ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា សង្គ្រាម​នៅ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែនបាន​ចាប់ផ្តើមហើយ


កងកម្លាំង​អ៊ុយក្រែន​ពិនិត្យ​មើល​កន្លែង​​ដែល​រងការ​បំផ្លិចបំផ្លាញ​ដោយសារ​​ការ​វាយប្រហារ​ពី​យោធា​រុស្ស៊ី ក្នុង​អំឡុងពេល​នៃ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ទីក្រុង Lviv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។ (REUTERS)
កងកម្លាំង​អ៊ុយក្រែន​ពិនិត្យ​មើល​កន្លែង​​ដែល​រងការ​បំផ្លិចបំផ្លាញ​ដោយសារ​​ការ​វាយប្រហារ​ពី​យោធា​រុស្ស៊ី ក្នុង​អំឡុងពេល​នៃ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ទីក្រុង Lviv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។ (REUTERS)

ប្រទេស​អ៊ុយក្រែនបាន​បញ្ជាក់​ថា រុស្ស៊ី​បាន​ចាប់ផ្តើម​ការវាយ​ប្រហារ​របស់​ខ្លួន​ដើម្បី​ត្រួតត្រា​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ខណៈដែល​ការវាយ​ប្រហារ​កាំជ្រួច​មីស៊ីល​មួយ​បានចំ​ទីក្រុង Lviv ភាគ​ខាង​លិច ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏៧នាក់​ដែរ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​កាលពី​ថ្ងៃ​ចន្ទ​ថា «ឥឡូវនេះយើងអាច​ថ្លែង​ថា កងទ័ព​រុស្ស៊ី បាន​ចាប់ផ្តើម​សង្គ្រាម​នៅ​ក្នុង​តំបន់ Donbas ដែល​ពួកគេ​បាន​ប្រុងប្រៀប​ជា​យូរយារ​មកហើយ​នោះ»។

លោក​បាន​និយាយ​ទៀត​ថា៖ «ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កងទ័ព​រុស្ស៊ី​ទាំង​មូល​ឥឡូវនេះ​បាន​ផ្តោតទៅ​លើ​ការវាយប្រហារ»។ តំបន់ Donbas រួមមានLuhansk និងDonetsk ជា​ខេត្ត២​ដែល​មួយ​ផ្នែក​ត្រូវ​បាន​កាន់កាប់​ដោយ​ពួក​ទាមទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី រួម​ជាមួយ​ទីក្រុង​កំពង់ផែ Mariupol នៅ​ភាគ​ខាង​ត្បូង​ផង​ដែរ​។ ការកាន់កាប់​តំបន់​នេះ នឹង​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ត្រួតត្រា​របៀង​ដីគោក​ទៅកាន់​ឧបទ្វីប Crimea ដែល​រុស្ស៊ី បាន​កាន់កាប់​ក្នុង​ឆ្នាំ២០១៤។

ការដក​កងទ័ព​របស់​រុស្ស៊ី​ចេញពី​តំបន់​នានា​ជុំវិញ​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន និង​ផ្នែក​នានា​នៃ​តំបន់​ភាគ​ខាង​ជើង​ក្នុង​ប៉ុន្មាន​សប្តាហិ៍​ថ្មីៗនេះ បាន​បណ្តាល​ឲ្យមាន​ការវាយ​តម្លៃ​ពី​ក្រុម​មន្ត្រី​យោធា​ប្រទេស​លោក​ខាង​លិច​ថា រុស្ស៊ី​បាន​ពង្រឹង​និង​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​ឡើង​វិញ​នៅ​ផ្នែក​ខាង​កើត​អ៊ុយក្រែន។

ក្នុង​ទីក្រុងLvivភាគ​ខាង​លិច លោកMaksym Kozystkiyជា​អភិបាល​តំបន់ បាន​និយាយ​ថា កាំជ្រួច​មីស៊ីល៣គ្រាប់​បាន​ត្រូវ​បាញ់ចំទីតាំងហេដ្ឋារចនាសម្ព័ន្ធ​យោធា​អ៊ុយក្រែន​ ខណៈ ដែល​កាំជ្រួច​មីស៊ីល​មួយ​គ្រាប់​ទៀត បាន​ធ្លាក់​ចំកន្លែង​ប៉ះកង់រថយន្ត​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ចម្ងាយ៦០គីឡូ ម៉ែត្រ​ពី​ប្រទេស​ប៉ូឡូញ ដែល​កាលពីពេល​មុន​បាន​គេចផុត​ពី​អំពើ​ហិង្សា​ដ៏​អា ក្រក់​បំផុត​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី ​ដែល​បាន​ចាប់ផ្តើម​កាលពី២ខែកន្លង​ទៅ​។

ទីក្រុង​នេះ​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​បាន​ទទួល​អាវុធ​មកពី​សម្ពន្ធមិត្ត​លោក​ខាង​លិច។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​និយាយ​ថា សហរដ្ឋ​អាមេរិក មិន​មាន​ការចង្អុល​បង្ហាញ​ណាមួយ​ថា ជំនួយ​ប្រទេស​លោក​ខាង​លិច​ជា​គោល​ដៅ​នៃ​ការវាយ​ប្រហារ​នៅ​ក្នុង​ទីក្រុងLviv នោះ​ទេ។

ការវាយ​ប្រហារ​ថ្មីៗ​បាន​កើត​មាន​ឡើង​នៅពេល​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​អះអាង​ក្នុង​អំឡុង​ពេល​នៃការនិយាយតាមវីដេអូ​ជាមួយ​ពួក​មន្ត្រី​សេដ្ឋកិច្ច​ថា ការ​ដាក់​ទណ្ឌកម្ម​ដែល​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​និង​សម្ពន្ធមិត្ត​របស់​ខ្លួន​បាន​បរាជ័យ។

ក្រុម​មន្ត្រី​លោក​ខាង​លិចនិយាយ​ថា ការដាក់​ទណ្ឌកម្ម បាន​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ីធ្លាក់ចូល​ក្នុង​ស្ថានភាព​អន់ថយខ្លាំង ​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះអស់ពេល​ជា​ច្រើន​ឆ្នាំ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន APទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។

XS
SM
MD
LG