លោក Vo Van Thuong ដែលត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធានាធិបតីថ្មីរបស់ប្រទេសវៀតណាម កាលពីថ្ងៃទី ២ ខែមីនាកន្លងទៅនេះ បានចាប់ផ្តើមបំពេញតួនាទីរបស់លោកដោយការធ្វើទស្សនកិច្ចការទូតមួយចំនួនទៅក្រៅប្រទេស។
តំណែងជាប្រធានាធិបតីវៀតណាមជាទូទៅគ្រាន់តែជាតួនាទីបែបពិធីការតែប៉ុណ្ណោះ ប៉ុន្តែលោក Thuong ត្រូវគេមើលឃើញថាជាមនុស្សជំនិតរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ហើយលោកអាចស្នងតំណែងនេះបន្ទាប់ពីលោក Trong បញ្ចប់អាណត្តិរបស់លោកក្នុងឆ្នាំ ២០២៦ ខាងមុខ។
លោក Thuong បានចាប់ផ្តើមដំណើរទស្សនកិច្ចដំបូងរបស់លោកទៅកាន់ប្រទេសឡាវដែលមានរយៈពេល ២ ថ្ងៃកាលពីខែមេសាកន្លងទៅនេះ។ ប្រទេសឡាវនិងវៀតណាមស្ថិតក្នុងចំណោមប្រទេសកុម្មុយនីស្តចំនួន ៥ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។
នៅក្នុងប្រទេសឡាវ លោក Thuong បានប្រកាសផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១ លានដុល្លារដល់ប្រទេសនេះ បានយល់ព្រមបង្កើនសន្តិសុខនិងការការពារនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្របត្តិការមួយចំនួនលើផ្នែកវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវរបស់ប្រធានាធិបតីវៀតណាមរូបនេះគឺជាការបង្ហាញខ្លួនលើកទីមួយដែលបានត្រៀមទុក។
កាលពីថ្ងៃទី ៥ ខែឧសភាកន្លងទៅនេះ លោក Thuong បានធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសដើម្បីចូលរួមក្នុងព្រះរាជពិធីឡើងសោយរាជ្យរបស់ព្រះមហាក្សត្រ Charles ទី ៣ នៃចក្រភពអង់គ្លេស។
លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននៅខែកក្កដា និងសហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ ហើយក៏នឹងអាចធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនផងដែរ។ នេះបើតាមការលើកឡើងរបស់លោក Ha Hoang Hop នៅទីក្រុងហាណូយ ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី។
លោក Hop បាននិយាយថា៖ «លោក Thuong មានឱកាសធំក្នុងការអាចបានកាន់តួនាទីកំពូលៗទាំង ៤ ដែលក្នុងនោះរួមមានទាំងតួនាទីជាអគ្គលេខាធិការបក្សកុម្មុយនីស្ត [វៀតណាម] ផងដែរ»។ លោក Hop លើកឡើងដូច្នេះចង់សំដៅលើ «សសរស្តម» ទាំង ៤ របស់ប្រទេសវៀតណាម ដែលនោះគឺតំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តំណែងជាប្រធានាធិបតី តំណែងជានាយករដ្ឋមន្ត្រី និងតំណែងជាប្រធានរដ្ឋសភាជាតិ។
លោកThuong ជាសម្ព័ន្ធមិត្តម្នាក់របស់លោក Trong ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមតាំងពីឆ្នាំ ២០១១ មក។ ក្នុងវ័យជិត ៨០ ឆ្នាំ លោក Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សលើសអាណត្តិកំណត់ ដែលជាទូទៅត្រូវកំណត់ត្រឹមតែ ២ អាណត្តិប៉ុណ្ណោះ និងបានកាន់តំណែងហួសអាយុកំណត់ ដែលត្រូវបានកំណត់ត្រឹម ៦៥ ឆ្នាំ ដោយសារលោកនៅកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមមួយអាណត្តិទៀតពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦។ លោក Trong បានដឹកនាំការបង្ក្រាបនាពេលបច្ចុប្បន្នលើអំពើពុករលួយ និងបានលើកកម្ពស់ទ្រឹស្តីកុម្មុយនីស្តនៅពេលលោកដឹកនាំប្រទេស។
ដោយធ្លាប់ជាអ្នកដែលមានជំនឿងប់ងុលលើមនោគមន៍វិជ្ជារបស់បក្សដែលស្របជាមួយនឹងបេសកកម្មរបស់លោក Trong លោក Thuong ត្រូវបានគេជឿថាជាបេក្ខជនម្នាក់ស្ថិតក្នុងចំណោមបេក្ខជនចម្បង ៣ រូបសម្រាប់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមនៅក្នុងមហាសន្និបាតរបស់គណបក្សនេះនៅឆ្នាំ ២០២៦ ខាងមុខ។
បើទោះបីជាយ៉ាងនេះក្តី ក៏អនាគតរបស់លោក Thuong នៅមិនទាន់ប្រាកដប្រជានៅឡើយ ដោយមួយផ្នែកគឺដោយសារតែលោកធ្លាប់បានបំពេញអាជីពការងារដ៏លំបាកនៅក្នុងទីក្រុងហូជីមិញ។ ទីក្រុងនេះបានក្លាយជាចំណុចកណ្តាលនៃការបង្ក្រាបអំពើពុករលួយខ្លាំងក្លា ហើយការជាប់ពាក់ព័ន្ធរបស់លោកជាមួយនឹងទីក្រុងនេះអាចប៉ះពាល់ដល់ការឈរឈ្មោះរបស់លោកជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ រឿងនេះ បូករួមជាមួយនឹងកង្វះប្រជាប្រិយភាពរបស់លោកឬក៏កង្វះបណ្តាញទំនាក់ទំនងធំៗនៅខាងក្រៅទីក្រុងហូជីមិញ អាចជាឧបសគ្គរារាំងដល់ជោគវាសនានយោបាយរបស់លោក។
សម្រាប់មនុស្សមួយចំនួន ការឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាមរបស់លោក Thuong នេះគឺជាការខកចិត្តមួយ។
សកម្មជនម្នាក់បានបញ្ជាក់ថា លោក Thuong ជាមនុស្សដែលមិនស័ក្ដិសមនឹងកាន់តំណែងជំនួសលោក Trong នោះទេ ដោយសារលោកធ្លាប់រស់នៅក្នុងទីក្រុងហូជីមិញដែលជាទីក្រុងមានភាពមមាញឹករស់រវើក។ សកម្មជនរូបនេះបានបន្ថែមថា លោក Thuong ជាអ្នកគាបសង្កត់លើសេរីភាពនៃការបញ្ចេញមតិ ហើយមេដឹកនាំនានាហាក់សម្របទៅតាមទ្រឹស្តីផ្តាច់ការកុម្មុយនីស្តជាងរឿងដែលអាចប្រតិបត្តិជាក់ស្តែង។
សកម្មជនរូបនេះបានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារខ្លាចមានការធ្វើទុក្ខបុកម្នេញលើខ្លួនសម្រាប់ការនិយាយរឿងនយោបាយថា៖ «ខ្ញុំមិនជឿថា លោក Thuong អាចធ្វើអ្វីដែលអស្ចារ្យនោះទេ។ គាត់គ្រាន់តែជាមនុស្សម្នាក់ដែលមិនមានឥទ្ធិពលដូចលោក Nguyen Phu Trong នោះឡើយ»។
សកម្មជនរូបនេះបានបន្ថែមថា៖ «ពេញមួយជីវិតរបស់ពួកគេ ពួកគេឃោសនាតែគោលការណ៍កុម្មុយនីស្ដនិងសង្គមនិយម បង្រៀនក្រមសីលធម៌បដិវត្តន៍ ហើយមិនដឹងអ្វីជាមូលដ្ឋានដែលអ្នកនយោបាយត្រូវដឹងនោះឡើយ ដូចជាបញ្ហាម៉ាក្រូសេដ្ឋកិច្ច [ឬក៏] ច្បាប់ជាដើម។ នេះជារឿងដ៏អាក្រក់មួយ ហើយជារឿងដែលគួឱ្យអាម៉ាស់សម្រាប់ប្រជាជនវៀតណាម»។
ឫសគល់នៃការប្រឆាំងអំពើពុករលួយ
ការឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាមរបស់លោក Thuong គឺជាលទ្ធផលនៃយុទ្ធនាការបង្រ្កាបអំពើពុករលួយ «ដ៏ក្តៅគគុក» ដែលកំពុងបន្តធ្វើ ដែលឈានទៅដល់ការចាកចេញពីតំណែងរបស់អតីតប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc ដែលកាន់តំណែងមុនលោក Thuong។
លោក Phuc ត្រូវបានបង្ខំឱ្យលាលែងពីតំណែងជាប្រធានាធិបតីវៀតណាមកាលពីខែមករាកន្លងទៅនេះ ដែលធ្វើឱ្យរង្គោះរង្គើដល់ស្ថិរភាពនយោបាយរបស់ប្រទេសនេះដែលធ្លាប់តែមានលំនឹងល្អ។ លោក Phuc ត្រូវបានចោទប្រកាន់ដោយគណបក្សកុម្មុយនីស្តវៀតណាមថាបាន «រំលោភបំពាននិងប្រព្រឹត្តិខុស» ជុំវិញការពាក់ព័ន្ធរបស់គ្រួសារលោកជាមួយការដំឡើងថ្លៃឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ របស់ក្រុមហ៊ុនបច្ចេកវិទ្យា Viet A របស់វៀតណាម ដែលបណ្ដាលឱ្យមានការប្រើប្រាស់មិនត្រឹមត្រូវនូវមូលនិធិរបស់រដ្ឋចំនួនរាប់លានដុល្លារ។
ស្ថិតក្នុងវ័យ ៥២ ឆ្នាំ លោក Thuong គឺជាអ្នកដែលមានវ័យក្មេងជាងគេបំផុតកាន់តំណែងក្នុងការិយាល័យនយោបាយមជ្ឈិមបក្ស ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តខ្ពស់បំផុតរបស់ប្រទេសវៀតណាម។
លោក Nguyen Khac Giang អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន ISEAS-Yusof Ishak បានកត់សម្គាល់ថា អាជីពរបស់លោក Thuong គឺធ្វើជា «មនុស្សរបស់បក្ស»។
លោក Thuong ធ្លាប់បានសិក្សាពីទ្រឹស្តីម៉ាក្សលេនីននៅមហាវិទ្យាល័យ និងក្រោយមកបានក្លាយជាប្រធាននាយកដ្ឋានឃោសនាការរបស់គណបក្សកុម្មុយនីស្តវៀតណាម លេខាធិការរងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សប្រចាំទីក្រុងហូជីមិញ និងជាលេខាធិការគណៈកម្មាធិការបក្សខេត្ត Quang Nga នៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម។
បើទោះបីជាលោក Thuong ស្ថិតក្នុងចំណោមមនុស្សពីរបីនាក់ដែលអាចឈានទៅដល់ការកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមក៏ដោយ ក៏កន្លងមកលោកធ្លាប់មានអាជីពសាមញ្ញធម្មតាប៉ុណ្ណោះ។ ដោយមិនមានសមិទ្ធផលគួរឱ្យកត់សម្គាល់ វាគឺពិបាកសម្រាប់លោក Thuong ក្នុងការឈានទៅកាន់តំណែងជាអគ្គលេខាធិការបក្សផ្អែកលើគុណសម្បត្តិ ហើយលោកខ្វះបុគ្គលិកលក្ខណៈនិងបណ្ដាញដ៏ខ្លាំងក្លា។ នេះបើតាមការបញ្ជាក់របស់លោក Giang។
បន្ថែមពីលើនេះទៀត លោក Giang បានអះអាងថា ប្រវត្តិរបស់លោក Thuong នៅក្នុងទីក្រុងហូជីមិញមិនសូវល្អប៉ុន្មាននោះទេ ដោយកិច្ចការរបស់លោកគឺធ្វើឡើងស្របពេលជាមួយនឹងកិច្ចការរបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Thanh Hai ដែលដឹកនាំទីក្រុងនេះដូចអ្វីដែលគេបានពណ៌នាថាបែប «សក្តិភូមិ»។
នៅក្រោមការដឹកនាំរបស់លោក Hai ថ្នាក់ដឹកនាំកំពូលរបស់ទីក្រុងនេះមានទស្សនៈប្រហាក់ ប្រហែលទៅនឹងទស្សនៈរបស់លោក Hai និងសម្ព័ន្ធមិត្តដែរ ដោយធ្វើយ៉ាងណាឱ្យខ្លួនមានបានតាមរយៈមុខជំនួញអចលនទ្រព្យ។ ប៉ុន្តែ នៅពេលដែលកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់លោក Trong កើនសន្ទុះខ្លាំង លោក Hai ត្រូវបានបង្ខំឱ្យចូលនិវត្តន៍។
លោក Giang បញ្ជាក់ដូច្នេះថា៖ «ឧបសគ្គចម្បងដែលអាចរារាំងលោក Thuong មិនឱ្យក្លាយជាប្រធានបក្សកុម្មុយនីស្តវៀតណាមគឺការជាប់ពាក់ព័ន្ធរបស់លោកជាមួយនឹងក្រុមបងធំនៅក្នុងទីក្រុងហូជីមិញ។ ការពាក់ព័ន្ធភាគច្រើនបំផុតរបស់លោក Thuong គឺរឿងទីក្រុងហូជីមិញ ដែលនៅទីនោះមានយុទ្ធនាការប្រឆាំងអំពើពុករលួយខ្លាំងក្លា។ ...វាហាក់ដូចជាលោកនឹងមិនទំនងទទួលបានការគាំទ្រពីសមាជិកដទៃទៀតក្នុងជួរគណបក្សនោះឡើយ»។
ស្របពេលដែលនៅមានភាពស្រពិចស្រពិលនៅឡើយអំពីអនាគតនយោបាយរបស់លោក Thuong គេឃើញមានប្រតិកម្មចម្រុះពីសាធារណជន។
សកម្មជនទីក្រុងហូជីមិញមួយរូបបាននិយាយថា លោក Thuong បានសន្យាខ្យល់ជាច្រើនអំពីការបើកឱ្យមានការពិភាក្សាគ្នាជាចំហ នៅពេលលោកបម្រើការនៅក្នុងទីក្រុងហូជីមិញ ហើយអាជ្ញាធរវៀតណាមនៅតែបន្តដាក់ពិន័យលើក្រុមអ្នករិះគន់លើរបបដឹកនាំរបស់វៀតណាម។
សកម្មជនទីក្រុងហូជីមិញរូបនេះបានបន្ថែមថា៖ «លោក Thuong ធ្លាប់បាននិយាយថា គណបក្សកុម្មុយនីស្តវៀតណាមមិនខ្លាចពីការបើកឱ្យមានការពិភាក្សាគ្នានោះឡើយ ដោយសារតែតាមរយៈការពិភាក្សាគ្នានោះហើយដែលយើងអាចរកឃើញការពិតបាន។ ប៉ុន្តែ ការសន្យាឱ្យមានការពិភាក្សាគ្នានេះមិនដែលកើតឡើងនោះឡើយ ហើយអ្នកប្រឆាំងទំាំងអស់ត្រូវបានចាប់ដាក់ពន្ធនាគារ។ ខ្ញុំមិនដែលមានជំនឿទៅលើក្រុមមន្ត្រីកុម្មុយនីស្តដូចលោក Thuong ឬលោក Trong នោះឡើយ។ ពួកគេមិនដឹងអ្វីទាំងអស់ក្រៅតែពីរឿងលទ្ធិកុម្មុយនីស្តមួយមុខនោះ»។
យុវតីជាពលរដ្ឋវៀតណាមមានដើមកំណើតនៅក្នុងទីក្រុងហូជីមិញម្នាក់ ដែលមានវ័យខ្ទង់ជាង ២០ ឆ្នាំ បាននិយាយថា នាងឃើញមានចំណុចប្រែប្រួលតិចតួចប៉ុណ្ណោះក្រោយមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ ដោយសារតែនាងមិនឃើញមានឱកាសណាមួយដែលនាងអាចបញ្ចេញសំឡេងរបស់នាងបានឡើយ។
នាងបានបន្ថែមដូច្នេះថា៖ «ខ្ញុំពិតជាមិនខ្វល់អំពីរឿងនយោបាយ។ សម្រាប់ផ្នែកភាគច្រើន យើងមិនមែនជាផ្នែកមួយនៃនយោបាយនោះឡើយ។ វាជាប្រព័ន្ធមិនប្រែប្រួល។ ពួកគេធ្វើអ្វីដែលពួកគេចង់ធ្វើតែប៉ុណ្ណោះ»។
ដោយឡែកយុវជនវៀតណាមម្នាក់ដែលមានអាយុ ២៦ ឆ្នាំ ហើយដែលកំពុងរស់នៅក្នុងទីក្រុងហូជីមិញផងដែរនោះ មានភាពវិជ្ជមានច្រើនជាងយុវតីខាងលើ។
យុវជនរូបនេះបានថ្លែងដូច្នេះថា៖ «ខ្ញុំជឿថា លោក Vo Van Thuong ជាមនុស្សល្អហើយនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីឱ្យមានភាពត្រឹមត្រូវ ជាពិសេសសម្រាប់ផលប្រយោជន៍របស់ប្រជាជនវៀតណាមទាំងមូល»។
យុវជនរូបនេះបានបន្ថែមថា៖ «វាច្បាស់ណាស់ថា លោក Thuong គឺជាមនុស្សដ៏សំខាន់ម្នាក់នៅក្នុងប្រទេសវៀតណាមនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ