ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Biden ​ពិភាក្សា​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ដូស​ជំរុញ


រូបឯកសារ៖ គិលានុបដ្ឋាយិកា​ម្នាក់​រៀបចំ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ របស់ក្រុមហ៊ុន Johnson & Johnson ដល់​ប្រជាជន​នៅ​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ គិលានុបដ្ឋាយិកា​ម្នាក់​រៀបចំ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ របស់ក្រុមហ៊ុន Johnson & Johnson ដល់​ប្រជាជន​នៅ​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។

លោក​ប្រធានាធិបតី​ Joe Biden ​គ្រោង​ពិភាក្សា​នៅ​ថ្ងៃ​ពុធអំពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​មួយ​ដូសទៀត​ដល់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ដើម្បី​ការពារ​ភាពស៊ាំ​ដែល​អាច​ធ្លាក់ចុះ។​

លោក​ Biden ​នឹង​ថ្លែង​សុន្ទរកថា​បន្ទាប់ពីជួប​ជាមួយ​សមាជិក​នៃ​ក្រុម​ទប់ទល់​ជំងឺ​កូវីដ១៩​នៃ​រដ្ឋបាល​របស់​លោក។​

លោកស្រី​ Jen Pski​ អ្នកនាំពាក្យ​សេតវិមាន កាលពី​ថ្ងៃ​អង្គារ មិន​បាន​បញ្ជាក់​ពី​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​ដែល​ថា សហរដ្ឋ​អាមេរិក​នឹង​ស្នើ​ឱ្យអ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ត្រូវ​ចាក់​វាក់សាំង​ដូស​ជំរុញ ​៨​ខែ​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​ដូស​ចុង​ក្រោយ។​

ក៏​ប៉ុន្តែ​លោក​ស្រី​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា រដ្ឋាភិបាល​មាន​គម្រោង​ជា​ច្រើន​ខែ​មក​ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​នឹង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់ ​ប្រសិនបើ​ទីភ្នាក់ងារ​ម្ហូប​អាហារ​ និង​ឱសថ​ (FDA)​ផ្តល់​អនុសាសន៍​ឱ្យមាន​កម្មវិធី​ចាក់​វ៉ាក់សាំង​ជំរុញ។​

លោក​ស្រីក៏​បាន​បញ្ជាក់​ដែរ​ថា ​ក្រៅ​ពីចាក់​វ៉ាក់សាំង​មួយ​ដូស​ទៀតនៅ​ក្នុង​ប្រទេស​ ស.រ.អា.​នៅអាច​ជួយ​ផ្តល់​វ៉ាក់សាំង​ទៅ​តំបន់​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​ដែល​មនុស្ស​តិចតួច​ប៉ុណ្ណោះ​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩។​

លោក​ស្រី ​Psaki ​បាន​មាន​ប្រសាសន៍​ថា ​«យើង​អាច​ធ្វើ​ទាំង២។ ​ហើយ​សហ​រដ្ឋ​អាមេរិក​ជា​ប្រទេស​ផ្តល់​វិភាគទាន​ដ៏​ធំ​បង្អស់​ដល់ពិភព​លោក»។

អង្គការ​សុខភាព​ពិភពលោក កាលពី​ពេល​ថ្មីៗ​នេះ ​បាន​អំពាវនាវ​ឲ្យផ្អាក​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូស​ជំរុញ​ទូទាំង​ពិភពលោក រហូត​ដល់​ចុង​ខែ​កញ្ញា​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាបបាន​វ៉ាក់សាំង​ដូស​ដំបូង។​

កម្មវិធី​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​របស់​សហ​រដ្ឋ​អាមេរិក​ទំនង​នឹង​ចាប់ផ្តើម​នៅ​ខែ​កញ្ញា ​ដោយ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​មុន​ដំបូង​គេ​នឹង​ត្រូវ​ចាក់​មុន​គេ​ម្តង​ទៀត។​ ក្រុម​នេះ​រួមមាន​បុគ្គលិក​ថែទាំ​សុខភាព​ជួរ​មុខ ​អ្នក​នៅ​កន្លែងថែទាំ​មនុស្ស​ចាស់​ និង​មនុស្ស​ចាស់ៗ​ផ្សេង​ទៀត៕

XS
SM
MD
LG