ភ្នំពេញ —
តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ នៅថ្ងៃច័ន្ទនេះបានសម្រេចឲ្យប្រទេសកម្ពុជាឈ្នះប្រទេសថៃជាថ្មីម្តងទៀតលើជម្លោះច្រំដែលជុំវិញប្រាសាទព្រះវិហាររបស់កម្ពុជានិងបានបង្គាប់ឲ្យប្រទេសថៃដកកងទ័ពចេញពីតំបន់ជម្លោះ។
នៅក្នុងសាលដីកាក្រោយធ្វើការបកស្រាយលើបណ្តឹងរបស់ប្រទេសកម្ពុជាដែលទាមទារឲ្យការបកស្រាយលើសាលក្រមឆ្នាំ១៩៦២ឡើងវិញ តុលាការយុត្តិធម៌អន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសហូឡង់បានសម្រេចជាឯកឆន្ទថា៖ «ដែនដីទាំងមូលនៃជ្រោយប្រាសាទព្រះវិហារ» ឬមានន័យថាដែនដីដែលស្ថិតក្នុងតំបន់ជុំវិញប្រាសាទនេះគឺជា «ដែនដីអធិបតេយ្យរបស់ប្រទេសកម្ពុជា»។
ជាមួយគ្នានេះដែរលោកចៅក្រម Peter Tomka ប្រធានជំនុំជម្រះនៃតុលាការក្រុងឡាអេបានបង្គាប់ឲ្យប្រទេសថៃដកកងកម្លាំងប្រដាប់អាវុធឬឆ្មាំទាំងឡាយណាចេញពីតំបន់ឈរជើងរបស់ពួកគេ។
«តុលាការបានរកឃើញជាឯកឆន្ទថាទី១ ខ្លួនមានយុត្តាធិការក្នុងមាត្រា៦០នៃលក្ខន្តិកៈដើម្បីរក្សាសំណើរបស់ប្រទេសកម្ពុជាឲ្យបកស្រាយដីកាឆ្នាំ១៩៦២ហើយសំណើនេះអាចទទួលយកបាន។
ទី២ តាមរយៈការបកស្រាយរបស់ខ្លួន តុលាការប្រកាសជាឯកឆន្ទថាសាលដីកានៅថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២បានសម្រេចថា ប្រទេសកម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងស្រុងនៃជ្រោយនៃប្រាសាទព្រះវិហារដូចបានកំណត់ក្នុងកថាខណ្ឌ៩៨នៃសាលដីកាពេលនេះហើយតុលាការសម្រេចថាប្រទេសថៃស្ថិតក្រោមកាតព្វកិច្ចត្រូវដកចេញពីដែនដីនេះនូវកងទ័ព ឬកម្លាំងនគរបាល ឬកងសន្តិសុខឬឆ្មាំដែលត្រូវបានដាក់ពង្រាយនៅទី នោះ»។
ប្រទេសកម្ពុជានិងប្រទេសថៃមានជម្លោះនឹងគ្នាជុំវិញប្រាសាទព្រះវិហារចំណាស់៩០០ឆ្នាំចាប់តាំងពីខែកក្កដាឆ្នាំ២០០៨មកម្ល៉េះ។ប្រទេសថៃបានបញ្ជូនកងទ័ពចូលលុកលុយតំបន់ក្បែរប្រាសាទព្រះវិហាររបស់ខ្មែរមួយសប្តាហ៍ប៉ុណ្ណោះក្រោយពីប្រាសាទនេះត្រូវបានដាក់បញ្ចូលជាសម្បត្តិបិតិកភណ្ឌពិភពលោក។
មានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធជាច្រើនលើកនិងបង្កឲ្យមានជនរងគ្រោះទាំងសងខាងក្នុងចំណោមភាគីជម្លោះហើយប្រទេសថៃបានទាមទារកាន់កាប់តំបន់នៅជើងភ្នំប្រាសាទព្រះវិហារដែលមានទំហំ៤,៦គីឡូម៉ែត្រក្រឡាដោយសំអាងថាតុលាការយុត្តិធម៌អន្តរជាតិ(ICJ)បានសម្រេចឲ្យកម្ពុជាឈ្នះលើប្រទេសថៃគឺគ្រាន់តែលើប្រាសាទព្រះវិហារប៉ុណ្ណោះកាលពីខែមិថុនាឆ្នាំ១៩៦២ គឺមិនបានសម្រេចឲ្យកម្ពុជាកាន់កាប់តំបន់នៅជុំវិញនោះទេ។
ប្រទេសកម្ពុជាបានសម្រេចប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យតុលាការកំពូលមួយនេះបកស្រាយឡើងវិញពីការសម្រេចក្នុងសាលក្រមរបស់ខ្លួនកាលពី៥១ឆ្នាំមុន។
អ្នកនាំពាក្យរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញ៉ារិទ្ធ បានអធិប្បាយលើបណ្តាញសង្គម Facebook របស់លោកថា ការសម្រេចចុងក្រោយរបស់តុលាការក្រុងឡាអេគឺ«ជាជ័យជម្នះរបស់ប្រជាជនកម្ពុជាទាំងមូលនិងជាជ័យជម្នះនៃភាពចាស់ទុំនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ»។
ដំណាលគ្នានេះដែរលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់ជាប់ឆ្នោតនៅក្នុងប្រទេសបានអបអរសាទរជ័យជំនះនេះតាមរយៈបណ្តាញសង្គម Facebook ផ្ទាល់ខ្លួនផងដែរ។
លោកយ៉ែម បុញ្ញឫទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិចាត់ទុកថាជ័យជម្នះរបស់ប្រទេសកម្ពុជាធ្វើឲ្យប្រទេសកម្ពុជារួចផុតពីជម្លោះ។
«ក្នុងនាមជាខ្មែរយើងបានអបអរសាទរដោយយើងបានរួចខ្លួន ព្រោះថាពាក្យដែលយើងឈ្នះយើងបានរួចខ្លួនព្រោះវាជារបស់យើង»។
ដោយឡែកលោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថានិកហ្វិក អធិប្បាយថាការសម្រេចរបស់តុលាការក្រុងឡាអេ គួរឲ្យជឿទុកចិត្ត។
«ខ្ញុំរីករាយនិងជឿជាក់លើតុលាការក្រុងឡាអេ ដែលកំណត់ដីកាពីមុនមកនិងបច្ចុប្បន្ននេះនៅដដែលនិងមានភាពច្បាស់លាស់ជាងមុន»។
ប៉ុន្តែយ៉ាងណាក៏ដោយលោកបណ្ឌិតហង្ស ពុទ្ធា នៅមន្ទិលសង្ស័យនៅឡើយចំពោះការអនុវត្តរបស់ប្រទេសថៃលើសាលដីកានេះ៕