សហរដ្ឋ​អាមេរិក​សម្លាប់​មេ​បញ្ជាការ​កង​កម្លាំង​ពិសេស​ Quds​ របស់​អ៊ីរ៉ង់

ក្រុម​បាតុករ​ដុត​ទង់​ជាតិ​សហរដ្ឋ​អាមេរិក និង​ទង់​ជាតិ​អង់គ្លេស ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រតិកម្ម​ទៅ​នឹង​ការ​សម្លាប់​ឧត្តម​សេនីយ៍ Soleimani មេបញ្ជាការ​កង​កម្លាំង​ពិសេស​ Quds​ របស់​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​ទី​៣ មករា ២០២០។

សហរដ្ឋ​អាមេរិក​បាន​វាយ​ប្រហារ​ដោយ​បាន​សម្លាប់​មេដឹក​នាំ​កង​កម្លាំង​ពិសេស​ Quds ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

មន្ទីរ​បច្ចកោណ ​បាន​បញ្ជាក់​ពី​ការ​ស្លាប់​ឧត្តមសេនីយ៍​ Qassem Soleimani​ មេបញ្ជាការ​កង​កម្លាំង Quds​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​និយាយ​ថា ​ការ​វាយ​ប្រហារ​នេះ​បានធ្វើ​ឡើង​ទៅ​តាម​បញ្ជា​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ។

​សេចក្តី​ថ្លែងការណ៍​នោះ​បាន​ពណ៌​នា​ចំណាត់​ការ​នោះ​ថា​ ធ្វើ​ឡើង​ដើម្បី​ការពារ​បុគ្គលិក​សហ​រដ្ឋ​អាមេរិក​នៅ​បរទេស។

សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន ប្រាប់​ឲ្យ​ដឹងថា៖ «ឧត្តមសេនីយ៍​ Soleimani បាន​អភិវឌ្ឍ​ផែនការ​យ៉ាង​សកម្ម​ដើម្បី​វាយ​ប្រហារ​អ្នក​ការទូត​និង​បុគ្គលិក​យោ​ធា​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​នៅ​ទូទាំង​តំបន់»។

សេចក្តី​ថ្លែងការណ៍​នោះ​ថ្លែង​ទៀត​ថា៖ «ការវាយ​ប្រហារ​នេះ ​មាន​គោល​បំណង​កំញ៉ើញ​ផែនការ​វាយ​ប្រហារ​នៅ​ពេល​អនាគត​របស់​អ៊ីរ៉ង់។ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ចាត់​វិធាន​ការ​ចាំ​បាច់​ទាំង​អស់​ដើម្បី​ការ​ពារ​ពលរដ្ឋ​ និង​ផល​ប្រយោជន៍​របស់​យើង​នៅ​ជុំ​វិញ​ពិភពលោក»។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​សេចក្តី​លម្អិត​បន្តិច​បន្តួច​ពី​ការ​វាយ​ប្រហារ​នេះ ក៏ប៉ុន្តែ ​មន្រ្តី​អ៊ីរ៉ាក់ ​បាន​និយាយថា ​គ្រាប់​រ៉ុកកែត​បានធ្លាក់​ចំ​ក្បួន​រថយន្ត​ដែល​ធ្វើ​ដំណើរ​នៅ​ជិត​ចំណត​អាកាសយាន្ត​អន្តរ​ជាតិ​ក្រុង​បាដាក​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

​ក្រុម​មន្រ្តី​អ៊ីរ៉ាក់ ​និយាយ​ទៀត​ថា ​លោក ​Abu Mahdi al-Muhandis​ មេបញ្ជាការ​រង​របស់​កងជីវពល​អ៊ីរ៉ាក់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ​ក៏​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ​ដែរ។ពួក​មន្រ្តី​កំពូល​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ដែរ។

ទោះ​បី​មុន​ពេល​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​បាន​បញ្ជាក់​ពីការ​វាយ​ប្រហារ​លើ​ឧត្តមសេនីយ៍​ Soleimani ​ក៏​ដោយ ​រូប​ភាព​បង្ហាញ​សាកសព​របស់​ឧត្តម​សេនីយ៍​ អ៊ីរ៉ង់​រូប​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម៕