«កម្ពុជាសម្លឹងទៅមុខ»៖ សុវត្ថិភាពចំណីអាហារ
សម្ភាសដោយ កាន់ វិច្ឆិកា ផលិតដោយ ទែន សុខស្រីនិត, និពន្ធនាយក Chris Decherd និង ចាប ចិត្រា
នៅប្រទេសកម្ពុជា ទំនិញក្លែងក្លាយ និងផលិតផលចំណីអាហារគ្មានសុវត្ថិភាព នៅតែជាបញ្ហាសុខាភិបាលដ៏ចម្បងដែលបង្កផលប៉ះពាល់ដល់សុខភាពសុខមាលភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ការទទួលទានចំណីអាហារនិងការប្រើប្រាស់ផលិតផលដែលគ្មានគុណភាពនិងសុវត្ថិភាព ក៏បណ្តាលឲ្យដំណើរការសេដ្ឋកិច្ចមានភាពយឺតយ៉ាវផងដែរ ដោយសារការចំណាយថវិកាដើម្បីព្យាបាលជំងឺនៅក្នុងប្រទេសនិងក្រៅប្រទេស។
ជារៀងរាល់ឆ្នាំ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង បានចុះអន្តរាគម ចាប់បានទំនិញរួមទាំងផលិតផលចំណីអាហារដែលក្លែងក្លាយ ខូចគុណភាព មានជាតិគីមីលើសកម្រិតសុវត្ថិភាព និងផុតកាលកំណត់ឲ្យប្រើប្រាស់ រាប់លានតោន។ ការធានាឲ្យមានផលិតផលចំណីអាហារ និងគ្រឿងឧបភោគបរិភោគដែលទ្រទ្រង់សុខភាព សុខមាលភាព និងអាយុជីវិតរបស់ប្រជាជនក្នុងប្រទេសទាំងស្រុង នៅតែត្រូវការកិច្ចខិតខំប្រឹងប្រែងផ្នែក «សុវត្ថិភាពចំណីអាហារ» ដ៏វែងឆ្ងាយទៅមុខទៀត។
ស្តាប់ភាគទី ១៣ លើបណ្តាញ Apple Podcasts និង Google Podcasts
កញ្ញា ហ៊ុយ សុខគា អ្នកនិពន្ធម្នាក់នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» បានលើកឡើងថា៖ «ខ្ញុំគិតថា ស្ថានភាពចំណីអាហារនៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃហ្នឹង មានភាពប្រសើរឡើងជាងមុន ដោយសារតែយើងមានជម្រើសច្រើនជាងមុន។ យើងមានជម្រើសសាច់ ជម្រើសបន្លែ។ ហើយគុណភាពនៃអនាម័យហ្នឹង ក៏ខ្ញុំមើលឃើញថា ប្រសើរជាងមុនដែរ»។
កញ្ញាបានកត់សម្គាល់ថា៖ «ប៉ុន្តែ យើងនៅតែមើលឃើញកត្តាប្រឈមជាច្រើន ដែលយើងគួរតែគិត និងដោះស្រាយ។ បើយើងក្រឡេកមើលចំណីអាហារទូទៅ យើងក៏គួរតែក្រឡេកមើលថាតើ ចំណីអាហារនោះមានប្រភពមកពីណា តាំងពីការដាំដុះ តាំងពីការចិញ្ចឹមសត្វ រហូតដល់បាយនៅលើតុយើង ដែលយើងញុំាជាមួយនឹងម្ហូបផ្សេងៗហ្នឹង»។
នៅកម្ពុជាក្នុងចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ មនុស្សយ៉ាងហោចណាស់ ៥៤ នាក់ បានស្លាប់ ដោយសារការពុលអាហារ បន្ទាប់ពីបរិភោគចំណីអាហារគ្មានសុវត្ថិភាព។ បន្ថែមលើនេះ បញ្ហាចំណីអាហារគ្មានសុវត្ថិភាពនេះ បានបង្កឲ្យមនុស្សប្រមាណ ៣,៦០០ នាក់ ធ្លាក់ខ្លួនឈឺ និងប្រមាណ ៣,៥០០ នាក់ទៀត ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមរបាយការណ៍របស់ការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាល។
ក្រុមពលរដ្ឋដែលងាយរងគ្រោះជាងគេ រួមមានកុមារដែលមានអាយុក្រោម ៥ឆ្នាំ ស្ត្រីមានផ្ទៃពោះ ក្រុមពលរដ្ឋវ័យចំណាស់ដែលមានអាយុលើស ៦៥ ឆ្នាំ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយទន់ខ្សោយ។ ក្រុមអ្នកជំនាញខាងសុវត្ថិភាពចំណីអាហារ បានលើកឡើងថា កត្តាសំខាន់ៗមួយចំនួន ដែលជាមូលហេតុនៃការពុលចំណីអាហាររួមមាន ការបរិភោគអាហារមានលាយឡំជាមួយនូវសារធាតុកខ្វក់ អាហារមានពពួកប៉ារ៉ាស៊ីតវីរុស ឬបាក់តេរីដែលអាចបង្កជាជំងឺ និងអាហារមានសារធាតុគីមីហួសកម្រិតសុវត្ថិភាពជាដើម។
ដោយឡែកការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារនៅក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាទូទៅ នៅមានកម្រិតនៅឡើយ ជាពិសេសក្នុងចំណោមអាជីវកម្មផលិតចំណីអាហារ ដែលលក់ដូរចល័តតាមដងផ្លូវ ដូចជារទេស និងទោចក្រយានយន្តជាដើម។
ក្រុមអ្នកស្រាវជ្រាវប្រចាំអង្គការ CGIAR បានរកឃើញថា ចំណីអាហារផលិតដោយអាជីវកម្មទាំងនេះ មិនមានអនាម័យ និងសុវត្ថិភាព។ បន្ថែមលើនេះ ប្រជាពលរដ្ឋកម្ពុជាភាគច្រើន ទទួលស្គាល់ថា ចំណីអាហារប្រចាំថ្ងៃរបស់ពួកគេ មិនមានសុវត្ថិភាពខ្ពស់នោះទេ ដោយបានលើកឡើងអំពីការប្រើប្រាស់ជាតិគីមីកាន់តែខ្លាំង ក្នុងដំណើរការដាំដំណាំកសិផលនិងការចិញ្ចិមសត្វជាដើម។
ដោយទទួលស្គាល់អំពីបញ្ហាប្រឈមនានាក្នុងវិស័យសុវត្ថិភាពចំណីអាហារនៅកម្ពុជា កាលពីឆ្នាំ ២០១៥ រដ្ឋាភិបាលកម្ពុជាបានបង្កើតសេចក្តីព្រាងច្បាប់មួយ ស្តីអំពីសុវត្ថិភាពម្ហូបអាហារ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការអភិវឌ្ឍន៍មួយចំនួនដូចជា ទីភ្នាក់ងារស្បៀងអាហារពិភពលោក World Food Program (WFP) ទីភ្នាក់ងារអភវិឌ្ឍន៍ USAID និងអង្គការស្បៀងអាហារប្រចាំអង្គការសហប្រជាជាតិ ហៅកាត់ថា FOA។
សេចក្តីព្រាងច្បាប់នេះ ដែលមាន ១១ ជំពូក ៥៣ មាត្រា គ្របដណ្តប់លើម្ហូបអាហារទាំងកែច្នៃ និងមិនកែច្នៃដែលមានកំណត់ក្នុងច្បាប់ ព្រមទាំងលើខ្សែចង្វាក់ផលិតកម្មម្ហូបអាហារទាំងមូល ស្របតាមគោលការណ៍សុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុបរិភោគ។ ក្រៅពីនេះ កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជា ក៏បានបង្កើនថវិកាជាតិសម្រាប់វិស័យសន្តិសុខសង្គមដល់ ៣៧,៤ ភាគរយ គឺ ៨,៩ ភាគរយច្រើនជាងឆ្នាំ ២០១៩ ដើម្បីពង្រីកនិងពង្រឹងសុវត្ថិភាពចំណីអាហារនិងផលិតផលនៅកម្ពុជា។
អំពីវាគ្មិន៖ កញ្ញា ហ៊ុយ សុខគា
មានដើមកំណើតនៅរាជធានីភ្នំពេញ ក្នុងគ្រួសារមានប្រាក់ចំណូលមធ្យមដែលមានមុខរបរជាអ្នកជួញដូរខ្នាតតូចក្នុងផ្សារធំថ្មី កញ្ញា ហ៊ុយ សុខគា តែងតែសង្កេតមើលលើការលក់ម្ហូបចំណីអាហារគ្រប់ប្រភេទក្នុងទីផ្សារតាំងពីវ័យកុមារ។ ជាអ្នកដែលមិនមានភាពធន់នឹងចំណីអាហារសុខគា ចាប់ផ្តើមចាប់អារម្មណ៍ទៅលើរបៀបរៀបចំទុកដាក់អាហារឲ្យមានប្រសិទ្ធភាព។ នៅពេលធំដឹងក្តី សុខគា បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចគោលនយោបាយនៅមហាវិទ្យាល័យ Williams College ស្ថិតក្នុងទីក្រុង Williamstown រដ្ឋ Massachusettsសហរដ្ឋអាមេរិក។ សុខគា បានសិក្សាយ៉ាងស៊ីជម្រៅលើគោលនយោបាយសន្តិសុខសង្គម ដើម្បីដោះស្រាយបញ្ហាក្រីក្រតាមរយៈគោលនយោបាយរដ្ឋាភិបាល ដែលផ្តោតទៅលើសុខមាលភាពចំណីអាហារ និងសុខភាពទូទៅ។ ដោយមានបទពិសោធន៍ធ្វើការនៅតាមអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិនានាអស់រយៈពេលជាង១០ ឆ្នាំកន្លងមកនេះ សុខគា មានគោលបំណងដោះស្រាយបញ្ហាសង្គមទាក់ទងនឹងចំណីអាហារនៅកម្ពុជាតាមរយៈការសិក្សាស្រាវជ្រាវ៕