យោធាប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមួយនៅសប្ដាហ៍ក្រោយ បន្ទាប់ពីខកខានមិនបានធ្វើអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press។
សមយុទ្ធនេះគ្រោងធ្វើឡើង ស្របពេលដែលមានការប្រឈមនឹងភាពគឃ្លើនកើនឡើងរបស់ប្រទេសកូរ៉េខាងជើង ដែលប្រទេសនេះបានបង្កើនការសាកល្បងអាវុធនិងការគំរាមកំហែងបង្កជម្លោះនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។
សមយុទ្ធរដូវក្ដៅរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនេះ ដែលនឹងធ្វើឡើងពីថ្ងៃទី ២២ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញាខាងមុខនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្រោមស្លាក «របាំងការពារសេរីភាព Ulchi» នឹងមានការហាត់សមនៅទីវាលផ្ទាល់ដែលមានការចូលរួមពីយន្តហោះចម្បាំង នាវាចម្បាំង រថក្រោះ និងទាហានប្រហែលរាប់ម៉ឺននាក់។
សមយុទ្ធនេះគូសបញ្ជាក់អំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនៅក្នុងការបន្តឡើងវិញនូវសមយុទ្ធទ្រង់ទ្រាយធំ បន្ទាប់ពីប្រទេសទាំងពីរបានលុបចោលសមយុទ្ធជាប្រចាំរបស់ខ្លួនមួយចំនួន និងធ្វើសមយុទ្ធមួយចំនួនទៀតតាមប្រព័ន្ធកុំព្យូទ័រដោយធ្វើឱ្យដូចទៅនឹងសមយុទ្ធជាក់ស្ដែងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីបង្កើតលំហការទូតជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងជើង និងដោយសារតែក្ដីបារម្ភនៃការរាតត្បាតជំងឺកូវីដ១៩។
បើទោះបីជាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងថាការធ្វើសមយុទ្ធនេះជាការធ្វើសមយុទ្ធបែបការពារខ្លួនក៏ដោយ ក៏សមយុទ្ធនេះអាចប្រាកដជាធ្វើឱ្យកូរ៉េខាងជើងខឹងសម្បា។ កន្លងមក កូរ៉េខាងជើងបានហៅការធ្វើសមយុទ្ធទាំងអស់របស់ក្រុមសម្ព័ន្ធមិត្តនេះថាជាការហាត់សមដើម្បីឈ្លានពានខ្លួន និងបានប្រើសមយុទ្ធនេះដើម្បីផ្ដល់ហេតុផលដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន។
ក្រសួងការពារជាតិអាមេរិកក៏បានបញ្ជាក់ផងដែរថា ទាហានជើងទឹករបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានចូលរួមនៅក្នុងការធ្វើសមយុទ្ធត្រៀមទល់ទល់នឹងមីស៊ីលនិងសមយុទ្ធស្វែងរកនិងតាមដានគ្រាប់ផ្លោងមីស៊ីលនៅឯសមុទ្ររដ្ឋ Hawaii កាលពីថ្ងៃទី ៨ ដល់ទី ១៤ ខែសីហាកន្លងទៅនេះ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីបន្ថែមទៀតដើម្បីទប់ទល់នឹងការប្រឈមពីកូរ៉េខាងជើង៕
ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង —