អ៊ុយក្រែនបានទទួលយន្តហោះចម្បាំងដើម្បីជួយទប់ទល់ការឈ្លានពានរបស់រុស្ស៊ីនៅពេលដែលរដ្ឋាភិបាលក្រុងមូស្គូ បានបង្កើនការវាយប្រហាររបស់ខ្លួននៅផ្នែកខាងកើត ជាទីកន្លែងដែលមន្ត្រីម្នាក់នៅក្នុងទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធបានព្រមាននៅថ្ងៃពុធនេះថា កងទ័ពរបស់លោកកំពុងប្រឈម«ថ្ងៃចុងក្រោយរបស់ខ្លួន»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រទេសលោកខាងលិច បានឆ្លើយតបដល់រុស្ស៊ីដែលបានបន្តរុលចូលក្នុងតំបន់ Donbas ដោយការបញ្ជូនអាវុធថ្មីៗដល់រដ្ឋាភិបាលអ៊ុយក្រែន ហើយនឹងបង្កើនការជំរុញដើម្បីធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូឯកោពីអន្តរជាតិ។
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា អ៊ុយក្រែនកាលពីពេលថ្មីៗនេះ បានទទួលយន្តហោះចម្បាំងនិងគ្រឿងបម្លាស់ដើម្បីពង្រឹងកងទ័ពអាកាសរបស់ខ្លួន។ ក្រសូងការពារជាតិអាមេរិក បានបដិសេធពុំព្រមបញ្ជាក់ពីចំនួនយន្តហោះនិងប្រភពដើមនៃយន្តហោះនោះទេ។
រដ្ឋាភិបាលអ៊ុយក្រែន បានសុំដៃគូប្រទេសលោកខាងលិច ឲ្យផ្តល់យន្តហោះប្រភេទ MiG-29s ដែលអ្នកបើកបររបស់ខ្លួនបានដឹងពីរបៀបប្រើប្រាស់ហើយប្រទេសអឺរ៉ុបខាងកើតមួយចំនួនកំពុងមាននោះ។
ការកាន់កាប់តំបន់ Donbas និងទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូង នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលក្រុងមូស្គូ បង្កើតច្រករបៀងភាគខាងត្បូងទៅកាន់ឧបទ្វីបCrimea ដែលខ្លួនបានត្រួតត្រានៅឆ្នាំ២០១៤ ដែលបានដកហូតឆ្នេសមុទ្រភាគច្រើនរបស់អ៊ុយក្រែន។
ក្នុងឱសានវាទនៅពេលថ្មីៗនេះ ដែលត្រូវបានដាក់ចេញនៅក្នុងការប្រយុទ្ធរបស់ខ្លួនដើម្បីកាន់កាប់ទីក្រុង Mariupol នោះ រដ្ឋាភិបាលក្រុងមូស្គូ បានធ្វើការអំពាវនាវមួយដល់ពួកអ្នកការពារទីក្រុងនេះ ឲ្យទម្លាក់អាវុធចុះចាញ់នៅម៉ោង២រសៀល ម៉ោងនៅក្នុងក្រុងមូស្គូ ត្រូវនឹងម៉ោង១១សាកល ហើយបានប្រកាសពីការបើកច្រករបៀងមនុស្សធម៌សម្រាប់កងទ័ពអ៊ុយក្រែនណាដែលបានយល់ព្រមទម្លាក់អាវុធចុះចូលនោះ។
នៅពេលដែលកាលកំណត់ជិតមកដល់ មេបញ្ជាការម្នាក់នៅរោងចក្រថាមពល Azovstal ដែលត្រូវបានឡោមព័ទ្ធនោះ បានចេញការអង្វរករមួយដើម្បីឲ្យមានការជួយដោយនិយាយថា ទាហានម៉ារីនរបស់លោក «ប្រហែលប្រឈមរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ មិនមែនរយៈ ពេលប៉ុន្មានម៉ោងទេ»។
លោក Serhiy Volyna មកពីកងពលតូចទី៣៦ បាននិយាយថា៖ «សត្រូវកំពុងមានចំនួនច្រើនជាងយើង១០ដង»។
លោកបាននិយាយទៀតថា៖ «យើងអំពាវនាវនិងអង្វរករដល់មេដឹកនាំពិភពលោកទាំងអស់ឲ្យជួយយើង។ យើងសុំឲ្យពួកគេប្រើប្រាស់នីតិវិធីបន្ថែមទៀតដើម្បីយកយើងចេញហើយនាំពួកយើងទៅកាន់ទឹកដីរបស់រដ្ឋដែលជាភាគីទី៣»។
កងទ័ពនិងជនស៊ីវិលរាប់ពាន់នាក់ បានស្ថិតនៅក្នុងរោងចក្រថាមពលនោះ។
ទីប្រឹក្សាអភិបាលក្រុង Mariupol បានពណ៌នាអំពី«ស្ថានភាពនោះគួរឲ្យរន្ធត់»នៅក្នុងបរិវេណដែលត្រូវបានឡោមព័ទ្ធហើយបានរាយការណ៍ថា មនុស្សរហូតដល់២ពាន់នាក់ ភាគច្រើនជាស្ត្រីនិងកូនក្មេង មិនមានទឹកបរិភោគ ម្ហូបអាហារ និងខ្យល់សម្រាប់ដកដង្ហើមនោះឡើយ។
ក្នុងកិច្ចសម្ភាសន៍មួយដែលបានផ្សាយតាមទូរទស្សន៍ CNN កាលពីថ្ងៃអង្គារម្សិលមិញ លោក Pavlo Kyrylenko ដែលមើលការខុសត្រូវរដ្ឋបាលយោធាតំបន់ Donetsk បាននិយាយទទូចថា ទីក្រុង Mariupol កំពុងស្ថិតនៅក្នុងការប្រទាញប្រទង់គ្នានៅឡើយ៕