ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ស្នើ​ការ​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង​


រូបភាព​ឯកសារ៖ លោក Ryo kihl-jae រដ្ឋមន្រ្តី​បង្រួប​បង្រួម​​ជាតិ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង។
រូបភាព​ឯកសារ៖ លោក Ryo kihl-jae រដ្ឋមន្រ្តី​បង្រួប​បង្រួម​​ជាតិ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង។

មន្រ្តី​ជាន់​ខ្ពស់​កូរ៉េ​ខាង​ត្បូង​ម្នាក់​បាន​ស្នើ​ធ្វើ​ការចរចា​កម្រិត​ខ្ពស់ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង ​ដើម្បី​ពិភាក្សា​ពី​«ការព្រួយ​កង្វល់​រួម» ​ក្នុង​នោះ​រួម​មាន​ការជួប​ជុំ​ក្រុម​គ្រួសារ​ឡើង​វិញ​ដែល​បាន​ខ្ចាត់​ព្រាត់​ដោយ​សារ​សង្គ្រាម​កូរ៉េ។

លោក Ryo kihl-jae រដ្ឋមន្រ្តី​បង្រួប​បង្រួមជាតិ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ទទួល​ខុស​ត្រូវ​កិច្ចការ​កូរ៉េ​ខាង​ជើង​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាននៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​សំណើរ​ផ្លូវ​ការ​មួយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង។លោក ​បាន​និយាយ​បន្ត​ទៀត​ថា ​លោក​មាន​ឆន្ទៈ​ពិភាក្សា​បញ្ហា​នានា​ដែល​ទាក់​ទង​នឹង​ការព្រួយ​កង្វល់​រួម។

លោក​និយាយ​ថា ​«យើង​បាន​ស្នើ​ធ្វើ​ការ​ចរចា​ជា​ផ្លូវការ​ជាមួយ​កូរ៉េ​ខាង​ជើង​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​ដើម្បី​ពិភាក្សា​រក​ផល​ប្រយោជន៍​រួម»។

ប្រសិន​បើ​មាន​ការ​យល់​ព្រម ការចរចា​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​ក្នុង​រដ្ឋ​ធានី​ព្យុងយ៉ាង​ជាមួយ​លោក Kim Yang Gon រដ្ឋ​មន្រ្តី​ក្រសួង​បង្រួប​បង្រួម​របស់​កូរ៉េខាង​ជើង។

លោក​និយាយ​ទៀត​ថា « ខ្ញុំ​មិន​គិតថា​យើង​នឹង​មាន​របៀប​វារៈ​ពិសេសណា​មួយ​ទេ ក៏​ប៉ុន្តែ​ជំហរ​របស់​យើង​គឺ​ពិភាក្សា​ពី​អ្វី​ៗ​ដែល​កូរ៉េ​ខាង​ជើង​និង​កូរ៉េខាង​ត្បូង​ ​មាន​ផល​ប្រយោជន៍​រួម»។

​ប្រទេស​ទាំង​២ ​បាន​ព្រម​ព្រៀង​គ្នាលើ​ការចរចា​កម្រិត​ខ្ពស់​ដែល​បាន​គ្រោង​ធ្វើ​ឡើងកាល​ពី​២​ខែ​មុន​ បន្ទាប់​ពី​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ដ៏​ភ្ញាក់​ផ្អើល​មួយ​ទៅ​កាន់​រដ្ឋ​ធានី​សេអ៊ូល​កាល​ពី​ខែ​តុលា​ដោយ​គណៈ​ប្រតិភូ​ដ៏​មាន​អំណាច​មក​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កូរ៉េ​ខាង​ជើង​បាន​ដក​ខ្លួន​ចេញ​ដោយ​ខឹង​សម្បារ​ នៅ​ពេល​ដែល​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​កូរ៉េខាង​ត្បូង ​បាន​បង្ហោះ​ខិត​ប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ឆ្លង​កាត់​ព្រំដែន​តាម​បាឡុង៕

XS
SM
MD
LG