កាលពីថ្ងៃសៅរ៍ លោកអនុប្រធានាធិបតីស.រ.អា. Mike Pence បានទៅបំពេញទស្សនកិច្ចដោយមិនបានប្រាប់ឱ្យដឹងជាមុនក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីសួរសុខទុក្ខក្រុមទាហានស.រ.អា.នៅទីនោះ។
នៅក្រោយលោកធ្វើដំណើរតាមយន្តហោះទៅដល់មូលដ្ឋានកងទ័ពអាកាស Al-Assad ក្នុងប៉ែកខាងលិចនៃប្រទេសអ៊ីរ៉ាក់ដោយមានការអមដំណើរដោយភរិយាលោក គឺលោកស្រី Karen Pence ផងនោះ លោកអនុប្រធានាធិបតីនិងភរិយាលោកបានជួបជាមួយក្រុមទាហានស.រ.អា.តាំងទីនៅទីនោះតែប៉ុន្មានថ្ងៃមុនថ្ងៃបុណ្យរំលឹកគុណព្រះអាទិទេពដែលភាសាអង់គ្លេសហៅថា Thanksgiving។
លោក Pence ក៏បានជួបជាមួយលោក Nechirvan Barzani ប្រធានាធិបតីនៃតំបន់ Kurdistan ក្នុងប្រទេសអ៊ីរ៉ាក់ដែរ។
ជំនួបនេះជាការប៉ុនប៉ងមួយដើម្បីធានារ៉ាប់រងដល់ក្រុមជនអំបូរឃើដ អ៊ីរ៉ាក់អំពីការគាំទ្ររបស់ស.រ.អា.នៅក្រោយសេចក្តីសម្រេចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកពួកទាហានអាមេរិកាំងចេញពីផ្នែកខាងជើងនៃប្រទេសអ៊ីរ៉ាក់បានរងការរិះគន់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានក្បត់ពួកសម្ព័ន្ធមិត្ត ឃើដ នៅទីនោះ។
លោក Pence និងភរិយាបានពិសារអាហារពេលយប់តាមប្រពៃណីបុណ្យ Thanksgiving ជាមួយពួកទាហានស.រ.អា.ដែលមានរួមបញ្ចូលសាច់មាន់បារាំង, សាច់អាំង និងផ្លែ cranberry ។ល។
លោកអនុប្រធានាធិបតីក៏បានស្តាប់ការនិយាយត្រួសៗអំពីព័ត៌មានសម្ងាត់ពីកងយោធាស.រ.អា. ហើយលោកក៏បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Adel Abdul Mahdi ផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក Pence មានឡើងនៅពេលមានបាតុកម្មហិង្សាប្រឆាំងនឹងរដ្ឋាភិបាលដែលបានចាប់ផ្តើមកាលពីខែតុលា។ បើតាមប្រភពយោធាអ៊ីរ៉ាក់និងពួកសកម្មជនបានឲ្យដឹងថា កាលពីថ្ងៃសុក្រមានមនុស្សបីនាក់បានត្រូវសម្លាប់ និងជាង២៤នាក់ទៀតបានត្រូវរបួសនៅពេលកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានប៉ះទង្គិចជាមួយពួកបាតុករនៅកណ្តាលក្រុងបាកដាដ៕