នាយកវិទ្យាស្ថានសុខាភិបាលជាតិសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត Francis Collins បានថ្លែងប្រាប់កម្មវិធីទូរទស្សន៍ Fox News Sunday ថា ក្នុងរយៈពេល២ ឬ៣សប្តាហ៍ខាងមុខនេះ ទើបសហរដ្ឋអាមេរិកដឹងថា តើខ្លួននឹងចាប់ផ្តើមចាក់វ៉ាក់សាំងវីរុសកូរ៉ូណាដូសជំរុញដល់ពលរដ្ឋខ្លួន ឬយ៉ាងណា។ លោកបន្តថា៖ «មានការបារម្ភថា វ៉ាក់សំាងអាចនឹងចុះថយប្រសិទ្ធភាពរបស់វា»។
អ្នកធ្វើការផ្នែកថែទាំសុខភាព អ្នករស់នៅក្នុងមណ្ឌលថែរក្សាមនុស្សចាស់ និងមនុស្សចំណាស់ផ្សេងៗទៀតនឹងក្លាយជាអ្នកដំបូងគេ ដែលនឹងត្រូវចាក់វ៉ាក់សាំងដូសជំរុញនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់នាយកវិទ្យាស្ថានសុខាភិបាលជាតិរូបនេះ។
វីរុសកូរ៉ូណាបំប្លែងថ្មីប្រភេទដែលតា(delta)កំពុងបង្កើនចំនួនអ្នកឆ្លងថ្មីនៅសហរដ្ឋអាមេរិកដល់ប្រមាណ១២៩.០០០ករណីក្នុងមួយថ្ងៃ គឺកើនឡើងប្រមាណ៧០០%ចាប់តាំងពីដើមខែកក្កដាមក។ លោក Collins និយាយថា ករណីឆ្លងនេះអាចកើនឡើងដល់ចំនួន២សែននាក់ក្នុងមួយថ្ងៃក្នុងសហរដ្ឋអាមេរិក ដែលជាចំនួនដ៏ខ្ពស់បំផុត ចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩កាលពីខែមករា និងកុម្ភៈកន្លងទៅ។
លោក Collins ក៏បានបញ្ជាក់ផងដែរថា អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គឺជាគោលដៅនៃការឆ្លងដ៏សំខាន់ ហើយលោកបានជំរុញឲ្យពួកគេទៅចាក់វ៉ាក់សាំងឲ្យបានរួសរាន់ ខណៈពេលវីរុសប្រភេទដែលតាកំពុងឆ្លងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។
លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានផ្នែកជំងឺឆ្លង បានប្រាប់កម្មវិធី Face the Nation របស់ទូរទស្សន៍ CBS Sunday ថា បើទិន្នន័យបង្ហាញថា ការចាក់វ៉ាក់សាំងដូសជំរុញជាការចាំបាច់នោះ នោះសហរដ្ឋអាមេរិកនឹងរៀបចំចាក់វ៉ាក់សាំងដូសជំរុញនេះជាបន្ទាន់ភ្លាមៗ»។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេនៅលើពិភពលោកគឺចំនួន៣៦,៧លាននាក់។ នេះបើតាមតួលេខរបស់សាកលវិទ្យាល័យ Johns Hopkins៕