួន ២៨ ផ្សេងគ្នា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រាប់តាំងពីគោលនយោបាយរូបិយវត្ថុ និងបដិវត្តឧស្សាហកម្មទី៤ រហូតដល់ការទូតអេកូឡូស៊ី។
លោក អ៊ូ វីរៈ ប្រធាននិងស្ថាបនិកវេទិកាអនាគត ថ្លែងថា៖ «យើងព្យាយាមជជែកគ្នាពីការរំពឹងទុកលើដំណើរការធំៗ ដែលយើងហៅថា Mega Trends។ ហើយទីពីរគឺ យើងខំព្យាយាមព្យាករណ៍ ដើម្បីជំរុញឲ្យមានទស្សនវិស័យមួយ ថាតើយើងជាប្រទេសកម្ពុជាត្រូវធ្វើយ៉ាងម៉េច ដើម្បីដើរទៅអនាគតមួយ ដែលយើងចង់បាន ហើយអាចធ្វើទៅបាន»។
ការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលថ្មីៗនេះ នៅក្នុងវិស័យសេដ្ឋកិច្ច សុខាភិបាល ការអប់រំអភិបាលកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ហាក់ដូចជាបានដាក់ប្រទេសកម្ពុជានៅក្នុងដំណើរច្បាស់លាស់មួយ ឆ្ពោះទៅកាន់ការឡើងឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដែលជាគោលដៅរបស់រដ្ឋាភិបាលកម្ពុជា។
លោក អ៊ូ វីរៈ ពន្យល់ថា៖ «បើសិនជាកម្ពុជាអាចបន្តកំណើនសេដ្ឋកិច្ច ៧ភាគរយ ក្នុង១០ឆ្នាំគឺសេដ្ឋកិច្ចរបស់យើងឡើងមួយជាពីរ ក្នុង២០ឆ្នាំអាចនឹងឡើងមួយជាបួន។ ហើយបើសិនជាអាចឡើងមួយជាបួន គឺប្រទេសកម្ពុជានៅឆ្នាំ២០៤០ អាចក្លាយជាប្រទេសប្រាក់ចំណូលកណ្តាលមួយ»។
លោក អ៊ូ វីរៈ និយាយថា ក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅពេលអនាគគត កម្ពុជាត្រូវបង្កើតគោលនយោបាយចាំបាច់នានា ដើម្បីរក្សាអត្រាកំណើនសេដ្ឋកិច្ច កាត់បន្ថយគម្លាតទ្រព្យសម្បត្តិ និងការពារប្រជាជនក្រីក្របំផុត និងបង្កើនផលប្រយោជន៍ជាតិ ក្នុងទំនាក់ទំនងជាមួយប្រទេសដទៃទៀត។
លោកថ្លែងថា កម្រងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០» នាំមកនូវការពិភាក្សាអំពីគោលនយោបាយចាំបាច់ទាំងនោះ។ អត្ថបទប្រមាណ ៣០ ជំពូក សរសេរដោយអ្នកនិពន្ធនិងអ្នកស្រាវជ្រាវខ្មែរពីគ្រប់ជំនាញ ត្រូវបានបោះពុម្ពផ្សាយក្នុងកម្រងសៀវភៅបីក្បាល «កម្ពុជាឆ្នាំ ២០៤០» នេះ។
VOA បានអញ្ជើញអ្នកនិពន្ធនិងអ្នកស្រាវជ្រាវ ១៦ នាក់ មកពិភាក្សាអំពីការរកឃើញ និងអនុសាសន៍របស់ពួកគេលើអនាគតនៃប្រទេសកម្ពុជា នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» នេះ។
កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» មានចំនួន ១៦ភាគ និងចាក់ផ្សាយតាមវិទ្យុ VOA ក្នុងរយៈពេល៨ខែ នៅរៀងរាល់យប់ថ្ងៃពុធ សប្តាហ៍ទី ១ និងសប្តាហ៍ទី ៣ ក្នុងខែនីមួយៗ៕
ក្រុមការងារ
បទសម្ភាសន៍៖ ផន បុប្ផា . សឹង សុផាត . ស៊ូ ពេជ្រចិន្តា . អូន ឆេងប៉រ . ស៊ុន ណារិន . កាន់ វិច្ឆិកា
និពន្ធនិងផលិត៖ ទែន សុខស្រីនិត
ក្រាហ្វិកនិងវីដេអូ៖ ចាប ចិត្រា . Joey Chou . ទែន សុខស្រីនិត
និពន្ធនាយក៖ ចាប ចិត្រា . Chris Decherd
អំពីគម្រោង
កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» គឺជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវនិងសរសេរអត្ថបទក្នុងកម្រងសៀវភៅបីក្បាល ក្រោមចំណងជើងថា៖ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040» ដោយផ្តោតលើការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ សង្គម វិស័យការបរទេស និងអភិបាលកិច្ចជាដើម។