ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​លើ​កង​ជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​សម្លាប់​មនុស្ស ២៥ នាក់


រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក Mark Esper (រូប​ឆ្វេង) ស្តាប់​សំណួរ​របស់​អ្នក​សារព័ត៌មាន នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​មន្ទីរ​បញ្ចកោណ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីណតោន កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។
រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក Mark Esper (រូប​ឆ្វេង) ស្តាប់​សំណួរ​របស់​អ្នក​សារព័ត៌មាន នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​មន្ទីរ​បញ្ចកោណ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីណតោន កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។

នៅ​ថ្ងៃ​ចន្ទ​នេះ កងជីវពល​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​បាន​ធ្វើ​ការ​សងសឹក​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​លើ​មូលដ្ឋាន​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច ២៥ នាក់​ស្លាប់​បាត់បង់​ជីវិត។

ការ​ព្រមាន​របស់​ក្រុម Kataeb Hezbollah នេះ​បាន​ធ្វើ​ឡើង នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​ថា​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​អ៊ីរ៉ាក់ និង​អាច​ចាត់ទុក​ថា​ជា​សកម្មភាព​ភេរវកម្ម។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក Mark Esper បាន​អះអាង​ថា​ពិតជា​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​មែន នៅ​ពេល​ដែល​លោក​ឆ្លើយ​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

លោក​បាន​និយាយ​ថា យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក​បាន​វាយ​ប្រហារ​ចំ​គោលដៅ ៣ កន្លែង​របស់​ក្រុម Kataeb Hezbollah នៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ីរ៉ាក់ និង​គោលដៅ ២ កន្លែង​ទៀត​នៅ​ភាគ​ខាង​កើត​ប្រទេស​ស៊ីរី។

លោក Esper បាន​បញ្ជាក់​ថា គោលដៅ​ទាំង​នេះ​គឺ​ជា​កន្លែង​ស្ដុក​អាវុធ និង​ជា​កន្លែង​បញ្ជា និង​គ្រប់គ្រង​របស់​ក្រុម Kataeb Hezbollah។

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​លើ​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ ដែល​បាន​ធ្វើ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ដែល​មាន​កុងត្រា​ជាមួយ​នឹង​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ម្នាក់​ស្លាប់​បាត់បង់​ជីវិត។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​ប្រាប់​លោក​ប្រធានាធិបតី Donald Trump នៅ​រមណីយដ្ឋាន​កម្សាន្ត​ក្នុង​រដ្ឋ Florida ដែល​លោក Trump សម្រាក​លំហែ​កាយ​ថ្ងៃ​ឈប់​សម្រាក​ថា មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​នោះ​បាន​រង​ការ​វាយ​ប្រហារ​ជា​ច្រើន​ដង។

ក្រុម Kataeb Hezbollah គឺ​ជា​ផ្នែក​មួយ​នៃ​កង​ជីវពល​ដែល​ហាម​ឃាត់​ដោយ​រដ្ឋ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​គេ​ស្គាល់​ថា​ជា «កង​កម្លាំង​ប្រជាជន​ចល័ត»៕

XS
SM
MD
LG