ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រកាស​ចាក់​វ់ាក់សាំង​​កូវីដ១៩​ដូស​ជំរុញ​សម្រាប់​ប្រជាជន​​ទាំងអស់​


រូប​ឯកសារ៖ វេជ្ជបណ្ឌិត​ម្នាក់​​បូម​វ៉ាក់សាំង​​កូវីដ១៩​របស់​ក្រុមហ៊ុន Pfizer នៅ​ទី​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ដើម​ឆ្នាំ​២០២១។
រូប​ឯកសារ៖ វេជ្ជបណ្ឌិត​ម្នាក់​​បូម​វ៉ាក់សាំង​​កូវីដ១៩​របស់​ក្រុមហ៊ុន Pfizer នៅ​ទី​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ដើម​ឆ្នាំ​២០២១។

លោក​ប្រធានាធិបតី Joe Biden​ កាល​ពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ផែនការ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​សម្រាប់ប្រជាជន​អាមេរិក​ទាំងអស់​ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី២០​ខែ​កញ្ញា​គឺ៨ខែ​បន្ទាប់ពីការ​ចាក់​ដូសទី២​នៃ​វ៉ាក់សាំង​ Pfizer ​និង ​Moderna។​

លោក Biden​ បាន​និយាយ​ក្នុង​សុន្ទរកថា​ពី​សេតវិមាន​ថា៖​«សូម​ចងចាំ​ថាវាជា​វិធានងាយ​បំផុត​គឺ​៨​ខែ​បន្ទាប់​ពី​អ្នក​ចាក់​ដូស​ទី​២​សូម​ចាក់​ដូស​ជំរុញ​នេះ»។​

លោក​ Biden ​បាន​និយាយ​ថា៖​ «ការ​ចាក់​ដូស​ជំរុញ​ទាំង​នោះ​មិន​គិត​ប្រាក់​ទេ។​អ្នក​អាច​ទៅ​ចាក់នៅ​កន្លែង​ចាក់​វ៉ាក់សាំងទាំង​អស់​ប្រហែល​៨ម៉ឺន​កន្លែងនៅ​ទូទាំង​ប្រទេស។​វា​ស្រួល​ទេ។​អ្នក​គ្រាន់តែ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​អ្នក​នឹង​បាន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ»។​

ក្រុម​មន្ត្រី​សុខាភិបាល​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​វ៉ាក់សាំង​ Johnson & Johnson ដូស​ជំរុញ​ក៏​ទំនង​ជា​នឹងត្រូវ​ចាក់​ដែរ។​ ក្រុម​មន្ត្រី​រំពឹង​ថា​នឹង​ទទួល​បានទិន្នន័យ​កាន់​តែ​ច្រើន​អំពី​វ៉ាក់សាំង ​Johnson & Johnson​ ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ មុន​ពួកគេ​ប្រកាស​ការ​សម្រេច​នេះ។​

នៅ​ក្នុង​សន្និសីទ​កាសែត​ដដែល​នោះ​លោក​វេជ្ជបណ្ឌិត ​Anthony Fauci ​ប្រធាន​ទីប្រឹក្សា​ខាង​វេជ្ជសាស្ត្រ​របស់​លោក ​Biden​ បាន​បង្ហាញ​ពី​ទិន្នន័យ​ដែល​ថា​កម្រិត​អង្គ​បដិប្រាណប្រឆាំងវីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩បាន​ធ្លាក់​ចុះ​ទៅតាម​ពេល​វេលា​ហើយ​ត្រូវ​មាន​អង្គ​បដិប្រាណកាន់​តែ​ខ្លាំង​ឡើងដើម្បី​ទប់​ទល់វីរុសកូរ៉ូណាប្រភេទ​ដែលតា​ (Delta)។​

អង្គការ​មនុស្សធម៌​បាន​រិះគន់​ផែន​ការ​នេះ។​

អ្នកស្រី​ Sarah Swinehart​ នាយិកា​ជាន់​ខ្ពស់​ផ្នែក​ទំនាក់ទំនង​នៅ​អាមេរិក​ខាង​ជើង​នៃ​អង្គការ The ONE Campaign​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ការ​សម្រេច​ចិត្ត​របស់​រដ្ឋបាល​លោក ​Biden ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​សម្រាប់​ជនជាតិ​អាមេរិក​ទាំងអស់​ពង្រីក​គម្លាត​រវាង​អ្នក​បាន​ចាក់​ថ្នាំ​បង្ការនិង​អ្នក​មិន​បាន​ចាក់»។

អង្គការ​សុខភាព​ពិភពលោកកាលពី​ពេល​ថ្មីៗ​នេះ​បាន​អំពាវនាវ​ឲ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ដូស​ជំរុញយ៉ាង​ហោចណាស់​រហូត​ដល់​ដំណាច់​ខែ​កញ្ញា​ដើម្បីឲ្យ​បណ្តា​ប្រទេសដែល​មាន​ប្រាក់​ចំណូល​ទាប​បានចាក់​ដូស​វ៉ាក់សាំង​ដូស​ដំបូងកាន់​តែ​ច្រើន​ឡើង​សិន៕

XS
SM
MD
LG