សហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុនបានយល់ស្របគ្នាក្នុងការចែកចាយព័ត៌មានសម្ងាត់ទាក់ទិននឹងការគំរាមកំហែងបរមាណូពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង(Pyongyang)។
ក្រសួងការពារប្រទេសស.រ.អា. បានឲ្យដឹងថា តាមរយៈសន្ធិសញ្ញាត្រីភាគីដែលបានចូលជាធរមានកាលពីថ្ងៃចន្ទនេះ ក្រសួងការពារប្រទេសស.រ.អា.នឹងក្លាយទៅជាមជ្ឈមណ្ឌលនៃការស៊ើបការសម្ងាត់នេះ។
សន្ធិសញ្ញានេះនឹងភ្ជាប់នូវកិច្ចព្រមព្រៀងចែកចាយព័ត៌មានទ្វេភាគីប្រកបដោយប្រសិទ្ធិភាពដែលប្រទេសទាំងនេះមានរួចស្រេចហើយ។
អ្នកនាំពាក្យម្នាក់នៃក្រសួងការពារប្រទេសកូរ៉េខាងត្បូងបាននិយាយថា តាមរយៈសន្ធិសញ្ញាថ្មីនេះ ប្រទេសទាំងបីនឹងមិនបញ្ចេញការសម្ងាត់ទាំងអស់នៃព័ត៌មានសម្ងាត់ដែលទាក់ទិននឹងពួកគេទេ ហើយប្រទេសនីមួយៗនឹងកំណត់អំពីព័ត៌មានអ្វីដែលត្រូវប្រាប់ឲ្យប្រទេសពីរទៀតបានដឹង។
រដ្ឋាភិបាលក្រុងសេអ៊ូលក៏បានអំពាវនាវផងដែរកាលពីថ្ងៃចន្ទឲ្យមានកិច្ចចរចាសន្តិភាពថ្មីជាមួយប្រទេសកូរ៉េខាងជើងក្នុងខែមករាខាងមុខនេះ។ ប្រទេសកូរ៉េត្រូវបានបែងចែកជាពីរចាប់តាំងពីឆ្នាំ១៩៤៨មក។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានស្វាគមន៍ចំពោះសំណើនេះហើយលោកបានសុំដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាងឲ្យចូលរួមក្នុងកិច្ចចរចាគ្នានេះ៕