ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​របស់​លោក ​Biden ​ជំរុញ​ឲ្យ​ប្រជាជន​អាមេរិកាំង​​ចាក់​វ៉ាក់សាំង​កូវីដ​១៩ដូស​ទី៣​


រូបឯកសារ៖ បុរស​ម្នាក់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​កន្លែង​ចាក់វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ក្នុង​ក្រុង Natick រដ្ឋ Massachusettes សហរដ្ឋ​អាមេរិក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ បុរស​ម្នាក់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​កន្លែង​ចាក់វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ក្នុង​ក្រុង Natick រដ្ឋ Massachusettes សហរដ្ឋ​អាមេរិក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

បណ្តាញ​ព័ត៌មាន​សហ​រដ្ឋ​អាមេរិក​បាន​រាយ​ការណ៍​ថា​ រដ្ឋបាល​លោក​ប្រធានាធិបតី ​Joe Biden ​នឹង​ចាប់ផ្តើម​ជំរុញ​ឲ្យ​ប្រជាជន​អាមេរិកាំង​ទាំងអស់​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​បាន​ពេញលេញ​ហើយនោះត្រូវ​ចាក់​វ៉ាក់សាំង​មួយ​ដូស​បន្ថែម​ទៀត។​ ដូស​បន្ថែម​នោះ​មាន​គោល​បំណង​ផ្តល់​ការការពារ​ប្រឆាំង​វីរុស​កូរ៉ូណា​ប្រភេទ​ដែលតា​ (delta) ​ដែល​ឆ្លង​រហ័ស​ដែល​បាន​នាំឲ្យ​មាន​រលក​ឆ្លង​ថ្មី។​

ក្រុម​មន្ត្រី​សុខាភិបាល​សហព័ន្ធ​ត្រូវ​គេ​រំពឹង​ថា ​នឹង​ប្រកាសនៅ​សប្តាហ៍​នេះ​ថា ​ ប្រជាជន​អាមេរិកាំង​ត្រូវ​ចាក់​មួយ​ដូស​ថែម​ទៀត​ដែល​ហៅ​ថា ​ដូស​ជំរុញ​ គឺ​៨​ខែ​បន្ទាប់​ពី​ចាក់​លើក​ដំបូង។ ​ប្រជាជន​អាមេរិកាំង​ភាគ​ច្រើន​បាន​ចាក់​វ៉ាក់សាំង ​Pfizer ​ឬ ​Moderna ​ចំនួន​២ដូស ​រីឯ​អ្នក​ខ្លះ​ទៀត​បាន​ចាក់​វ៉ាក់សាំង​ Johnson & Johnson ​ដែល​ចាក់​មួយ​ដូស។​

ពួក​មន្ត្រី​កាលពី​ពេល​មុន​បាន​ច្រាន​ចោល​ការ​អំពាវនាវ​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ដូស​ជំរុញ​ដោយ​និយាយ​ថា ​អ្នក​បាន​ចាក់​វ៉ាក់សាំង​ហើយ​មាន​ការ​ការពារ​ប្រឆាំង​វីរុស ​រួមទាំង​វីរុស​ប្រភេទ​ដែលតា​ផង​ដែរ។​ ក៏ប៉ុន្តែ​ការ​សិក្សា​ថ្មី​របស់​ប្រទេស​អ៊ីស្រាអែល​បង្ហាញ​ថា ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ Pfizer ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​មនុស្ស​ចាស់​ ដែល​បាន​ចាក់​នៅ​ដើម​ឆ្នាំ​នេះ។ ​ទិន្នន័យ​នេះ​បាន​ជំរុញ​ឲ្យ​ប្រទេស​អ៊ីស្រាអែល​ចាប់​ផ្តើម​ចាក់​ដូស​ជំរុញ​ដល់​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ។​

ដូស​ជំរុញ​នេះ​ទំនង​ជា​នឹង​ចាប់​ផ្តើម​ចាក់​ក្នុង​ខែ​កញ្ញា ​បន្ទាប់ពី​ទីភ្នាក់ងារ​ម្ហូប​អាហារ​ និង​ឱសថ (FDA)​ យល់ព្រម​សំណើ​របស់​ក្រុមហ៊ុន​ Pfizer​ ចាក់​វ៉ាក់សាំង​ដូស​ទី៣។ ​ មនុស្ស​ដំបូង​ដែល​នឹង​ទទួល​បាន​ដូស​ជំរុញ​គឺ​បុគ្គលិក​សុខាភិបាល​ អ្នក​នៅ​កន្លែង​ថែទាំ​មនុស្ស​ចាស់​ និង​មនុស្ស​ចាស់ៗ ​គឺ​ក្រុម​ដែល​មាន​សិទ្ធិ​ចាក់​មុន​គេ​ក្នុងការ​ចាក់​លើក​ទី១​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

បណ្តាញ​ទូរទស្សន៍ ​CNN ​រាយ​ការណ៍​ថា​ពួក​អ្នក​ជំនាញរំពឹង​ថា ​គោល​នយោបាយ​នេះ​នឹង​អនុវត្ត​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ​Johnson & Johnson ​ដែល​ចាក់​មួយ​ដូស ​នៅពេល​គេ​មាន​ទិន្នន័យ​ថែម​ទៀត។​

ទីភ្នាក់ងារ​ម្ហូប​អាហារ​ និង​ឱសថ​ និង​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ (CDC)កាលពី​សប្តាហ៍​មុន ​បាន​ស្នើ​ការ​ចាក់​ដូស​ទី៣​របស់​ Pfizer ​និង ​Moderna ​សម្រាប់​មនុស្ស​ខ្លះ​ដែល​ខ្សោយ​ប្រព័ន្ធ​ការពារ​ជំងឺ៕​


(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មានAssociated Press។)

XS
SM
MD
LG