ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក កូរ៉េ​ខាង​ត្បូង នឹង​បង្កើត​មជ្ឈមណ្ឌល​កុំព្យូទ័រ​ក្នុង​ខេត្ត​ចំនួន​៣


​​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទី​ក្រុង​ភ្នំពេញ​​មិន​អាច​ផ្តល់​តួលេខ​បាន​ទេ​ថា​ តើ​សិស្សានុសិស្ស​ចំនួន​ប៉ុន្មាន​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​អប់រំ​នេះ។
​​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទី​ក្រុង​ភ្នំពេញ​​មិន​អាច​ផ្តល់​តួលេខ​បាន​ទេ​ថា​ តើ​សិស្សានុសិស្ស​ចំនួន​ប៉ុន្មាន​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​អប់រំ​នេះ។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េខាងត្បូងបាន​សម្រេច​ផ្តល់​ការ​បណ្តុះ​បណ្តាល​ផ្នែក​ព័ត៌មាននិង​បច្ចេកវិទ្យា​គមនាគមន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ដល់សិស្ស​សាលា​មាន​សក្តានុពល​ក្នុង​ខេត្ត​ចំនួន​៣។

ខេត្ត​ទាំង​នោះ​រួម​មាន​ខេត្ត​សៀមរាប​ ខេត្ត​ក្រចេះ​ និង​ខេត្ត​កំពង់ចាម។

​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ គឺ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កូរ៉េ (KOICA)​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​នៅ​ថ្ងៃ​នេះ​ដើម្បី​ផ្តល់​ការ​បណ្តុះបណ្តាល​រួម​គ្នា​ដល់​សិស្សានុសិស្ស​ក្នុង​ខេត្ត​ទាំង​បី​លើ​ផ្នែក​ព័ត៌មាននិង​បច្ចេកវិទ្យា​គមនាគមន៍​នេះ​ដោយ​រំពឹង​ថា​ ការ​បណ្តុះ​បណ្តាល​នេះ​នឹង​ជួយ​គាំទ្រ​ដល់​យុទ្ធសាស្ដ្រ​អប់រំ​របស់​ប្រទេសកម្ពុជា។

លោកស្រី ​Rebecca​ Black​ នាយិកា​បេសកកម្ម​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានមួយនៅ​រសៀល​នេះ​ថា៖ «ប្រទេស​កម្ពុជា​ជា​ប្រទេសវ័យ​ក្មេងមួយ​ដែល​មាន​ប្រជាពលរដ្ឋ​ស្ទើរ​តែ​ពាក់​កណ្តាលមាន​អាយុក្រោម​២៥​ឆ្នាំ។ ​ដូច្នេះ​វា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ម្ចាស់​ជំនួយ​ក្នុង​ការ​ផ្តោត​ការ​វិនិយោគ​លើ​វិស័យ​អប់រំ។»

​ក្រុម​អ្នក​ស្មគ្រ័ចិត្ត​របស់​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​របស់​កូរ៉េ​ដែល​មាន​បទ​ពិសោធន៍​ផ្នែក​ព័ត៌មានវិទ្យានឹង​បង្រៀន​កុំព្យូទ័រ​ដល់សិស្ស​សាលា​គោលដៅ​ទាំង​នេះ ហើយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​នឹង​ផ្តល់​ជា​ម៉ាស៊ីន​កុំព្យូទ័រ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទី​ក្រុង​ភ្នំពេញមិន​អាច​ផ្តល់​តួលេខ​បាន​ទេ​ថា​ តើ​សិស្សានុសិស្ស​ចំនួន​ប៉ុន្មាន​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​អប់រំ​នេះ។

​លោក​ រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ទោះ​ជា​យ៉ាង​ណា​លោក ​កេតុ ច័ន្ទតូ ​អ្នក​ឯកទេស​លើ​វិស័យ​អប់រំ​នៃ​អង្គការ Plan International Cambodia អធិប្បាយ​ថា​ ការ​អប់រំ​ផ្នែក​ព័ត៌មានវិទ្យា​ប្រមូល​ផ្តុំ​តែ​នៅ​តំបន់​ក្រុង​តែ​ប៉ុណ្ណោះ​ហើយ​គឺ​ជា​ការ​ល្អ​កាល​ណា​មាន​ជំនួយ​អប់រំ​លើ​វិស័យ​នេះ។

«ជា​ទូទៅ​កូន​សិស្ស​គួរ​តែ​ដឹង​ផ្នែក​ព័ត៌មានវិទ្យា​នេះ។​ សព្វ​ថ្ងៃ​ចំណេះដឹង​ព័ត៌មានវិទ្យា​សម្រាប់​កូន​សិស្ស​តាម​ជនបទ​មាន​កម្រិត​ទាប​នៅ​ឡើយ។ ព័ត៌មានវិទ្យា​ដែល​យើង​មាន​សព្វ​ថ្ងៃ​មាន​តែ​នៅ​តាម​ទី​ប្រជុំ​ទី​ក្រុង​ទេ។»

​ទោះ​ជា​យ៉ាង​ណា ក្រសួងអប់រំ​យុវជន​និង​កីឡា​គ្រោង​នឹង​ដាក់​កម្មវិធី​អប់រំ​ផ្នែក​ព័ត៌មានវិទ្យា​ដល់​សិស្សានុសិស្សនៅ​តាម​គ្រឹះស្ថាន​អប់រំ​សាធារណៈ​ចាប់​ពី​ថ្នាក់​ទី​១១​ដល់​ថ្នាក់ទី​១២៕

XS
SM
MD
LG