កាលពីថ្ងៃចន្ទ លោក Josh Earnest អ្នកនាំពាក្យសេតវិមានបានធ្វើអត្ថាធិប្បាយអំពីរបាយការណ៍ដែលថា ស.រ.អ.គ្រោងនឹងបោះទីតាំងអាវុធអាមេរិកាំងធុនធ្ងន់និងក្រុមទាហាននៅក្នុងទ្វីបអឺរ៉ុបខាងកើតនិងក្នុងបណ្តារដ្ឋនៃតំបន់សមុទ្របាល់ទិកជាអចិន្ត្រៃយ៍ ដោយនិយាយថា ស.រ.អ.«មានកាតព្វកិច្ចមួយដើម្បីធ្វើឱ្យប្រាកដប្រជាថា យើងការពារអធិបតេយ្យភាពដែនដីរបស់ពួកសម្ព័ន្ធមិត្តយើងក្នុងអង្គការអូតង់»។
លោក Earnest បាននិយាយប្រាប់ពួកអ្នកកាសែតនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃនៅឯសេតវិមានថា៖ «យើងបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយនៃអង្គការអូតង់ដែលផ្តល់កិច្ចការពារដល់ពួកសម្ព័ន្ធមិត្តរបស់យើង ហើយនេះជាសន្ធិសញ្ញាមួយដែលស.រ.អ.និងប្រធានាធិបតីនៃប្រទេសនេះមានការហ្មត់ចត់ក្នុងការប្រព្រឹត្តតាម»។
លោក Earnest បានថ្លែងថា ផែនការនេះ«ឋិតនៅក្នុងដំណាក់ការដំបូងនៃដំណើរការរៀបចំគោលនយោបាយ ក៏ប៉ុន្តែស្របទៅតាមយុទ្ធសាស្ត្រដែលយើងធ្លាប់ធ្វើពីពេលមុនៗ»។
កាលពីថ្ងៃចន្ទដែរ ក្រសួងការបរទេសរុស្ស៊ីក៏បានព្រមានប្រឆាំងនឹងការអនុវត្តន៍ផែនការនេះ។ ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងសង្ឃឹមថា វិចារណញ្ញាណនឹងឈ្នះ ហើយស្ថានការណ៍នៅក្នុងទ្វីបអឺរ៉ុបនឹងត្រូវបញ្ចៀសមិនឱ្យធ្លាក់ទៅក្នុងការប្រឈមមុខដាក់គ្នាខាងយោធាថ្មីមួយដែលអាចនាំឱ្យមានផលវិបាកប្រកបដោយគ្រោះថ្នាក់»៕