សេតវិមាន៖ មិន​មាន​ប្រតិបត្តិការ​ថ្មើរជើង​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ទេ

រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អាមេរិក លោក Ash Carter ថ្លែង​ការ​នៅ Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ពី​មុខ​គណៈកម្មាធិការសភា​ទទួល​បន្ទុក​ផ្នែក​កងកម្លាំង​ប្រដាប់​អាវុធ​ កាល​ពី​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ២០១៥។

សហរដ្ឋ​អាមេរិក​និយាយ​ថា ​ខ្លួន​មិន​មាន​ចេតនា​ធ្វើ​កិច្ច​ប្រតិបត្តិការ​ថ្មើរ​ជើង​រយៈ​ពេល​យូរ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដូច​នៅប្រទេស​អាហ្វហ្គានីស្ថាន​ឬ​អ៊ីរ៉ាក់​ទេ​ នៅ​ក្នុង​ការ​បង្កើន​កិច្ចខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ប្រឆាំង​នឹង​ទីដៅ​នានា​របស់​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។

លោករដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​Ash Carter ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​នឹង​រួម​មាន​ការ​វាយ​ប្រហារ​តាម​អា​កាសហើយ​និង​លទ្ធ​ភាព​នៃ​ការវាយ​ប្រហារថ្មើរ​ជើង​កាន់​តែ​ច្រើន​ឡើង។

លោក​ Eric Schultz​ លេខា​ធិការ​ព័ត៌មាន​សេតវិមាន ​បាន​គាំ​ទ្រ​សេចក្តី​ថ្លែងការណ៍​របស់​លោករដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស ​Carter​ កាល​ពី​ថ្ងៃ​ពុធ ​ដោយ​ធ្វើ​ការ​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​នៅ​រក្សា​សមត្ថភាព​ដើម្បី​ធ្វើ​កិច្ច​ប្រតិបត្តិការ​មាន​កម្រិត​មួយក្នុង​ប្រទេស​ស៊ីរី​ជាមួយ​ដៃគូ​នានា​នៅ​ពេល​ឱកាស​មក​ដល់។

លោក​វរសេនីយ៍​ឯក​ Steve Warren ​អ្នក​នាំ​ពាក្យ​កងទ័ព​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និយាយ​ថា៖ «យើង​មិន​មែនពិភាក្សា​ពី​ការវាយ​ប្រហារទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ទីក្រុង​សំខាន់ៗ​ទេ។ យើង​ពិភាក្សា​ពី​ការ​វាយ​ឆ្មក់។ ​ការ​វាយ​ប្រហារ​នេះ ​មិន​បាន​ដាក់​ទាហាន​អាមេរិកាំងរាប់​រយ​នាក់​ចូល​ជាមួយ​ទាហាន​អ៊ីរ៉ាក់​រាប់​ពាន់​នាក់​ដើម្បី​ធ្វើ​កិច្ច​ប្រតិបត្តិការ​វាយ​ប្រហារ​ជានិរន្តរ​ទេ»។

កាល​ពី​ថ្ងៃ​អង្គារ ​លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អាមេរិក​បាន​ប្រាប់​សវនាការ​សភា​ថា ​អាច​មាន​ការ​វាយ​ឆ្មក់​កាន់​តែ​ច្រើន​ដូច​កាល​ពី​សប្តាហ៍​មុន​ ដែល​ក្នុង​នោះ​ កងទ័ព​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ការប្រឹក្សាដល់​កងទ័ព​ជន​ជាតិ​ភាគ​តិច​ឃឺដ (Kurds)​ នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ចំណាប់​ខ្មាំង​ប្រហែល​៧០​នាក់​នៅ​ក្នុង​ប្រ​ទេស​អ៊ីរ៉ាក់ ​ដោយ​មាន​ទាហាន​កុម្ម៉ង់ដូ​អាមេរិកាំង​ម្នាក់​ត្រូវ​បាន​សម្លាប់៕