ស.រ.អា​​វាយ​បក​លើ​កង​ជីវពល​ដែល​ស្ថិត​នៅ​ពីក្រោយ​ការ​វាយ​ប្រហារ​គ្រាប់​រ៉ុកកែត ​នៅ​អ៊ីរ៉ាក់

រថ​យន្ត​ដែល​ដឹក​ពេញ​ទៅ​ដោយ​រ៉ុកកែត​ Katyusha ត្រូវ​បាន​គេ​ឃើញ​នៅ​ក្រុង Rashidiya បន្ទាប់​ពី​មាន​គ្រាប់​រ៉ុកកែត​១០​គ្រាប់​ត្រូវ​បាន​បាញ់​លើ​ជំរំ​យោធា Taji ដែល​មាន​ទ័ព​អាមេរិក នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​បាកដាដ កាល​ពី​ថ្ងៃ​ទី​១២ មីនា ២០២០។

យន្តហោះ​ច​ម្បាំង​សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទី​កន្លែង​ជា​របស់​ក្រុម​កងជីវពល​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ជា​ការ​សង​សឹកចំពោះ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​លើ​កងទ័ព​អាមេរិក​និង​ក្រុម​ចម្រុះ​កាល​ពី​២៤​ម៉ោង​មុន។

ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​និង​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ដៅ​លើទី​កន្លែង​ស្តុក​អាវុធ​ចំនួន​៥​ដែល​ជា​របស់​ក្រុម​ Kataib Hezbollah ​ដែល​ត្រូវ​បាន​ស្តី​បន្ទោស​ចំពោះ​ការ​វាយ​ប្រហារ​រ៉ុកកែត​លើ​ទីតាំង​យោ​ធា​អ៊ីរ៉ាក់​នៅ​ភាគ​ខាង​ជើង​រដ្ឋ​ធានី​បាដាក​ កាល​ពី​យប់​ថ្ងៃ​ពុធ​ដែល​បាន​សម្លាប់​ទាហាន​អាមេរិកាំង​២​នាក់​ និង​ទាហាន​អង់គ្លេស​ម្នាក់ ​ខណៈ​ដែល១៤​នាក់​ទៀត​រង​របួស។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ក្រសួងការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​បាន​ពណ៌​នា​ការ​វាយ​ប្រហារ​នោះ​ថា​ជា ​«ការ​ការពារ​និង​ការ​ឆ្លើយ​តប​ដោយ​ផ្តាល់​ដល់​ការ​គំរាម​កំហែង»។ ​ក្រសួង​ការពារ​ប្រទេស​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ឃ្លាំង​អាវុធ​ខ្លះ ​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ស្តុក​ទុក​គ្រាប់​រ៉ុកកែត​ Katyusha ​ដែល​បាន​ប្រើនៅ​ក្នុងការ​វាយ​ប្រហារ​លើ​បន្ទាយ Taji។ សេចក្តី​ថ្លែងការណ៍​របស់​សហរដ្ឋ​អាមេរិក ​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ការ​វាយ​ប្រ​ហារ​ប្រឆាំង​នឹង​កង​ជីវពល​ Kataib Hezbollah ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​បន្ថយ​សមត្ថភាព​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ពេល​អនាគត​ប្រឆាំង​នឹង​កង​កម្លាំង​ចម្រុះ»។

ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ ​លោក​ Abbas Mousavi ​អ្នក​នាំ​ពាក្យ​ក្រ​សួង​ការបរទេស​អ៊ីរ៉ង់ ​បាន​និយាយ​ថា​ «ក្រៅ​ពីសកម្មភាព​ប្រកប​ដោយ​គ្រោះ​ថ្នាក់​និង​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ហេតុផល ​លោក​ប្រធានា​ធិបតី​ ត្រាំ ​ត្រូវ​តែ​ពិចារ​ណា​វត្តមាន​និង​អាកប្បកិរិយា​កងទ័ព​របស់​លោក​នៅ​ក្នុង​តំបន់​នោះ»។

យោធា​អ៊ីរ៉ាក់ ​បាន​បញ្ជាក់​ពី​ការ​វាយ​ប្រហារ​នោះ​ដោយ​និយាយ​ថា​ ទីកន្លែង​ដែល​រង​ការវាយ​ប្រហារ​ខ្លះ ​ក៏​ជា​ទី​ស្នាក់ការ​របស់​ពួក​កង​ជីវពល​ដែរ៕