នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋអាមេរិកាំងប្រារព្ធខួបលើកទី១៧ នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់មនុស្សជិត ៣ពាន់នាក់ នៅក្នុងទីក្រុងញូវយ៉ក រដ្ឋ Virginia និងរដ្ឋ Pennsylvania។
លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមនៅក្នុងពិធីរំឭកខួបនេះនៅឯបូជនីយដ្ឋាន ៩/១១ ក្នុងទីក្រុង Shanksville រដ្ឋ Pennsylvania ជិតកន្លែងដែលជើងហោះហើរ United Airlines Flight 93 បានធ្លាក់ បន្ទាប់ពីអ្នកដំណើរបានដណ្ដើមគ្រប់គ្រងយន្តហោះនោះមកវិញពីពួកភេរវជនដែលមានទំនាក់ទំនងជាមួយនឹងពួកអាល់កៃដា ដែលបានប្លន់យន្តហោះនោះ។
នៅក្នុងសេចក្ដីប្រកាសប្រចាំឆ្នាំរបស់ប្រធានាធិបតីដែលប្រកាសយកថ្ងៃទី១១ ខែកញ្ញាជាទិវាអ្នកស្នេហាជាតិ លោក ត្រាំ បាននិយាយថា៖ «ទង្វើអកុសលទាំងនេះ» មិនអាចបំបាក់ស្មារតី ឬក៏ការប្ដូរផ្ដាច់របស់សហរដ្ឋអាមេរិកដើម្បីសិទ្ធិសេរីភាពនោះទេ។
លោក ត្រាំ និយាយយ៉ាងដូច្នេះថា៖ «នៅថ្ងៃនេះ យើងរួបរួមជាមួយគ្នា ដើម្បីរំឭកដល់តថភាពពិតជាក់ស្ដែងដែលមិនងាយនឹងរលុបបាត់នេះ។ នៅពេលដែលប្រជាពលរដ្ឋអាមេរិករួមគ្នាជាធ្លុងមួយ គ្មានកម្លាំងណាមួយលើភពផែនដីនេះអាចបំបែកយើងបានទេ។ គុណតម្លៃរបស់សហរដ្ឋអាមេរិកនឹងនៅតែបន្តជារៀងរហូត។ ប្រជាពលរដ្ឋ និងប្រទេសជាតិយើងនឹងបន្តវិវឌ្ឍទៅមុខជានិច្ច ហើយការចងចាំអំពីអ្នកដែលយើងស្រលាញ់នឹងមិនងាយសាបរលាបនោះទេ»។
នៅក្រៅរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ អនុប្រធានាធិបតីអាមេរិកលោក Mike Pence នឹងចូលរួមនៅក្នុងពិធីរំឭកការវាយប្រហារនេះនៅឯក្រសួងការពារប្រទេសសម្រាប់ក្រុមគ្រួសារអ្នកស្លាប់ នៅពេលដែលយន្តហោះដែលពួកភេរវជនប្លន់បានមួយគ្រឿងធ្លាក់បុកចំអាគារនោះ។
ចំណែកឯនៅក្នុងទីក្រុងញូវយ៉កវិញ អ្នកនៅរស់រានមានជីវិតពីការវាយប្រហារនេះ និងក្រុមគ្រួសារអ្នកស្លាប់នឹងមកជួបជុំគ្នានៅចំណុច Ground Zero ដែលជាទីតាំងរបស់អាគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក មុនពេលពួកភេរវជនបុកកម្ទេច៕