ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អ៊ីស្រាអែល​ចាស់ៗ​ជិត​៥​សែន​នាក់​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ


ប្រធានាធិបតី​អ៊ីស្រាអែល​លោក Isaac Herzog ចាក់​វ៉ាក់សាំង​ដូស​ទី៣ ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មណ្ឌល​សុខភាព Sheba Medical Center នៅ​ក្រុង Ramat Gan ប្រទេស​អ៊ីស្រាអែល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
ប្រធានាធិបតី​អ៊ីស្រាអែល​លោក Isaac Herzog ចាក់​វ៉ាក់សាំង​ដូស​ទី៣ ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មណ្ឌល​សុខភាព Sheba Medical Center នៅ​ក្រុង Ramat Gan ប្រទេស​អ៊ីស្រាអែល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Naftali Bennett បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ពលរដ្ឋ​អ៊ីស្រាអែល​ចាស់ៗ​ចំនួន​១​ភាគ​៣​គឺ​ប្រហែល​៤​សែន​២ម៉ឺន​នាក់​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ ​បាន​ចាក់​វ៉ាក់សាំង​ជំរុញ​បង្ការ​វីរុស​កូរ៉ូណា​ដូស​ទី៣។ លោក​និយាយ​ទៀត​ថា តួលេខ​នេះ​អាច​ឡើង​ទៅ​ដល់​៥​សែន​នាក់​នៅ​យប់​ថ្ងៃ​នោះ។

នៅ​ឯ​ជំនួប​គណៈរដ្ឋមន្ត្រី លោក Bennett បាន​ប្រកាស​អំពី​ការ​ជឿន​លឿន​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​១០​ថ្ងៃ​មុន​ និង​ប្រើ​វ៉ាក់សាំង Pfizer។

អ៊ីស្រាអែល​បាន​ក្លាយ​ជា​ប្រទេស​នាំមុខ​គេ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នៅ​ពេល​មាន​ជំងឺ​រាតត្បាត​ដំបូង​ដោយ​មាន​ប្រជា​ពលរដ្ឋ​៥​លាន​៤​សែន​នាក់​នៃ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ចំនួន​៩​លាន​៣​សែន​នាក់​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ។ ទោះ​ជាយ៉ាង​ណាក៏ ដោយសារការ​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បាន​កើន​ឡើង ដែល​ករណី​ស្ទើរតែ​ទាំង​អស់​គឺ​ដោយសារ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា(delta)នោះ​រដ្ឋាភិបាល​បាន​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី៣​ ហើយ​នឹង​តម្រូវ​ឲ្យ​ពាក់​ម៉ាសឡើង​វិញ​នៅ​ក្នុង​អាគារ។

ដោយ​ពិភពលោក​ប្រឈម​នឹង​ជំងឺ​រាតត្បាត​រយៈពេល​១ឆ្នាំ៦​ខែមក​ហើយ​នោះ សហរដ្ឋ​អាមេរិក​ប្រទេស​ឥណ្ឌា និង​ប្រទេស​ប្រេស៊ីល​មាន​ករណី​ឆ្លង និង​ស្លាប់​ច្រើន​ជាង​គេ​ដោយ​សារ​ជំងឺ​កូវីដ​រហូត​មកដល់​ពេល​នេះ។ នេះ​បើ​តាម​សាកល​វិទ្យាល័យ Johns Hopkins។

សហរដ្ឋ​អាមេរិក​បាន​រាយ​ការណ៍​ថា មាន​ការឆ្លង​ជាង ៣៥​លាន ៧សែន​ករណី ហើយ​មនុស្ស​ស្លាប់​ជាង​៦១៦.០០០​នាក់។ ប្រទេស​ឥណ្ឌា​មាន​ការ​ឆ្លង​ជិត​៣២​លាន​ករណី និង​មនុស្ស​ស្លាប់​ជិត​៤២៨.០០០​នាក់។ ប្រទេស​ប្រេស៊ីល​មាន​ការ​ឆ្លង​ចំនួន​២០​លាន​១សែន​ករណី និង​មនុស្ស​ស្លាប់​ជាង​៥៦៣.០០០​នាក់។

ប្រទេស​បារាំង​ រុស្ស៊ី និង​ចក្រភព​អង់គ្លេស​បាន​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​៣​បន្ទាប់​ទៀត​ដោយ​ប្រទេស​នីមួយៗ​មាន​ការ​ឆ្លង​ជាង​៦​លាន​ករណី និង​ស្លាប់​ពី​១១២.០០០​នាក់​ទៅ​១៦២.០០០​នាក់។

ប្រទេស​ឥណ្ឌា ដែល​បាន​ប្រឈម​រលក​ទី​២​នៃ​វីរុស​ដ៏​ប្រល័យ​នៅ​ដើម​ឆ្នាំ​នេះ បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​បាន​កត់ត្រា​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​ជាង​៣​ម៉ឺន​៩​ពាន់​ករណី​កាល​ពី​២៤​ម៉ោង​មុន។ ប្រទេស​ប្រេស៊ីល​មាន​ការ​ឆ្លង​ថ្មី​ជាង​៤៣.000ករណី​កាលពី​ថ្ងៃ​អាទិត្យ។ សហរដ្ឋ​អាមេរិក​មាន​ការ​ឆ្លង​ថ្មី​ជាង​៤៤.០០០​ករណី។ នេះ​បើ​តាម​តួលេខ​របស់​សាកល​វិទ្យាល័យ ​Johns Hopkins៕

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន AP, Reuters និង AFP)

វីដេអូថ្មីៗបំផុត

XS
SM
MD
LG