មន្រ្តីសេតវិមានកំពូលម្នាក់ បានសន្យាកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងរកវិធីធ្វើឱ្យជនជាតិអាមេរិកដែលនៅសេសសល់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ប្រសិនបើពួកគេចង់ចាកចេញ ប៉ុន្តែសមាជិកសភាគណបក្សសាធារណរដ្ឋដ៏សំខាន់ម្នាក់ក្នុងគណៈកម្មាធិការកិច្ចការបរទេស បាននិយាយថា ក្រុមបះបោរតាលីបង់កំពុងរារាំងការធ្វើដំណើរយ៉ាងងាយស្រួលចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល។
ប្រធានបុគ្គលិកសេតវិមានលោក Ron Klain បានប្រាប់ទូរទស្សន៍ CNN ក្នុងកម្មវិធីស្ថានភាពសហព័ន្ធថា ក្រុមមន្រ្តីអាមេរិកជឿជាក់ថា ជនជាតិអាមេរិកប្រហែល១០០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជិតមួយសប្តាហ៍ចាប់តាំងពីយោធាអាមេរិកបានដកកងទ័ពចុងក្រោយរបស់ខ្លួនចេញពីប្រទេសនេះ បន្ទាប់ពីសង្គ្រាមជិត២ទសវត្សរ៍ប្រឆាំងភេរវករ al-Qaida និងតាលីបង់។
លោក Klain បាននិយាយថា «យើងនឹងរកវិធីយកពួកគេចេញ បើពួកគេចង់ចាកចេញ» ទំនងជាតាមរយៈការបន្តជើងយន្តហោះទៅកាន់ប្រទេសកាតា។ លើសពីនេះ លោកបាននិយាយថា សហរដ្ឋអាមេរិក នឹងបន្តព្យាយាមជួយជនជាតិអាហ្វហ្គានីស្ថានដែលបានជួយកងទ័ពអាមេរិកជាច្រើនឆ្នាំ ដើម្បីចេញពីប្រទេស និងចេញពីជីវិតក្រោមការគ្រប់គ្រងរបស់តាលីបង់។
ប៉ុន្តែលោក Michael McCaul សមាជិកសភាគណបក្សសាធារណរដ្ឋលេចធ្លោក្នុងគណៈកម្មាធិការកិច្ចការបរទេស បានប្រាប់កម្មវិធី Fox News Sunday ថា ផ្អែកលើព័ត៌មានសង្ខេបផ្នែកស៊ើបការណ៍សម្ងាត់អាមេរិក លោកជឿជាក់ថា «ជនជាតិអាមេរិករាប់រយនាក់» ត្រូវបានទុកចោលនៅពេលយន្តហោះយោធាអាមេរិកចុងក្រោយចាកចេញពីក្រុងកាប៊ុល កាលពីថ្ងៃចន្ទសប្តាហ៍មុន។ លោកបាននិយាយថា មិនមានពលរដ្ឋអាមេរិកណាម្នាក់ ចាកចេញពីប្រទេសអាហ្វហ្កានីស្ថានទេ ចាប់តាំងពីពេលនោះមក។ លោក McCaul បាននិយាយថា «តាលីបង់បានបញ្ជាដោយមិនឱ្យយន្តហោះចាកចេញឡើយ»។
មន្រ្តីនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា យ៉ាងហោចណាស់យន្តហោះ៤គ្រឿងនៅអាកាសយានដ្ឋាន Mazar-e-Sharif ដែលត្រូវបានជួលដើម្បីជម្លៀសមនុស្សរាប់រយនាក់នោះ ត្រូវបានរារាំងមិនឱ្យចាកចេញ។ មន្រ្តីអាហ្វហ្គានីស្ថានម្នាក់បាននិយាយថា អ្នកដំណើរទាំងនោះ ជាជនជាតិអាហ្វហ្គានីស្ថានដែលភាគច្រើនមិនមានលិខិតឆ្លងដែន ឬទិដ្ឋាការ រីឯលោក McCaul បាននិយាយថា ក្រុមនេះរួមមានជនជាតិអាមេរិក ហើយយន្តហោះ៦គ្រឿង បានជាប់នៅទីនោះ។
លោកបាននិយាយថា ពួកតាលីបង់«ចង់បានអ្វីមួយជាថ្នូរ» គឺការទទួលស្គាល់ពេញលេញរបស់អាមេរិកចំពោះការគ្រប់គ្រងរដ្ឋាភិបាលអាហ្វហ្គានីស្ថានរបស់ពួកគេ៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press។