WHO ជំរុញ​ឱ្យ​ពន្យារ​​ការ​ចាក់​វ៉ាក់សាំង​កូវីដ​ដូស​​ជំរុញ

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​អ៊ីស្រាអែល​ម្នាក់ បាន​ចាក់​វ៉ាក់សាំង Pfizer-BioNtech បង្ការ​ជំងឺ​កូវីដ​១៩ ដល់​ពលរដ្ឋ​ម្នាក់​នៅក្នុង​ទីក្រុង​ហ្ស៊េរុយសាឡិម កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​បាន​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​នានា​ពន្យារ​ពេលការ​ចាក់​វ៉ាក់សាំងដូស​ជំរុញយ៉ាងតិច​ពីរ​ខែ​ ដើម្បីឱ្យ​ប្រទេស​ដែល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩តិច​តួច ​ទទួល​បាន​ថ្នាំបង្ការ​នេះ​ថែមទៀត។ ​

លោក ​Tedros Adhanom Ghebreyesus ​អគ្គ​នាយក​អង្គការនេះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​រដ្ឋធានី​ប៊ុយដាប៉ែស ​ប្រទេស​ហុងគ្រី​ថា​ ​គួរតែ​ផ្តល់​អាទិភាព​ដល់​ការ​បង្កើន​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​តែ ​១%​ ឬ​ ២%​ ដែល​ចាក់​វ៉ាក់សាំង។​

លោក ​Tedros ​ក៏​បាន​សួរ​ពី​សារៈប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំងដូស​ជំរុញ​នេះ ដោយ​និយាយ​ថា៖ «មាន​ការ​ជជែកអំពី​ថា​ តើ​វ៉ាក់សាំង​ជំរុញមាន​ប្រសិទ្ធ​ភាព​ ឬ​អត់»។​

ហុងគ្រី​ បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ដែល​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ និង​ចូលរួម​ជាមួយ​ប្រទេស​កាន់​តែច្រើន​ឡើង​ដែល​រួមមាន​សហ​រដ្ឋ​អាមេរិក ​និង​អ៊ីស្រាអែល ដែល​បាន​ចាប់​ផ្តើម​ ឬ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ដូសទី៣ដល់​ប្រជាជន។

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ ខ្លួន​មិន​ជឿថា​ ទិន្នន័យ​បច្ចុប្បន្ន ​គាំទ្រ​តម្រូវ​ការ​ចាក់​វ៉ាក់សាំងកូវីដ១៩​ដូសជំរុញ​នោះ​ទេ៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press AFP និង Reuters