ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការិយា​ល័យ​ព័ត៌មាន​លោក​ខាង​លិច​​បើក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង


ប្រធាន​ទីភ្នាក់​ងារ​ព័ត៌មាន​ Associated Press លោក​Tom Curley ​ជាមួយ​លោក​ Kim Pyong Ho ​ប្រធាន​ទីភ្នាក់​ងារ​ព័ត៌មាន​មជ្ឈឹម​កូរ៉េ​ខាង​ជើង​។
ប្រធាន​ទីភ្នាក់​ងារ​ព័ត៌មាន​ Associated Press លោក​Tom Curley ​ជាមួយ​លោក​ Kim Pyong Ho ​ប្រធាន​ទីភ្នាក់​ងារ​ព័ត៌មាន​មជ្ឈឹម​កូរ៉េ​ខាង​ជើង​។

ទីភ្នាក់​ងារ​ព័ត៌មាន​ Associated Press ​បាន​ចាត់​វិធានការ​ដែល​មិន​ធ្លាប់​មាន​កាលពី​ពេល​មុន​ដោយ ការ​បើកការិយាល័យ​ព័ត៌មាន​ដ៏​ពេញ​លេញ​មួយនៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ ប៉ុន្តែ​ មាន​សំណួរ​ពាក់​ព័ន្ធ​អំពី​ថាតើ​ទីភ្នាក់​ងារ​ព័ត៌មាន​ប្រទេស​លោក​ខាងលិច​ ដែល​មាន​បទដ្ឋាន​កាសែត​ដ៏តឹង​រ៉ឹង​នេះ​ នឹង​អាច​ប្រតិបត្តិ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅក្នុង​សង្គម​មួយ​ដែល​បិទជិត​និង​មាន​ការ​គាប​សង្កត់​ដ៏ឃោរឃៅ​ដែរ​ឬទេ។ ទីភ្នាក់​ងារ​ព័ត៌មាន​ Associated Press និង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ បាន​ចំណាយពេល​ជិត​មួយ​ឆ្នាំដើម្បី​បញ្ចប់​កិច្ច​ព្រម​ព្រៀងដើម្បី​បើកការិយាល័យ​ព័ត៌មានពេញ​ម៉ោង​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋ​ធានី​ព្យុង​យ៉ាង​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។

ពិធី​បើកសម្ពោធការិយាល័យ​នោះ​បាន​ធ្វើ​ឡើងកាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ទីភ្នាក់​ងារ​ព័ត៌​មាន​ដែលត្រួតត្រា​ដោយ​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​ ​ជា​ទីកន្លែង​ការិយាល័យ​ដែល​ការិយាល័យ​ AP ​តាំង​នៅ​ទីនោះ។

ទីភ្នាក់​ងារ​ព័ត៌មាន​ AP​ប្រាប់​ឲ្យ​ដឹង​ថាការិយាល័យ​ព័ត៌មាន​នោះ​ នឹង​មាន​បុគ្គលិក​ជា​អ្នកយក​ព័ត៌មាន​ម្នាក់និង​អ្នក​ថត​រូប​ម្នាក់​ អ្នកទាំង​ពីរ​ជា​ជន​ជាតិ​កូរ៉េ​ខាង​ជើង ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រាមើលពី​ជន​ជាតិ​អាមេរិកាំង​២​នាក់​ដែល​នឹង​ធ្វើ​ដំណើរជា​រឿយ​ៗ​ទៅ​កាន់រដ្ឋ​ធានី​ព្យុងយ៉ាង។

លោក​ Kim Pyong Ho ​នាយក​ទី​ភ្នាក់​ងារ​ព័ត៌មាន​មជ្ឈិមកូរ៉េ​ បាន​ត្រូវ​ដក​ស្រង់​សម្តី​នៅ​ឯ​ពិធី​នោះមក​ចុះផ្សាយ​ថា​ទីភ្នាក់​ងារ​ព័ត៌មាន​ AP បាន​សន្យា​រាយការណ៍ពី​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង​ដោយ​ត្រឹម ត្រូវ​ មាន​តុល្យភាព​និង​ជាក់​លាក់។

លោក​គីម​ ក៏​បាន​កត់​សម្គាល់​ដែរ​ថាទីភ្នាក់​ងារ​ព័ត៌មាន​ AP ​បាន​ត្រូវ​គេ​អនុញ្ញាតឲ្យ​ពង្រីកកិច្ច​ប្រតិ​បត្តិការ​របស់​ខ្លួននៅ​ក្នុង​ប្រទេស​នោះ​ទោះ​បី​មិនមានទំនាក់​ទំនង​ខាង​ការទូតរវាង​កូរ៉េ​ខាង​ជើង​និង​សហរដ្ឋ​អាមេរិក​ ដែលការិយាល័យ​ព័ត៌​មាន​ធំ​នោះ​តាំង​នៅ។

លោកស្រី​ Kathleen Carroll ​បណ្ណាធិការ​ប្រតិបត្តិ​បាន​ថ្លែ​ង​ពី​រដ្ឋ​ធានី​ព្យុងយ៉ាងថា​ ទីភ្នាក់​ងារ​ព័ត៌មាន​ AP ​ក្នុងកូរ៉េ​ខាង​ជើង នឹង​ប្រកាន់​ខ្ជាប់បទដ្ឋាន​និង​ការ​អនុវត្ត​ដូច​គ្នា​ដែល​ខ្លួន​បាន​អនុវត្តនៅ​ការិយាល័យទាំង​អស់​របស់​ខ្លួន​ទូទាំង​ពិភព​លោក។

«មិន​មាន​រដ្ឋាភិបាល​ណា​ដែល​យើង​រាយការណ៍​ដែល​បាន​អាន​រឿង​ឬ​មើល​រូបថតឬ​វីដេអូ​ហើយ​មិន​មាន​មតិ​អំពី​រឿង​នោះ​ទេ​ ហើយ​មាន​ការណ៍​ខ្លះ​ ពួកគេ​អាច​មិន​ចូល​ចិត្ត។ យើង​មាន​កិច្ច​សន្ទនា​របៀបនោះ​គ្រប់​ពេល​វេលា​ហើយ​ខ្ញុំ​មិន​រំពឹង​ថា​ពួកគេ​ នឹងខុសពី​អ្នក​ដទៃ​ទៀត​ទេ​លើចំណុច​នេះនៅពេល​បញ្ហា​នេះ​កើត​ឡើង»។

ប៉ុន្តែ​ សាស្រ្តាចារ្យ​ B.J. Lee ​នៅ​សាលា​សេវាកម្ម​អន្តរជាតិនៃ​សកល​វិទ្យាល័យ​ Sookmyung​សម្រាប់​ ស្រ្តី​ក្នុង​រដ្ឋ​ធានី​សេអ៊ូល និយាយ​ថា​ការ​មិន​ចុះសម្រុង​គ្នា​រវាង​ទីភ្នាក់ងារ​ព័ត៌មាន​ AP ​និងរដ្ឋា​ភិ​បាល​ទីក្រុងព្យុងយ៉ាងដែល​មិន​សេព​គប់​អ្នក​ណា​នោះ​ អាច​បង្ហាញ​នូវ​បញ្ហា។

«AP ​តំណាង​ឲ្យសារព័ត៌មាន​ប្រទេស​លោក​ខាង​លិចដែល​មិន​លម្អៀង។ គេ​ចង់​យក​ព័ត៌មាន​ទៅ​តាម​លទ្ធភាព​ចេញ​ពី​រដ្ឋាភិបាលកូរ៉េ​ខាង​ជើង។ ប៉ុន្តែ​ ជាការណ៍​ពិត​ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើងមាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវលាក់​នៅ​ពេល​នេះ។ វា​នឹង​មាន​ជម្លោះរវាង​ទីភ្នាក់​ព័ត៌មាន​ AP ​និង​ថ្នាក់​ដឹកនាំរបស់​កូរ៉េ​ខាង​ជើង​ ជាពិសេស​អំពីការ​ផ្ទេរ​អំណាចនេះ​ពី​ Kim Jong Il ​ទៅ​ Kim Jong Un»។

ពិធី​បើក​ការិយាល័យ​នោះ​ជា​ផ្លូវ​ការ​ កើត​មាន​ឡើងមួយ​ខែ​បន្ទាប់​ពី​មេដឹកនាំ​កូរ៉េ​ខាង​ជើងបាន​ស្លាប់។ កូន​ប្រុសទី​៣​របស់​ Kim Jong Il ​ដែល​មាន​អាយុ​ខ្ទង់២០​ឆ្នាំ ដែលបានចាត់​ទុក​ថា​ជាអ្នក​ស្នង​តំណែង​របស់​លោក​ ដែល​ជាការ​ប៉ុនប៉ង​មួយ​ផ្ទេរ​អំណាចក្នុង​ទីក្រុង​ព្យុងយ៉ាង​ទៅ​ឲ្យមនុស្ស​ជំនាន់​ទីបី​ក្នុង​គ្រួសារ​នេះ។

លោកស្រី​Leeជា​អ្នក​រាយការណ៍​ព័ត៌មាន​ដ៏​យូរ​មក​ហើយ​ឲ្យ​ទស្សនាវដ្តី​Newsweek និយាយ​ថា​បណ្តាញ​ផ្សាយ​ព័ត៌មាននិង​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូងនឹង​ឃ្លាំ​មើល​យ៉ា​ង​ដិត​ដល់​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​ AP មកពី​ទីក្រុង​ព្យុងយ៉ាង​ ដែល​ជាទីកន្លែង​ដែល​ព័ត៌មាន​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រ៉ឹង​បំផុត​ពី​រដ្ឋ។

«បណ្តាញ​ផ្សាយ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ ក៏​បាន​ព្យាយាម​បង្កើត​ការ​បតិបត្តិការ​ខ្លះនៅ​ក្នុង​ប្រទេស​នោះ​អស់​រយៈពេលជា​ច្រើន​ឆ្នាំ​មក​ហើយ។ វាជា​ការណ៍​ពិបាក​បំផុត​សម្រាប់​ពួកគេ​ដើម្បីយក​ព័ត៌មាន​ចេញ​ពីកូរ៉េ​ខាង​ជើង។ ដូច្នេះ​ ពួកគេ​ នឹង​យក​ចិត្ត​ទុកដាក់​ទៅ​នឹង​ព័ត៌មាន​អ្វី​ដែល​ទីភ្នាក់​ងារ​ព័ត៌មាន​ AP ​នឹង​នាំ​ចេញ​ពីកូរ៉េ​ខាង​ជើង​នោះ។ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ ក៏​នឹង​យក​ចិត្ត​ទុកដាក់​ខ្លាំង​ណាស់​ដែរ»។

កូរ៉េ​ទាំង​ពីរ​មិនមាន​ទំនាក់​ទំនង​ខាង​ការ​ទូត​ទេ​ហើយ​តាម​បច្ចេកទេស​កូរ៉េ​ទាំង​ពីរ​នៅ​មាន​សង្គ្រាមចាប់​តាំង​ពី​ការ​ប្រយុទ្ធដែល​នៅទាល់​ច្រកនៅ​ដើម​ទសវត្សរ៍​១៩៥០។

ក្រសួង​បង្រួប​បង្រួម​ជាតិ​និង​ក្រសួង​ការបរទេស​កូរ៉េខាង​ត្បូង​ បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយអំពី​ការិយាល័យ​ព័ត៌មាន​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​ AP ក្នុង​ទីក្រុង​ព្យុងយ៉ាង​ទេ។ ទីភ្នាក់​ងារ​ព័ត៌មាន​ AP មាន​ការិយាល័យ​វីដេអូ​តូច​មួយ​នៅ​ទីនោះ​ ដោយ​មាន​បុគ្គលិក​ជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។ ទីភ្នាក់​ងារ​ព័ត៌មាន​នោះ​ មាន​ការិយាល័យក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ៕

ប្រែសម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG