ស.រ.អា.និយាយថា ខ្លួនកំពុងបង្កើនការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមរដ្ឋឥស្លាម នៅក្នុងប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់ នៅពេលដែលមេដឹកនាំយោធាជាន់ខ្ពស់ស.រ.អា.បានទទួលស្គាល់ប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារថាស.រ.អា.កំពុងតស៊ូដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមបះបោរនេះ។
លោកឧត្តមសេនីយ៍ Joseph Dunford នៃកងទាហានម៉ារីន ស.រ.អា.និងជាប្រធានក្រុមនាយអគ្គសេនាធិការចម្រុះនៃកងយុទ្ធពលស.រ.អា.បានជម្រាបសវនកម្មមួយអំពីយុទ្ធសាស្ត្រយោធាអាមេរិកាំងនៅក្នុងភូមិភាគមជ្ឈិមបូព៌ាថា ៖ «គ្មាននរណាម្នាក់ពេញចិត្តនឹងការជឿនលឿនរបស់យើងរហូតមកដល់ពេលនេះទេ»។
លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Ash Carter បានមានប្រសាសន៍ជម្រាបគណៈកម្មាធិការសេវាកម្មយោធានៃព្រឹទ្ធសភាស.រ.អា.ថា លោកមាន«ការស្រងាកចិត្ត» ជាមួយការគ្មានជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់ស.រ.អា.មានទឹកប្រាក់៥០០លានដុល្លារ ដើម្បីហ្វឹកហ្វឺនកងកម្លាំងឧទ្ទាមមិននិយមជ្រុលនៅក្នុងប្រទេសស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម។
ស.រ.អា.បានបោះបង់ចោលកម្មវិធីនេះមុននេះបន្តិចនៅក្នុងខែនេះ នៅក្រោយទាហានមួយចំនួនតូចបានទទួលការហ្វឹកហ្វឺន។
ជាការឆ្លើយតប លោក Carter បានមានប្រសាសន៍ថាស.រ.អា.បានបង្កើនយុទ្ធនាការតាមអាកាសរបស់ខ្លួនប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ដោយមានសង្ឃឹមថានឹងកាត់បន្ថយដែនដីដែលក្រុមនោះកាន់កាប់នៅក្នុងតំបន់ Raqqa នាប៉ែកខាងជើងនៃប្រទេសស៊ីរីដែលជាកន្លែងបញ្ជាការធំរបស់ក្រុមនោះ៕