ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានគម្រោងថ្លែងនៅថ្ងៃព្រហស្បតិ៍នេះអំពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន រួមទាំងជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់រដ្ឋាភិបាលក្រុងកៀវនៅពេលដែលរដ្ឋបាលរបស់លោកប្រុងប្រៀបជំនួយសន្តិសុខជុំថ្មីមួយទៀតដែលត្រូវគេរំពឹងថា នឹងមានទឹកប្រាក់ប្រហែល៨០០លានដុល្លារនោះ។
សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ទឹកប្រាក់ដែលមានទំហំប្រហាក់ប្រហែលគ្នាកាលពីសប្តាហ៍មុន ហើយជំនួយថ្មីនេះ ត្រូវគេរំពឹងនឹងរួមបញ្ចូលទាំងកាំភ្លើងធំនិងគ្រាប់កាំភ្លើងធំរាប់ម៉ឺនគ្រាប់ថែមទៀត ដែលមានសារៈសំខាន់ដល់ការប្រយុទ្ធនៅក្នុងតំបន់ Donbas ខាងកើត។
នៅដើមសប្តាហ៍នេះ លោកប្រធានាធិបតី Biden បានបញ្ជាក់ប្រាប់ពួកអ្នកយកព័ត៌មានថា លោកនឹងបញ្ជូនកាំភ្លើងធំកាន់តែច្រើនថែមទៀតទៅឲ្យអ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក Biden បានប្រាប់វីអូអេថា៖ «ប្រាក់ចំនួន៣,៥ពាន់លានដុល្លារនៃថវិកាដែលសភាបានផ្តល់ឲ្យសម្រាប់ឆ្នាំសារពើពន្ធឆ្នាំនេះ យើងបានប្រើប្រាស់ជាង ២,៤ពាន់លានដុល្លាររួចហើយ ដើម្បីផ្តល់ឧបករណ៍និងសមត្ថភាពខាងយោធាដល់ប្រទេសអ៊ុយក្រែន ដែលពួកគេត្រូវការសម្រាប់ការពារខ្លួនឯង។ យើងកំពុងបន្តពិនិត្យមើលជំនួយសន្តិសុខបន្ថែមដែលយើងអាចផ្តល់ឲ្យអ៊ុយក្រែនបាន ហើយមានការអនុញ្ញាតបន្ថែមដែលយើងអាចដកប្រាក់នោះប្រើប្រាស់ ប្រសិនបើចាំបាច់»។
ប្រាក់ចំនួន៣,៥ពាន់លានដុល្លារជាផ្នែកមួយនៃប្រាក់១៣,៦ពាន់លានដុល្លារដែលជាជំនួយសម្រាប់ប្រទេសអ៊ុយក្រែនដែលសភាសហរដ្ឋអាមេរិក បានអនុម័តកាលពីខែមីនាកន្លងទៅ។
នៅពេលដែលរុស្ស៊ីបានចាប់ផ្តើមវាយប្រហារជាថ្មីកាលពីថ្ងៃពុធម្សិលមិញលើទីក្រុងកំពង់ផែ Mariupol របស់អ៊ុយក្រែន លោកប្រធានាធិបតី Biden បានកោះប្រជុំមេដឹកនាំយោធាអាមេរិកដើម្បីធ្វើការវាយតម្លៃពីស្ថានភាពចុងក្រោយនៃការឈ្លានពានរបស់រុស្ស៊ី។
លោកប្រធានាធិបតី Bidenបានជួបជាមួយក្រុមមេបញ្ជាការយោធាអាមេរិក រួមទាំងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin នាយអគ្គសេនាធិការចម្រុះឧត្តមសេនីយ៍ Mark Milley និងមេដឹកនាំយោធាជាច្រើននាក់ទៀតនិងទីប្រឹក្សាសន្តិសុខជាតិផងដែរ។
កាលពីព្រឹកថ្ងៃពុធម្សិលមិញ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើបុគ្គលនិងអង្គភាពជាច្រើនបន្ថែមទៀត ដែលត្រូវបានរងការចោទប្រកាន់ពីការរំលោភការដាក់ទណ្ឌកម្មខាងហិរញ្ញវត្ថុដែលបានធ្វើឡើងប្រឆាំងរដ្ឋាភិបាលក្រុងមូស្គូចំពោះការឈ្លានពានប្រទេសអ៊ុយក្រែន៕
អ្នកស្រី Anita Powel និងលោក Steve Redisch នៃវីអូអេផ្តល់សេចក្តីរាយការណ៍នេះ។ ហើយព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP និង Reuters ។