ស្ត្រី​ច្នៃ​ម៉ូត​វ័យ​ក្មេង​កម្ពុជាទៅ​តាំងពិព័រណ៍​នៅអាល្លឺម៉ង់

ក្រុម​អ្នក​បង្ហាញ​ម៉ូត កំពុង​ដើរ​បង្ហាញ​ដោយ​ស្លៀក​សម្លៀកបំពាក់​ច្នៃ​ដោយ​យុវតី​ចំនួន​១២​រូប ក្នុង​កម្មវិធី​ការបង្ហាញម៉ូត Fashion Function លើកទីបី នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

ស្ត្រី​អ្នក​ច្នៃ​ម៉ូតវ័យ​ក្មេង​​កម្ពុជា​​ទាំង​១២​រូប ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​​ពី​​មជ្ឈ​មណ្ឌល​រចនា​បែប​ទំនើប (Modern Ethnic Design Center)។​ ហើយ​ពួក​គេ​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែងនៅ​កម្ពុជា ​មុន​នឹង​ត្រូវ​​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​អាល្លឺម៉ង់។

សម្លៀក​បំពាក់​បែប​លោក​ខាង​លិចចំនួន​១៧៥​ម៉ូត ​ដែល​ច្នៃ​ប្រឌិត​ដោយ​ស្ត្រី​អ្នក​ច្នៃ​ម៉ូត​វ័យ​ក្មេង​របស់​កម្ពុជា​ចំនួន​១២​រូប ត្រូវ​បាន​បង្ហាញ​ឡើង​លើ​កម្រាល​ព្រំ​ពណ៌​ប្រផេះ ​ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែងមួយ​ក្នុង​កម្មវិធី Fashion Function នៅ​រាជធានី​ភ្នំពេញ។

Fashion Function គឺជា​គម្រោង​រួមគ្នា​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​ប៊ែរឡាំង និង​រដ្ឋាភិបាល​អាល្លឺម៉ង់។ គម្រោង​នេះទទួល​បាន​ជោគជ័យ ដោយ​បាន​បណ្តុះ​បណ្តាល​អ្នក​ច្នៃម៉ូត​ វ័យ​ក្មេង​កម្ពុជា កាល​ពី​ឆ្នាំ​សិក្សា​២០១៧ និង​២០១៨ កន្លង​ទៅ​។

យុវតី​ចំនួន​ ៥​រូប ​ដែល​បាន​ជាប់​ជ័យ​លាភី​ក្នុង​ការប្រកួត​ប្រជែង​ច្នៃ​ម៉ូតក្នុង​កម្មវិធី​ការបង្ហាញម៉ូត Fashion Function លើកទីបី នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

ស្ត្រី​អ្នក​ច្នៃ​ម៉ូត​ដែល​ជា​ជ័យ​លាភី​ចំនួន​ប្រាំ​នាក់​ក្នុងការ​ប្រកួត​នេះ​ នឹង​ត្រូវ​ទៅ​ប្រកួត​បន្ត​ក្នុង​កម្មវិធី​ Bazaar Berlin ដែល​នឹង​ប្រព្រឹត្ត​ទៅនៅ​ខែ​វិច្ឆិកា ក្នុងទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់។

ស្ត្រី​អ្នក​ច្នៃ​ម៉ូតវ័យ​ក្មេងកម្ពុជាទាំង​១២​រូប ​ទទួល​បាន​ការ​បណ្តុះ​បណ្តាលពីមជ្ឈ​មណ្ឌល​រចនា​បែប​ទំនើប (Modern Ethnic Design Center)។​ ហើយ​ពួក​គេ​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែងនៅ​កម្ពុជា ​មុន​នឹង​ត្រូវចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​អាល្លឺម៉ង់។

នេះ​គឺ​ជា​ការ​ប្រកួត​លើ​ការ​ច្នៃ​ម៉ូត​ដែល​ផ្តោ​ត​ជា​សំខាន់​លើ​ការ​ឲ្យ​តម្លៃ​លើ​ស្នាដៃ​ ដែល​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់ ​ដែល​សម្លៀក​បំពាក់​នីមួយៗ​ត្រូវ​តែ​បង្កប់​នូវ​គំនិត​វប្បធម៌​បែប​ខ្មែរ សិល្បៈ​ខ្មែរ ​និង​បង្កប់​នូវ​គំនិត​ច្នៃ​ប្រឌិត​ដើម្បី​ទ្រ​ទ្រង់​ការ​ការពារ​ផ្នែក​បរិស្ថាន​ តាម​រយៈ​ការ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ មាន​ដូច​ជា​ក្រមា​ខ្មែរ វត្ថុ​ធាតុ​ដែល​គេ​បោះ​ចោលដូច​ជា​ត្រឡោក​ដូង និង​សូត្រ​ជាដើម។

ក្រុម​អ្នក​បង្ហាញ​ម៉ូត កំពុង​ដើរ​បង្ហាញ​ដោយ​ស្លៀក​សម្លៀកបំពាក់​ច្នៃ​ដោយ​យុវតី​ចំនួន​១២​រូប ក្នុង​កម្មវិធី​ការបង្ហាញម៉ូត Fashion Function លើកទីបី នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)


ការ​ច្នៃ​ប្រឌិត​ទាំង​នេះ​ដែល​បង្ហាញ​ពី​របៀប​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ហើយ​ក៏ជា​ចំណាប់​អារម្មណ៍​សម្រាប់អតិថិជន​នៅ​អឺរ៉ុប​ផងដែរ។

កញ្ញា ហ៊ីលឡារី ហប់មែន (Hilary Hoffmann) ​ប្រធានផ្នែក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​នៅ​មជ្ឈមណ្ឌល​រចនា​បែប​ទំនើប (Modern Ethnic Design Center) និយាយក្រោយ​ពី​ការ​ប្រកួត​ប្រជែង​ស្នាដៃ​ច្នៃម៉ូតកាល​ពី​ថ្ងៃ​ទី​១០ ​ខែ​សីហា​ថា ​សម្លៀក​បំពាក់​ទាំង​អស់​បាន​ប្រើប្រាស់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ ហើយ​អ្នក​ច្នៃ​ម៉ូត​ម្នាក់ៗមាន​សមាគម​ផ្គត់ផ្គង់​ក្រណាត់​រៀងៗ​ខ្លួននៅ​កម្ពុជា​។ ជា​ពិសេស​ទៅ​ទៀត​ការ​ច្នៃ​ប្រឌិត​ទាំង​អស់​គឺ​ធ្វើ​ឡើង​ដោយ​ដៃ មិន​មែន​ដោយ​គ្រឿង​ម៉ាស៊ីន​ទេ។

«ពួកគេ​ក៏​ប្រើ​ក្រណាត់​បែប​ធម្មជាតិ​ អ្វីៗ​គ្រប់​យ៉ាង​ធ្វើ​ឡើង​ដោយ​ដៃ។​ នៅ​ពេល​ដែល​វា​មិន​ត្រូវ​បាន​ផលិត​ដោយ​ម៉ាស៊ីន វា​គឺ​មិនមែន​ជា​ម៉ូត​ដែល​យើង​ចេញ​បាន​លឿនៗ ដូច​មនុស្ស​អង្គុយ​កាត់​ដេរ​សម្លៀក​បំពាក់ក្នុង​រោងចក្រ​ធំនោះ​ទេ។ អ្នក​រចនា​ម៉ូត​ម្នាក់ៗ​មាន​អ្នក​ផលិត ឬ​ជាង​កាត់ដេរ​របស់​ពួកគេ ដែល​ត្រូវ​បាន​រចនា​ឡើង​ស្រប​តាម​ស្តង់​ដារ​ពាណិជ្ជកម្ម​ត្រឹមត្រូវ។​នេះ​ក៏​ជា​មូលហេតុ​ដែល​យើង​ធ្វើ​គម្រោង​នេះ​ឡើង ពីព្រោះ​យើង​ផ្តោត​សំខាន់​លើ​ពាណិជ្ជកម្ម​ដោយ​ស្មើភាព​ និង​ម៉ូត​ចេញ​ថ្មីដែល​មិន​សូវ​ប្រដេញ​គ្នាលឿន»។

យុវតី​ សេង សុវណ្ណរចនា អ្នកច្នៃ​ម៉ូត​ជាប់​លេខ​មួយ​ក្នុង​កម្មវិធី​ការបង្ហាញម៉ូត Fashion Function លើកទីបី នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

កញ្ញា សេង សុវណ្ណរចនា គឺជា​អ្នកច្នៃ​ម៉ូត​វ័យ​១៩​ឆ្នាំទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​ក្នុង​ការ​ប្រកួត​របស់​កម្មវិធី​Fashion Function​នេះ។​ នាងសំឡឹង​មើល​អនាគតនៃ​ការ​ច្នៃ​ម៉ូត​របស់​នាង​ទាំង​សម្រាប់​ការ​ប្រកួតនៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​ពេល​ខាង​មុខ​ ទាំង​ការ​ច្នៃ​ម៉ូត​សម្រាប់ការ​នាំ​ចេញ។

​«ខ្ញុំ​នឹង​ខំ​ប្រឹង Design ​[រចនា​] ម៉ូត​ដែល​ស្អាត ហើយ​វប្បធម៌​ខ្មែរ​ក៏​មាន វា​លេច​ធ្លោ ​ដែល​ធ្វើ​ឲ្យ​គេ​ស្គាល់​ពី​ខ្មែរ ហើយ​និង​គាំទ្រ​ផលិត​ផល​របស់​ខ្មែរ។ ដូច្នេះ​ហើយ​ផលិត​ផលរបស់ខ្មែរ​អាច​នាំ​ចេញ​ទៅ​ស្រុក​ក្រៅបាន​ច្រើន ហើយ​ផ្តល់​ទៅជា​ប្រាក់​កម្រៃ​ដល់​ប្រជាជន អ្នក​ដែល​ធ្វើ​ជា​សាច់​ក្រណាត់​កាតុង សូត្រ​អី​ហ្នឹង»។

អ្នកច្នៃ​ម៉ូត​ជាប់ចំណាត់​ថ្នាក់​លេខ៥ ​ឡើង​ទទួល​បាច់ផ្កាក្នុង​ពេល​ប្រកាស​ជ័យ​លាភី ក្នុងវិធីការបង្ហាញម៉ូត Fashion Function លើកទីបី នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

ចំណែក កញ្ញា ស សាន អ្នក​ច្នៃ​ម៉ូត​ម្នាក់​ទៀត​ដែល​ទទួលបាន​ចំណាត់​ថ្នាក់​លេខ​៥ និង​មាន​ពិការ​ភាព​ផង​នោះ លើក​ឡើង​ថា តាមរយៈ​ការ​ប្រកួត​ប្រជែង​ច្នៃម៉ូត​នេះ កញ្ញានឹង​អាច​នាំ​យក​សម្លៀក​បំពាក់​ដែល​ច្នៃ​ដោយ​កញ្ញា ​ទៅ​ដាក់​លក់​នៅ​ប្រទេស​អាល្លឺម៉ង់។ អ្នកច្នៃ​ម៉ូត​វ័យ​២៥​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ម៉ូត​សម្លៀក​បំពាក់​របស់​កញ្ញា​ ​ធ្វើ​ឡើង​ដោយ​ផ្តោត​លើ​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និងផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​ប្រើប្រាស់​អំបោះ​សុទ្ធ ឡេវ​ត្រឡោក និង​ការ​ប្រើ​ក្រមា​មក​ច្នៃជាដើម។។

«អ្វី​ដែល​ពិសេស​សម្រាប់​ខ្ញុំ​គឺ​គេ​ចង់​ឲ្យសិស្ស​ដែល​ដាក់​ពាក្យ​ប្រឡង​ហ្នឹង ​គឺ​ធ្វើ​អ្វី​ដែល​ជា​របស់​ប្រទេស​កម្ពុជា​យើង ហើយធ្វើ​អី​ដែល​ត្បាញ​ពី​ដៃ ឬ​ក៏​របស់​ដែល​ធ្វើ​ចេញ​ពី​វត្ថុធាតុ​ដើម​នៅ​ស្រុកខ្មែរ​យើង»។

ក្រុម​អ្នក​បង្ហាញ​ម៉ូតកុមារី​ កំពុង​ដើរ​បង្ហាញ​ដោយ​ស្លៀក​សម្លៀកបំពាក់​ច្នៃ​ដោយ​យុវតី​ចំនួន​១២​រូប ក្នុង​កម្មវិធី​ការបង្ហាញម៉ូត Fashion Function លើកទីបី នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)


ក្នុង​រយៈ​ពេល​ជាង​ពីរ​ខែ​ខាង​មុខ​នេះ ជ័យ​លាភី​ច្នៃ​ម៉ូត​ទាំង​ប្រាំ​រូបពី​គម្រោង​នេះ ​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ទៅ​ចូលរួម​បង្ហាញ​សមិទ្ធផល​របស់​ខ្លួន ក្នុងកម្មវិធី​តាំង​ពិព័រណ៍​ដ៏​ធំ​មួយ​នៅ​ទី​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ឈ្មោះ​ថា បា​ហ្សា​រ ប៊ែ​រឡាំង ( Bazaar Berlin)​។

បា​ហ្សា​រ ប៊ែរ​ឡាំង គឺជា​កន្លែង​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​ផ្តោត​សំខាន់​លើ​ផលិត​ផលសិប្បកម្ម​ខ្នាត​តូច។ សម្លៀក​បំពាក់​របស់​អ្នក​ច្នៃ​ម៉ូដ​ទាំង​៥​រូបនេះ នឹង​ត្រូវ​បាន​តាំង​លក់​នៅ​កន្លែង​ពាណិជ្ជកម្ម​សេរី​នោះផង​ដែរ។

លោក​ សាសចា រីប (Sascha Reebs) តំណាង​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​កម្មវិធី​ប្រកួត​ម៉ូតFashion Function ​ថា កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ឈ្មោះ​ល្បី​ផ្នែក​ឧស្សាហកម្ម​វាយនភណ្ឌ​ខ្នាត​ធំ ប៉ុន្តែ​សក្តា​នុពល​ដ៏​ធំ​នៃ​សិប្បកម្ម​ច្នៃម៉ូត​ខ្នាតតូច​បែប​ចីរភាព​តែងត្រូវ​បាន​គេ​មើល​រំលង។ លោក​បន្តថា មជ្ឈ​មណ្ឌល​រចនាបែប​ទំនើប ដែលបង្រៀន​យុវជន​កម្ពុជាឲ្យ​កា្លយ​ជា​អ្នក​ច្នៃម៉ូត​ ដោយ​ប្រើប្រាស់​វត្ថុធាតុ​ដើម​ពី​កម្ពុជា ដែល​បង្ហាញ​ពី​វប្បធម៌ និង​មិន​ប៉ះពាល់​បរិស្ថាន​ នឹង​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​នៅ​ទី​ជនបទ។

«ពួកយើង​មិន​ចង់​បាន​វត្ថុធាតុ​ដើម​ផលិត​ចេញពី​រោងចក្រ​ធំៗ​នោះ​ទេ ប៉ុន្តែយើង​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ជនបទ​ទទួល​បាន​ផល​ប្រយោជន៍​ដោយ​ផ្ទាល់​ពី​សម្ភារៈ​ដែល​ផលិត​ក្នុងការ​ច្នៃម៉ូត​នេះ។ ខ្ញុំ​គិត​ថា​នេះ​គឺជា​ភាព​ខុស​គ្នា​តែមួយ​គត់ (ប្លែក​ពីគេ)​ នៃការ​ច្នៃ​ម៉ូត(​ដោយ​ដៃ)​នោះ បើធៀប​ជាមួយ​នឹង​វិស័យ​កាត់ដេរ​បែប​បុរាណ»។

ក្រុម​អ្នក​បង្ហាញ​ម៉ូត កំពុង​ដើរ​បង្ហាញ​ដោយ​ស្លៀក​សម្លៀកបំពាក់​ច្នៃ​ដោយ​យុវតី​ចំនួន​១២​រូប ក្នុង​កម្មវិធី​ការបង្ហាញម៉ូត Fashion Function លើកទីបី នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)


គួ​រ​បញ្ជាក់​ថាស្ត្រី​អ្នក​ច្នៃ​ម៉ូត​វ័យ​ក្មេង​កម្ពុជា​ទាំង​ប្រាំរូប ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ដោយ​មជ្ឈ​មណ្ឌល​រចនា​បែប​ទំនើប (Modern Ethnic Design Center)។ ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នេះ​ គឺ​សម្រាប់​អ្នកច្នៃ​ម៉ូត​ក្នុង​ស្រុក។

មជ្ឈ​មណ្ឌល​រចនា​បែប​ទំនើប ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​កាល​ពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ បាហ្សារ​ ប៊ែរឡាំង​ រួម​ជាមួយ​វិទ្យាស្ថាន​រចនា​ម៉ូត​មក​ពី​អាល្លឺម៉ង់ និង​មហា​វិទ្យាល័យ​អន្តរជាតិ​រ៉ាហ្វល (Raffles International College) នៅ​កម្ពុជា។ គម្រោង​នេះ​ទទួល​បាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​សហការ​ជាមួយ​ក្រុមហ៊ុន suPPPort Itd៕