​ការកើនឡើង​នៃ​មូលនិធិ​ស.រ.អា ជួយ​ប្រទេស​ឡាវ​ដោះស្រាយ​បញ្ហា​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​ពី​សង្គ្រាម​វៀតណាម​ដ៏​ប្រល័យ

រូបឯកសារ៖ អ្នក​បច្ចេកទេស​កំពុង​ស្រាវជ្រាវ​នៅ​លើ​វាល​ស្រែ​ស្វែង​រក​គ្រាប់​មិន​ទាន់​ផ្ទុះ នៅ​ខេត្ត Xiangkhouang ប្រទេស​ឡាវ។

រដ្ឋាភិបាល​ឡាវ​បាន​យក​គោល​ដៅ​សម្អាត​ឲ្យ​អស់​នៅ​ឆ្នាំ​២០៣០ ប៉ុន្តែ​អ្នក​ជំនាញ​ខ្លះ​និយាយ​ថា គ្មាន​ការបញ្ជាក់​ណា​មួយ​ថា តើ​កិច្ចការ​នេះ​ត្រូវ​ការ​ពេល​វេលា​យូរ​ប៉ុណ្ណា​ទៀត​នោះ​ទេ។

អ្នកស្រី Bou Kham បាន​រំឭក​ថា នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ ២០១៤ ជា​ថ្ងៃ​ដែល​មាន​ពន្លឺ​ថ្ងៃ​ចែង​ចាំង​ល្អ ហើយ​នោះ​វា​ក៏​ជា​ថ្ងៃ​ដែល​គ្រាប់​បែក​ទម្លាក់​ដោយ​សហរដ្ឋ​អាមេរិក​កាលពី​ជាង ៤ ទសវត្សរ៍​មុន បាន​ផ្ទុះ​ផ្ដាច់​ជើង​ស្ដាំ​របស់​អ្នកស្រី​ពាក់​កណ្ដាល។

នៅ​ពេល​នោះ អ្នកស្រី​និង​កូន​ប្រុស ២ នាក់ កំពុង​ឆាយ​សម្អាត​វាល​ស្រែ​នៅ​ជិត​ភូមិ នៅ​ខេត្ត Xiangkhouang ភាគ​ខាង​កើត​នៃ​ប្រទេស​ឡាវ គឺ​សម្អាត​គ្រាប់​បែក​ចង្កោម​ដែល​សហរដ្ឋ​អាមេរិក បាន​ទម្លាក់​លើ​ប្រទេស​នេះ​កាលពី​សម័យ​សង្គ្រាម​វៀតណាម។

ម្តាយ​និង​កូន មាន​គម្រោង​យក​ដែក​មាន​តម្លៃ​ទាំង​នេះ ទៅ​លក់​ឲ្យ​បុរស​ជន​ជាតិ​វៀតណាម ​២​ នាក់ ដែល​បាន​ទៅ​វាល​ស្រែ​នោះ​ជា​មួយ​គ្នា។ អ្នកស្រី​បាន​រៀប​រាប់​ប្រាប់ VOA ដោយ​លើក​ដៃ​របស់​ខ្លួន​ក្ដាប់​បង្ហាញ​ថា មាន​គ្រាប់បែក​មូលៗ​ដែល​មាន​ទំហំ​ប៉ុន​បាល់​សម្រាប់​លេង​កីឡា​តិន្នីស។

អ្នក​ស្រី​និយាយ​ថា៖ «ខ្ញុំ​បាន​រក​ស៊ី​របៀប​នេះ​១០​ឆ្នាំ​ហើយ ហើយ​អ្នក​នៅក្នុង​ភូមិ​ទាំង​មូល​ក៏​ប្រមូល​គ្រឿង​ដែក​ទាំង​នោះ ដើម្បី​លក់​ឲ្យ​ជន​ជាតិ​វៀតណាម​ដែរ»។

នៅ​ពេល​អ្នកស្រី​បាន​ដាក់​គ្រាប់​បែក​ទៅ​ក្នុង​ថង់​ប្លាស្ទិក​នៅ​ថ្ងៃ​នោះ គ្រាប់​បែក​មួយ​បាន​ទៅ​ទង្គិច​នឹង​គ្រាប់​បែក​មួយ​ទៀត ហើយ​ក៏​បាន​ផ្ទុះ​ផ្ដាច់​ជើង​ម្ខាង​របស់​អ្នក​ស្រី​តែ​ម្ដង។ អំបែង​ដែល​ផ្ទុះ​ទាំង​នោះ​បាន​បាច​សាច​ទៅ​លើ​ជើង​របស់​អ្នក​ស្រី ហើយ​បាន​ប៉ះ​នឹង​ទ្រូង​កូន​ប្រុស​ម្នាក់​របស់​អ្នក​ស្រី ហើយ​កូន​ប្រុស​ម្នាក់​ទៀត​ត្រូវ​ភ្នែក​ម្ខាង ហើយ​វា​ក៏​បាន​សម្លាប់​បុរស​វៀតណាម​ម្នាក់​នៅ​នឹង​កន្លែង​តែ​ម្ដង។

អ្នក​ស្រី​និយាយ​ថា៖ «បន្ទាប់ពី​ផ្ទុះ​ភ្លាម ខ្ញុំ​បាន​ឃើញ​ថា ជើង​ម្ខាង​របស់​ខ្ញុំ​បាន​ដាច់​បាត់​ហើយ ខ្ញុំ​បាន​ហៅ​ប្ដី​ខ្ញុំ។ បន្ទាប់​មក​ទៀត​អ្វី​ដែល​ខ្ញុំ​ចាំ​បាន​គឺ​ថា​ ខ្ញុំ​នៅ​ឯ​មន្ទីរ​ពេទ្យ»។

កាលពី​ឆ្នាំ​២០១៦​ ក្នុង​ដំណើរ​ទស្សកិច្ច​ទៅ​កាន់​ប្រទេស​ឡាវ​ លោក បារ៉ាក់ អូបាម៉ា ដែល​កាល​នោះ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​សម្រេច​ផ្ដល់​ថវិកា​បន្ថែម​ចំនួន​ ៩០ ​លាន​ដុល្លារ សម្រាប់​ជា​កាតព្វកិច្ច​ផ្នែក​សីលធម៌​របស់​អាមេរិក ​ដើម្បី​ជួយ​បោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ឲ្យ​អស់​ពី​ប្រទេស​ឡាវ ​ដែល​គ្រាប់​ទាំង​នេះ​គេ​ហៅ​ថា​ UXO គឺ​គ្រាប់​សេស​សល់​ពី​ការ​ទម្លាក់​គ្រាប់​បែក​ ២​ លាន​តោន​ដោយ​សហរដ្ឋ​អាមេរិក ​ទៅ​លើ​ប្រទេស​តូច​មួយ​នេះ ​ចាប់​ពី​ឆ្នាំ ១៩៦៤ ដល់ ឆ្នាំ ១៩៧៣។ ពាក់​កណ្ដាល​នៃ​ទឹកប្រាក់​នោះ ត្រូវបាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការស្រាវជ្រាវ​លម្អិត​នៅ​ទូទាំង​ប្រទេស​ដែល​ខ្ទេច​ខ្ទាំ​ជាយូរ​មក​ហើយ ហើយ​នឹង​ការស្រាវជ្រាវ​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក។

រូប​ឯកសារ ការ​បោស​សម្អាត​ និង​ការ​ម្ទេច​ចោល​គ្រាប់​មិន​ទាន់​ផ្ទុះ នៅ​ប្រទេស​ឡាវ។

អង្គការ​សហ​ប្រជា​ជាតិ​កាលពី​ពេល​ថ្មីៗ​នេះ បាន​ពន្យារ​ពេល​សម្រាប់​ប្រទេស​ឡាវ​ដែល​បាន​កំណត់​យក​ឆ្នាំ​ ២០២០ ថា​ជា​ឆ្នាំ​ដែល​ប្រទេស​នេះ​ត្រូវសម្អាត​គ្រាប់​បែក​នេះ​ឲ្យ​អស់ ដូច​ដែល​អនុសញ្ញា​ស្ដី​ពី​គ្រាប់​បែក​ចង្កោម​បាន​កំណត់​នោះ ដោយ​ត្រូវ​ពន្យារ​ពេល​ដល់​ឆ្នាំ​២០២៥ វិញ។ រដ្ឋាភិបាល​ឡាវ​បាន​យក​គោល​ដៅ​សម្អាត​ឲ្យ​អស់​នៅ​ឆ្នាំ​២០៣០ ប៉ុន្តែ​អ្នក​ជំនាញ​ខ្លះ​និយាយ​ថា គ្មាន​ការបញ្ជាក់​ណា​មួយ​ថា តើ​កិច្ចការ​នេះ​ត្រូវ​ការ​ពេល​វេលា​យូរ​ប៉ុណ្ណា​ទៀត​នោះ​ទេ។

អ្នកស្រី Sarah Goring គឺ​ជា​មន្ត្រី​កម្មវិធី​ប្រចាំ​ប្រទេស​ឡាវ​នៃ​ក្រុម​ប្រឹក្សា​សម្អាត​មីន​ ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស។ ក្រុម​ប្រឹក្សា​នេះ​បាន​ធ្វើ​ប្រតិបត្តិការ​សម្អាត​មីន​ធំ​ជាង​គេ​នៅ​ប្រទេស​ឡាវ បន្ទាប់​ពី​រដ្ឋាភិបាល។

អ្នកស្រី​និយាយ​ថា៖ «សំណួរ​ដែល​គេ​តែងតែ​សួរ​យើង​នោះ​គឺ​ថា តើ​គ្រាប់​មីន​ទាំង​នេះ​នឹង​ត្រូវ​សម្អាត​ឲ្យ​អស់​នៅ​ពេល​ណា។ ប៉ុន្តែ ពិត​ហើយ​ថា តើ​វា​នឹង​ត្រូវ​ការ​រយៈ​ពេល​យូរ​ប៉ុណ្ណា​នោះ គឺ​ដូច​ជា​ខ្សែ​ដ៏វែង​អន្លាយ​មួយ​អីចឹង ពិត​ទេ? តែ​អ្វីៗ​គឺ​អាស្រ័យ​លើ​ថវិកា»។

អ្នកស្រី Goring ​និយាយ​ថា ​អង្គការ​សហ​ប្រជាជាតិ​បាន​ពន្យា​កាលបរិច្ឆេទ​សម្រាប់​ការ​សម្អាត​មីន​ក្នុង​ប្រទេស​ឡាវ ​រហូត​ដល់​ឆ្នាំ​២០២៥ ​នោះ គឺ​ដោយសារ​អង្គការ​សហ​ប្រជាជាតិ​ផ្ដល់​ការពន្យា​ម្តង​រយៈពេល ៥ ឆ្នាំ។

អ្នកស្រី​និយាយ​ថា៖ «ខ្ញុំ​គិត​ថា មិន​មាន​អ្នក​ណា​ម្នាក់​គិត​ថា​រឿង​បែប​នេះ វា​សាកសម​នោះ​ទេ ពីព្រោះ​តែ​បរិមាណ​នៃ​ការ​ខូច​ខាត​វា​ធំ​ណាស់»។

ក្នុងការ​ព្យាយាម​ស្វែង​រក​កង​កម្លាំង​វៀតណាម​ខាង​ជើង​នៅ​តាម​ផ្លូវ​លំ​ហូជីមិញ និង​ក្រុម​កុម្មុយនិស្ត​ក្នុង​ស្រុក​ដែល​មាន​ឈ្មោះ​ថា Pathet Lao ដែល​ចុង​បញ្ចប់​ក្រុម​នេះ បាន​ឈ្នះ​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៧៥​នោះ សហរដ្ឋ​អាមេរិក​បាន​ប្រែ​ក្លាយ​ប្រទេស​ឡាវ​ទៅ​ជា​ប្រទេស​ដែល​រង​ការទម្លាក់​គ្រាប់បែក​ខ្លាំង​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ ជម្រើស​នៃ​ការប្រើប្រាស់​សព្វាវុធ​របស់​អាមេរិក គឺ​គ្រាប់​បែក​ចង្កោម​ ដែល​ផលិតឡើង​សម្រាប់​ផ្ទុះ​បំបែក​នៅ​ពេល​ទម្លាក់​បាន​ពាក់​កណ្ដាល​អាកាស ដើម្បី​ទម្លាក់​គ្រាប់​បែក​តូចៗ​រាប់​រយ​គ្រាប់ គឺ​ដូចជា​គ្រាប់​បែក​ដែល​បាន​ធ្វើ​ឲ្យ​អ្នកស្រី​ Bou រង​របួស​កាល​ពី​ប្រាំ​ឆ្នាំ​មុន​អីចឹង​ដែរ។

កូន​គ្រាប់​បែក​១​ក្នុង​ចំណោម​៣ ដែល​ចំនួន​សរុប​មាន​រាប់​សិប​លាន​គ្រាប់​ ត្រូវ​បាន​គេ​ជឿ​ថា មិន​បាន​ផ្ទុះ​នៅ​ពេល​គេ​ទម្លាក់​វា ហើយ​មាន​ការយល់​ឃើញ​ផ្សេងៗ​គ្នា​ ថា​តើ​គ្រាប់​ទាំង​នោះ​គ្រប់​ដណ្ដប់​លើ​ផ្ទៃ​ដី​ធំ​ប៉ុណ្ណា​នោះ។ រដ្ឋាភិបាល​ឡាវ​និយាយ​ថា ទំហំ​ផ្ទៃ​ដី​ដែល​រង​ផល​ប៉ះ​ពាល់​មាន​ទំហំ ៨,០០០ គីឡូម៉ែត្រ​ការ៉េ។ ក្រុម​ប្រឹក្សា​សម្អាត​មីន​និយាយ​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ទំហំ​ ២,០០០ គីឡូម៉ែត្រ​ការ៉េ​ដែរ។

អ្នកស្រី Goring និយាយ​ថា៖ «ខ្ញុំ​គិត​ថា ធាតុ​ពិត​គឺ​ស្ថិត​នៅ​ចន្លោះ​តួលេខ​ទាំង​ពីរ​នេះ។ គ្មាន​អ្នក​ណា​ដឹង​ពិត​ប្រាកដ​ទេ»។

គម្រោង​សិក្សា​ស្រាវជ្រាវ​បច្ចេកទេស​នៅ​ទូទាំង​ប្រទេស មាន​ទឹកប្រាក់​ពាក់កណ្តាល​នៃ​ថវិកា​សរុប៩០ លាន​ដុល្លារ​នៃ​គម្រោង​ដែល​ជា​ការប្តេជ្ញា​របស់​លោក អូបាម៉ា កាលពី​ឆ្នាំ ២០១៦ គួរ​តែ​អាច​ឲ្យ​ពួកគេ​រក​ឃើញ​តួលេខ​ច្បាស់។ សហរដ្ឋ​អាមេរិក បាន​ប្រើប្រាស់​ថវិកា​ទាំងនោះ​ដោយ​ជួល​ក្រុមហ៊ុន​ម៉ៅកា​ជាច្រើន។

ការសិក្សា​ស្រាវជ្រាវ​អំពី​ផល​ខូច​ខាត​ភាគ​ច្រើន ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឡាវ​រហូត​មក​ដល់​ពេល​នេះ​ធ្វើ​ឡើង​ក្នុង​របៀប​មួយ​ដែល​មិន​ផ្អែក​លើ​បច្ចេកទេស ដោយ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​តែ​របាយការណ៍​នៃ​គ្រោះថ្នាក់ និង​តាម​រយៈ​ការប្រាប់​ផ្ទាល់​មាត់​របស់​ពលរដ្ឋ​ក្នុង​ស្រុក។ ការខ្វះ​ភាព​ជាក់​លាក់​មាន​ន័យ​ថា ជា​ការ​ចំណាយ​ពេល​និង​ប្រាក់​កាស​យ៉ាង​ច្រើន ទៅ​លើ​ការ​សម្អាត​តំបន់​នានា ដែល​ចុង​ក្រោយ​រក​ឃើញ​គ្រាប់​បែក​តែ​ពីរ​បី​គ្រាប់​ប៉ុណ្ណោះ។

តាម​រយៈ​ការ​ស្រាវជ្រាវ​ដោយ​បច្ចេកទេស​ ក្រុម​ការងារ​ត្រូវ​បញ្ជាក់​ថា កន្លែង​ណា​ដែល​គេ​សង្ស័យ​ថា​ បាន​រង​ប៉ះពាល់ ​មុន​ពេល ពួកគេ​ចុះ​ទៅ​ធ្វើ​ការបោស​សម្អាត​ដោយ​ផ្ទាល់។ ក្រុម​ប្រឹក្សា​សម្អាត​មីន​ និង​ក្រុម​ផ្សេង​ទៀត​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​បច្ចេកទេស​នៅ​ប្រទេស​ឡាវ​តាំង​ពី​មុន​ឆ្នាំ​២០១៦ ប៉ុន្តែ​ការបញ្ចូល​ប្រាក់​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​នោះ បាន​ធ្វើ​ឲ្យ​កិច្ច​ការ​នេះ ត្រូវ​បាន​ពង្រីក​ធំ​ជាងមុន។

លោក​ Perparim Elezi អ្នក​ចាត់ការ​បច្ចេកទេសរបស់​ក្រុម​ប្រឹក្សា​សម្អាត​មីន (Mines Advisory Group) នៅ​ខេត្ត Xiangkhouang និយាយ​ថា៖ «វា​ជួយ​យើង ពីព្រោះ​វា​ធ្វើ​ឲ្យ​ដំណើរ​ការ​លឿន​ជាង​មុន។ យើង​ដឹង​ច្បាស់​ថា​ ទីណា​មិន​រង​ការ​ប៉ះពាល់​ដោយ​សារ​គ្រាប់​បែក​ទាំង​នោះ និង​ទីណា​រង​ការប៉ះពាល់»។

រូបឯកសារ៖ ក្រុមការងារ​កំក​ពុង​ទាញ​យក​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ប្រទេស​ឡាវ។

លោក Elezi ដែល​ជា​អតីត​ទាហាន​មក​ពី​ប្រទេស​កូសូវ៉ូ មាន​បទ​ពិសោធន៍​បោស​សម្អាត​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ បាន​និយាយ​ថា ការ​ស្រាវជ្រាវ​ដោយ​បច្ចេកទេស​នៅ​តំបន់​ទាំង​អស់​ក្នុង​ប្រទេស​ឡាវ​បង្ហាញ​ថា អាច​សម្រេច​បាន​នៅ​ឆ្នាំ​២០២៥។ តែ​ចំពោះ​លោក​វិញ មើល​ឃើញ​លទ្ធភាព​តិច​តួច​ប៉ុណ្ណោះ ក្នុង​ការបោស​សម្អាត​ប្រទេស​នេះ​ឲ្យ​អស់​គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំង​ស្រុង​នៅ​ឆ្នាំ​២០២៥​នោះ។ ទោះ​យ៉ាង​ណា​លោក​បន្ថែម​ថា ឆ្នាំ​២០៣០ ហាក់​ដូច​ជា​នៅ​យូរ​បន្តិច ប៉ុន្តែ​យើង​មិន​អាច​ថា «អ្វីៗ​មិន​អាច​សម្រេច​បាន​» នោះ​ទេ។

គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ម៉ៅកា បាន​សម្អាត​ផ្ទៃ​ដី​ក្នុង​ប្រទេស​ឡាវ​បាន ៦០០ គ.ម ការ៉េ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ មក ដែល​ជា​ឆ្នាំ​ត្រូវបាន​កត់​ត្រា​ផ្លូវការ។ ទំហំ​ផ្ទៃ​ដី​៦០០ គ.ម​ការ៉េ នេះ​ស្មើ​នឹង​១​ភាគ​៣​ នៃ​ទំហំ​ផ្ទៃដីតិច​បំផុត​ដែល​ក្រុម​ប្រឹក្សា​សម្អាត​មីន បាន​ប៉ាន់​ប្រមាណ​ថា ជា​តំបន់​រង​ការ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក។
ល្បឿន​នៃ​កិច្ច​ការ​សម្អាត​មីន មាន​ភាពលឿន​ជាង​មុន ដោយសារ​តែ​បច្ចេកទេស​និង​បច្ចេកវិទ្យា​មាន​ការរីកចម្រើន ហើយ​ក៏​ដោយសារ​តែ​មាន​ថវិកា​បន្ថែម​ពី​សហរដ្ឋ​អាមេរិក និង​ប្រភព​ផ្សេងៗ​ទៀត។ ផ្ទៃ​ដី​៦២​ គ.ម ការ៉េ ដែល​សម្អាត​បាន​នៅ​ឆ្នាំ​២០១៨ ​មាន​ទំហំ​ជិត​២​ដង​បើ​ប្រៀប​ធៀប​ទៅ​នឹង​ផ្ទៃ​ដី​ដែល​ត្រូវ​បាន​សម្អាត​នៅ​ឆ្នាំ ២០០៨។

ទន្ទឹម​នឹង​នេះ​ផងដែរ ដោយសារតែ​ផ្ទៃ​ដី​ជា​ច្រើន​ត្រូវ​បាន​សម្អាត​មីន​ហើយ​មាន​សុវត្ថិភាព និង​ដោយសារតែ​សារធារណជន​មាន​ការយល់ដឹង​ច្រើន​អំពី​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​គ្រាប់​បែក​ចាស់ៗ​មិនទាន់​ផ្ទុះ​នោះ ចំនួន​គ្រោះ​ថា្នក់​ក៏​បាន​ថយចុះ​ដែរ។ គ្រាប់​មិន​ទាន់​ផ្ទុះ​បាន​សម្លាប់​មនុស្ស​៣​នាក់ និង​ធ្វើ​ឲ្យ​របួស​២១​នាក់ នៅ​ឆ្នាំ ២០១៨ បើ​ធៀប​នឹង​ឆ្នាំ​២០០៨ ដែល​មាន​មនុស្ស​ស្លាប់​ចំនួន​ ៩៩ នាក់ និង​របួស ២០៣ នាក់។

អង្គការ​សប្បុរសធម៌​ឡាវ COPE ដែល​ផ្ដល់​ការ​ស្ដារ​នីតិ​សម្បទា និង​ជើង​សិប្បនិម្មិត​ដល់​ជនពិកា ផ្ដល់​សេវា​របស់​ខ្លួន​កាន់​តែ​តិច​ទៅៗ​ដល់​ជន​រងគ្រោះ​ថ្មី ក្នុង​មួយ​ឆ្នាំៗ។

នាយិកា​ប្រតិបត្តិ​អង្គការ​នេះ គឺ​អ្នកស្រី Bounlanh Phayboun និយាយ​ថា អ្នកស្រី​ដឹង​គុណ​ចំពោះ​ការ​ផ្ដល់​ថវិកាដែល​ធ្វើ​ឲ្យ​កិច្ចការ​ស្រាវជ្រាវ​បច្ចេកទេស​ដំណើរការ​បាន​លឿន ប៉ុន្តែ​អ្នកស្រី​មិន​រីករាយ​នឹង​រឿង​ដែល​គេត្រូវ​ចំណាយ​ពេលយូរ​ទម្រាំ​តែ​ថវិកា​នោះ​មក​ដល់។

អ្នក​ស្រី​និយាយ​ថា៖ «ពិត​ណាស់​ រឿង​នេះ ជារឿង​គួរ​ឲ្យ​ខក​ចិត្ត ដោយសារ​តែ​វា​ចាប់​ផ្ដើម​យឺត​ពេក គឺ​ដល់ទៅ ៤០ឆ្នាំ ក្រោយ​មក»។

អ្នក​ស្រី Bounlanh ​និយាយ​ថា អ្នក​ភូមិ​រាប់​ពាន់​នាក់​បន្ត​រស់​នៅ​ដោយ​ការ​ភ័យ​ខ្លាច​គ្រាប់​បែក ដែល​កប់ ឬ លាក់​ខ្លួន​នៅ​ក្រោម​បាត​ជើង​របស់​ពួក​គេ ប៉ុន្តែ​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​រស់នៅ ឬ ធ្វើការ​ការងារ​កសិកម្ម​លើ​ដី​ទាំងនោះ ដោយសារតែ​ភាពក្រីក្រ និង​ការ​ខ្វះ​ជម្រើស បើទោះបីជា​ពួកគេ​ដឹង​ពី​ហានិភ័យ​ទាំង​នោះ​ក៏​ដោយ។

អ្នក​ស្រី​និយាយ​ថា៖ «ឆ្នាំ​នេះ អ្នក​អាច​ប្រើប្រាស់​ដី បាន​ដោយ​សុវត្ថិភាព។ ប៉ុន្តែ​ឆ្នាំ​ក្រោយ ឬ ២​ឆ្នាំ​ទៀត អ្នក​អាច​កាប់​ចំ​វា​នៅ​ពេល​ណា​មួយ»៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង