ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ខ្លះ​ត្រូវគ្រួសារ​ហៅ​ទៅផ្ទះ​វិញ​ ពេល​កូរ៉េ​ខាងជើង​គំរាម​បាញ់​កាំជ្រួច​មីស៊ីល

  • សុខ ខេមរា

ទាហាន⁣ប្រទេស​កូរ៉េ​ខាងជើងដើរ⁣ល្បាត⁣តាម⁣ដងទន្លេ Yalu River នៅជិតភូមិ Sinuiju ។​
វ៉ាស៊ីនតោន៖ ​ខណៈពេល​ដែល​ប្រទេស​កូរ៉េ​ខាងជើង​បាន​គម្រាម​វាយ​ប្រហារ​កូរ៉េ​ខាងត្បូង​និង​ស.រ.អា.​ ក្រុមកម្មករ​និង​ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ ខាងត្បូង​បាន​អះអាង​ថា​ក្រុមគ្រួសារ​របស់​ពួកគេ​ខ្លះ​ មាន​ក្តី​បារម្ភ​ពី​សុវត្ថិភាព​ របស់​ពួកគេ ​ដោយ​បាន​ទូរស័ព្ទ​ហៅ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​វិញ។​ ក្រុម​កម្មករ​ទាំង​ នោះ​មាន​ក្តី​បារម្ភ​ផង​និង​ស្តាយ​ការងារ​របស់គេ​ផង​ នៅ​ក្នុង​ដំណាក់​កាល​នៃ​ភាព​ តានតឹង​មិនទាន់​ដល់​កម្រិត​ដែល​គេ​ចាត់ទុក​ថា ​ជ្រួលច្របល់​នៅ​ឡើយ​នោះ។​

ប៉ែន សែ ​(Pen Se) ​អាយុ​២៩​ឆ្នាំ​ មកពី​ស្រុក​ព្រៃ​កប្បាស​ ខេត្តតាកែវ​ មក​ធ្វើការ​ នៅ​រោងចក្រ​កូរ៉េ​បាន​១​ឆ្នាំ​ មាន​កូន​ម្នាក់។​ ប្អូនប្រុស​បាន​ថ្លែង​ថា​ ក្រុម​គ្រួសារ​ របស់​ប្អូន​នៅ​ប្រទេស​កម្ពុជា​ និង​ពលករ​ដទៃ​ក៏ដូច​គ្នា​គឺមាន​ក្តីបារម្ភ​ដូចគ្នា​នៅ​ ពេល​ឮ​ព័ត៌មាន​ថា​ មាន​ស្ថាន​ការណ៍​តឹងតែង​រវាង​កូរ៉េ​ទាំងពីរ​ ជាពិសេស​ការ​គំរាម​របស់​ប្រទេស​កូរ៉េ​ខាងជើង​ ដែល​ជា​ប្រទេស​កុម្មុយនីស​ឯកោ​នោះ។​ ប្អូន​ប្រុសប៉ែន សែ​បាន​អះអាង​ថា​ ប្អូន​ពិបាក​នឹង​សម្រេច​ចិត្ត​ជាក់​លាក់​នៅ​ពេល​នេះ​ដើម្បី​ទៅ​ឬ​នៅ​បន្ត។​

«ចង់​ទៅវិញដែរ ​តែមិន​ដឹង​ធ្វើ​ម៉េច។​ បើ​ទៅវិញ​ស្តាយ​លុយ»។​

ពលករ​ខ្មែរ​ប្រមាណ​៣​ម៉ឺន​នាក់​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។​ ពួក​គេ​ ពិបាក​រក​ឱកាស​ដើម្បី​ជាប់​ឈ្មោះ​មក​ធ្វើការ​នោះ​ រក​ប្រាក់​ចំណូល​បាន​ច្រើន​ ចាប់​ពី​១៥០០ដល់​ជាង​២០០០​ដុល្លារ​ស.រ.អា.​ក្នុង​មួយ​ខែៗ ​ដែល​ពិបាក​ឲ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​វិញ។​

ប្អូន​សែ​បាន​អះអាង​ថា​ ប្អូន​បារម្ភ​ពី​សុវត្តិភាព​ផង​ និង​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​ពិចារណា​ផង​ ដោយសារ​កិច្ចការ​មាន​ការ​មមារញឹក​ពេក​ ដែល​មិន​អាច​ទទួល​ បាន​ព័ត៌មាន​គ្រប់គ្រាន់​ជា​ប្រចាំ។​

រុន សារ៉ន​ អាយុ​២៥ឆ្នាំ​ មក​ធ្វើការ​នៅក្នុង​រោងចក្រ​កូរ៉េ​បាន​មួយ​ឆ្នាំ​កន្លះ។​ ប្អូន​ ប្រុស​មក​ពី​ខេត្ត​ព្រៃវែង។​ ប្អូន​ប្រុស​បាន​អះអាង​ថា ​ឳពុក​ម្តាយ​ទូរស័ព្ទ​មក​ជា​ រឿយៗ​ ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ។​

«បាទ​ គាត់​ធ្លាប់​ទូរស័ព្ទ​មក។ ​គាត់ចង់​ឲ្យ​វិល​ត្រឡប់​ទៅវិញ​ដែរ។ ​បើមាន​សភាព​ ការណ៍​ធ្ងន់ធ្ងរ ​ឲ្យវិល​ទៅស្រុកវិញ»។​

ប្អូន​ប្រុស​បាន​អះអាង​ថា​ ពេលនេះ​ដោយសារ​តែ​សភាព​ការណ៍​ហាក់​ដូចជា​មិន ទាន់​មាន​អីជ្រួល​ច្របល់​ខ្លាំង​ ពិបាក​ឲ្យប្អូន​សម្រេច​ថា ​ត្រូវ​វិល​ត្រឡប់​ទៅ​វិញ​ឬ​យ៉ាងណា។​

កម្មករ ​និង​ពលករ​បាន​អះអាង​ថា​ គ្មាន​រោងចក្រ​ និង​ក្រុមហ៊ុន​បិទទ្វារ​នោះ​ទេ​ ហើយ​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ហាក់ដូច​ជារស់​នៅ​ធម្មតា។​

មុំ តារា ​(Mom Dara)​ អាយុ​៣១​ មកពី​ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង។​ ប្អូន​ អះ​អាង​ថា ​ដោយសារ​ជីវភាព​ខ្វះខាត​ មិន​មាន​លុយកាក់​បន្ត​ បាន​សម្រេច​ចិត្ត​ មក​ធ្វើការ​នៅកូរ៉េ​ក្នុង​រោងចក្រ​មួយ​ឆ្នាំ។​

ប្អូនមិន​សូវ​ភ័យ​ទេ ​ដោយសារ​តែ​ជនជាតិ​កូរ៉េ ​ដូចជា​សប្បាយ​រីករាយ​ធម្មតា ​ហើយ​ស្ថានភាព​អីដូច​ជា​ធម្មតា​ ការងារ​អីដូច​ជា​នៅតែ​ដដែល​ គ្មាន​ចលាចល​អី​ទេ។​

«តាម​ទឹកចិត្ត​របស់ខ្ញុំ​ ខ្ញុំ​អត់​ចង់​ឲ្យ​មាន​សង្គ្រាមទេ​ ព្រោះអី​មើលទៅ​ឃើញ​ប្រជា ពល​រដ្ឋ​កូរ៉េ​ខាងត្បូង​នេះ​ មើលទៅ​ឃើញ​គេ​រស់នៅ​ដោយ​សប្បាយ​រីករាយ។ ខ្ញុំ​ចង់​ឲ្យ​សកម្មភាព​ហ្នឹង ​ទិដ្ឋភាព​ហ្នឹង​ស្ថិត​នៅ​ជា​រៀង​រហូត​ក្នុង​ប្រទេស​របស់​គេ។​ បើសិន​ជាមាន​សង្រ្គាម​ ប្រាកដ​ជា​មាន​ទុក្ខ​វេទនា​ហើយ​ ព្រោះ​យើង​នៅ​ស្រុក​ខ្មែរ​ អញ្ចឹង​ធ្លាប់​ជួបប្រទះ​ហើយ​សង្គ្រាម»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ក្រុម​ពលករ​អះអាង​ថា​ មាន​អតិផរណា​រូបិយប័ណ​កូរ៉េ​ ខាងត្បូង​ជាង​១​សប្តាហ៍​នេះ ​ដោយសារ​លុយ​វុន​កូរ៉េ​មានការ​ធ្លាក់ចុះ​បន្តិច​បន្តួច​ ដែរ​ បើ​ប្រៀបធៀប​នឹងលុយ​ដុល្លារ​ស.រ.អា.។​

តំបន់​រោងចក្រ​ឧស្សាហកម្ម​ «កែសង»​ដែលរក​ស៊ីរួម​គ្នា​ចុងក្រោយ​តែមួយ​គត់​នៅ​ ទល់ដែន​រវាង​កូរ៉េ​ទាំងពីរ ​ហើយ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ជាង​៥ ម៉ឺន​នាក់​ត្រូវ​គេ​រាយ​ការណ៍​មក​ថា​ ពុំមាន​បុគ្គលិក​ចូល​ធ្វើការ​ទេ​នៅថ្ងៃ​អង្គារ​នេះ។​

ប្រទេស​កូរ៉េខាង​ជើង ​ដែល​ប្រឆាំង​នឹង​ទណ្ឌកម្ម​អ.ស.ប. ​និង​អន្តរជាតិ​រឿង​សាក​ល្បង​កាំជ្រួច​មីស៊ីល​ បាន​ប្រកាស​ដល់មន្ត្រី​ស្ថានទូត​នានា​ក្នុង​ប្រទេស​ខ្លួន​ឲ្យ​ ចាក​ចេញ​ មុន​ថ្ងៃទី​១០​ ខែ​មេសា។​ ក្រៅពី​បង្ហាញ​ឲ្យ​ឃើញ​ពីកាំជ្រួច​មីស៊ីល​របស់​ ខ្លួន​ កូរ៉េ​ខាងជើង​បាន​គម្រាម​ថា ​សង្រ្គាម​អាចកើត​នៅ​វេលា​ណាមួយ​ក៏​ថា​បាន។​

ប្អូន​មុំ តារា​បាន​អះអាងថា តាម​ពិសោធន៍​ក្នុង​ប្រទេស​កម្ពុជា ​សង្គ្រាម​មិន​ធ្វើ​ឲ្យ ប្រទេស​ណា​មួយ​ឬ​ភាគីណា​ចំណេញ​នោះ​ទេ៖​
«បើ​បាញ់គ្នា​មែន ​ក្រុមហ៊ុន​ហ្នឹង​ប្រហែល​ជាបិទ​ខ្លះ​ ហើយ​ ឬបិត​ភាគច្រើន​ផង​មើល​ទៅ​ ព្រោះ​ថា​ វាមិន​ដឹង​ជា​នាំ​ចេញ​ទៅណា?​ ព្រោះ​ប្រទេស​វា​រញ៉រញ៉ៃ។​

បើសិន​ជាមាន​សង្គ្រាម​មែន​ តាម​មើលទៅ​សុទ្ធតែ​បង្ហាញ​អាវុធ​ទំនើបៗ​ដាក់​គ្នា​ វា​ធ្ងន់»។​
ដោយសារ​ការ​វាយ​ប្រហារ​គ្នា​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​ ពិភព​លោក​សេដ្ឋ កិច្ច​ការងារ​សម្រាប់​ពលករ​ខ្មែរ​នៅកូរ៉េ ​ក្រុម​កម្មករ ​និង​ពលករ​បាន​អំពាវនាវ​ដល់ ភាគី​ទាំងឡាយ​ត្រូវបញ្ឈប់​សកម្មភាព​តានតឹង​ ហើយ​រក​ដំណោះ​ស្រាយ​ដោយ សន្តិវិធី៕
XS
SM
MD
LG