លោក Robert Mugabe អតីតមេដឹកនាំនៃប្រទេស ស៊ីមបាវ៉េ ដែលបានក្ស័យជីវិតនៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រ ក្នុងជន្មាយុ៩៥ឆ្នាំបានបន្សល់ទុកកេរដំណែលសាំញ៉ាំមួយ។
សម្រាប់មនុស្សខ្លះ លោកជាវីរបុរសម្នាក់ខាងការរំដោះជាតិដែលប្រកាន់តាមគោលការណ៍របស់លោក។ ចំណែកឯអ្នកឯទៀតវិញយល់ឃើញថា លោកជាអ្នកគៃបន្លំសន្លឹកឆ្នោតហើយថា លោកបានបំផ្លាញសេដ្ឋកិច្ចប្រទេស ស៊ីមបាវ៉េ ដែលធ្លាប់ជាប្រទេសផលិតកសិកម្មច្រើនជាងគេក្នុងទ្វីបអាហ្វ្រិក។ អ្នកទាំងនេះក៏និយាយដែរថា លោក Mugabe បានបំភិតបំភ័យប្រជារាស្ត្រច្រើនទសវត្សរ៍មកហើយ។
លោកប្រធានាធិបតីបច្ចុប្បន្ន Emmerson Mnangagwa បានប្រកាសតាម Twitter អំពីមរណភាពរបស់លោក Mugabe កាលពីថ្ងៃសុក្រ។
លោក Mnangagwa បាននិយាយថា៖ «ដោយមានទុក្ខព្រួយយ៉ាងក្រៀមក្រំបំផុតដែលខ្ញុំប្រកាសអំពីមរណភាពរបស់សមមិត្ត Robert Mugabe បិតាអ្នកបង្កើតប្រទេស ស៊ីមបាវ៉េ និងអតីតប្រធានាធិបតី»។
អត្ថបទទីពីរតាម Twitter បានពណ៌នាលោក Mugabe ថាជាមនុស្សសំខាន់ម្នាក់នៃការរំដោះប្រទេសជាតិ, ជាអ្នកអាហ្វ្រិកនិយមខ្លាំងក្លាម្នាក់ដែលបានបូជាជីវិតរបស់លោកដល់ការរើបម្រះពីនឹមអាណានិគម និងការផ្តល់អំណាចជូនប្រជារាស្ត្ររបស់លោក។
ឯកអគ្គរដ្ឋទូតសហភាពអាហ្វ្រិក ប្រចាំស.រ.អា. លោក Arikana Chihombori-Quao បានពណ៌នាលោក Mugabe ថាជាមនុស្សក្លាហានដោយផ្តល់កិត្តិយសជាពិសេសឱ្យលោកអំពីអ្វីដែលលោក Mugabe ហៅថាកំណែទម្រង់ដីធ្លីនិងអ្វីដែលពួកអ្នករិះគន់លោកហៅថា ជាការរឹបអូសយកកសិដ្ឋានរបស់ក្រុមជនស្បែកស។
ក៏ប៉ុន្តែមានមនុស្សច្រើននាក់ទៀតមានទស្សនៈអវិជ្ជមានអំពីលោក Mugabe។
លោក Muleya Mwananyanda នាយករងនៃអង្គការ Amnesty International ប្រចាំតំបន់ខាងត្បូងនៃទ្វីបអាហ្វ្រិក បាននិយាយថា៖ «នៅពេលលោកបង្ហាញខ្លួនលោកថា ជាអ្នកជួយស្រោចស្រង់ប្រទេស ស៊ីមបាវ៉េ លោក Robert Mugabe បានធ្វើឱ្យមានការខូចខាតច្រើនដល់ប្រជារាស្ត្រនិងកេរ្តិ៍ឈ្មោះនៃប្រទេសនេះ»៕