អាមេរិក​កាត់​ជំនួយ​ទៅ​ស៊ីម៉ាក់ ​តែ​នៅ​បន្ត​ផ្តល់​ជំនួយ​​សម្រាប់​បោស​សម្អាត​​គ្រាប់​មិន​ទាន់​ផ្ទុះ​​មាន​ប្រភព​ពី​ស.រ.អា

រូបឯកសារ៖ ទីតាំង​ហាម​ចូល​នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​ សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

អ្នក​គ្រប់​គ្រង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជាអះអាង​ថា​ រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​នឹង​រ៉ាប់​រង​លើ​ប្រតិបត្តិការ​របស់​ខ្លួន​ ​នៅ​ពេល​សហ​រដ្ឋ​អាមេរិក​បញ្ជប់​ជំនួយ។​ ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ស្នើ​ឲ្យអង្គការ​ហាម​ឃាត់​អាវុធគីមី​មកពិនិត្យ​ផ្ទៀង​ផ្ទាត់​កាក​សំណល់​មួយ​ចំនួន​ ដែល​សង្ស័យ​ថា​ ជា​អាវុធ​គីមី​នៅ​ក្នុង​ទីតាំង​ជា​ច្រើន​នៃ​ប្រទេស​កម្ពុជា។​ ទោះ​យ៉ាង​ណា​ក៏​ដោយ ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ស្វាគមន៍​អ្នក​ជំនាញ​នៃ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​ ​ហើយ​ថា​ ខ្លួន​នឹង​នៅ​តែ​បន្តការ​ជួយ​ដល់​កម្ពុជា។​

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចំា​នៅ​កម្ពុជា​ ​នា​ថ្ងៃអង្គារ​នេះ​បាន​ថ្លែងថា​ ​ខ្លួន​នឹង​ផ្តល់​ជំនួយសម្រាប់​បោស​សម្អាតគ្រាប់មិន​ទាន់​ផ្ទុះ​មាន​ប្រភព​ពីសហ​រដ្ឋ​អាមេរិក​ ​ដោយ​ផ្អែក​លើ​គោល​ការណ៍ប្រកួត​ប្រជែង​បន្ទាប់​ពី​កម្មវិធី​ជំនួយ​បច្ចុប្បន្ន​ដល់​ CMAC​ ​នឹង​បញ្ចប់​ទៅ​នៅ​ខែ​ធ្នូខាង​មុខ​នេះ។​

ការ​ប្រកាស​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ធ្វើ​ឡើង​ ក្រោយ​ពី​មន្ត្រី​មួយរូប​នៃ​ក្រសួង​ការបរ​ទេស​សហ​រដ្ឋ​អាមេរិក​ ​បាន​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ​សហ​រដ្ឋ​អាមេរិក​នឹង​លែង​ផ្តល់​ជំនួយ​សម្រាប់​ប្រតិ​បត្តិការ​ដោះមីន​នៅ​កម្ពុជា​ទៅ​ឱ្យ​មជ្ឈ​មណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (CMAC) ​នៅ​ឆ្នាំក្រោយ​នេះ។​

តាមសារ​ឆ្លើយ​តប​តាមអេឡិចត្រូនិក​ ​ឬ​ ​Email របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ចំពោះ​សំណួរ​របស់​ ​VOA ​ទាក់​ទិន​ការ​កាត់​ផ្តាច់​ជំនួយ​ដល់​មជ្ឈមណ្ឌល​ CMAC ​នោះ​ ​លោក​ ​David Josar​ ​អ្នក​នាំពាក្យ​រង​របស់​ស្ថានទូត​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ ​សហ​រដ្ឋ​អាមេរិក​នៅ​បន្ត​ប្តេជ្ញា​យ៉ាង​ខ្លាំងក្លា​ចំពោះ​ភាពជាដៃ​គូ​របស់​អាមេរិក​ជាមួយ​ប្រជាជន​កម្ពុជា​ ​នៅ​ក្នុង​ការ​គាំទ្រ​គោលដៅ​របស់​ប្រជាជន​កម្ពុជា​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ពួកគេ​ ​ រួចផុត​ពី​ផលប៉ះពាល់​នៃ​គ្រាប់​មីន​នៅ​ត្រឹម​ ២០២៥​ ​ក៏​ដូច​ជា​សម្រេច​ឲ្យ​បានគោលដៅ​រួម​គ្នា​របស់​អាមេរិក​នៃ​ការ​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​មាន​ប្រភព​ចេញ​ពី​សហ​រដ្ឋ​អាមេរិក។​

ទាក់ទិន​នឹង​ការ​ផ្តល់​ជំនួយ​សម្រាប់​ការ​បោស​សម្អាត​គ្រាប់​មិនទាន់ផ្ទុះ​ក្នុង​ឆ្នាំ​ ២០១៨​ ​លោក​ David ​បាន​សរសេរ​ក្នុង​សារ​អេឡិចត្រូនិក​ ​ដោយ​មាន​ខ្លឹម​សារ​ដើមថា៖​

«យើង​នឹង​ប្រើ​ធនធាន​នៅឆ្នាំ​២០១៨​សម្រាប់​ដំណើរ​ការ​កម្មវិធី​ដោះគ្រាប់​ជា​លក្ខណៈ​សាកល​មួយ​ ដោយ​សំដៅ​លើ​ប្រភេទ​គ្រាប់​មិនទាន់​ផ្ទុះ​មាន​ប្រភព​ពី​សហ​រដ្ឋ​អាមេរិក​ ​នៅ​ក្នុង​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា។​ ​អ្នក​ជំនាញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាច្រើន​បានស្នើ​ថា​ ​សហ​រដ្ឋ​អាមេរិក​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ការ​បោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រភេទ​នេះ​ ​បន្ថែម​លើការ​គាំទ្រ​របស់​ពួក​យើង​សម្រាប់​បោស​សម្អាត​គ្រាប់មិនទាន់​ផ្ទុះជាច្រើន​ទៀត​ដែល​ជារបស់​ចិន​ ​វៀតណាម​ ​និង​សូវៀត​ ក្នុង​ទឹកដី​ភាគខាង​លិច​ប្រទេស​កម្ពុជា។​ ​យើង​ជឿជាក់​ថា​ ​កម្មវិធី​នេះ​នឹង​ឆ្លើយ​តបប្រកប​ដោយ​ប្រសិទ្ធ​ភាព​ចំពោះ​សំណើនេះ»។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​សារ​អេឡិច​ត្រូនិក​ ​Email​ ​បន្ត​ទៀត​ដោយ​មានខ្លឹមសារ​ដើម​ថា៖​

«កម្ម​វិធី​បច្ចុប្បន្ន​របស់​ពួកយើង​នឹង​បញ្ចប់​ទៅ​នៅ​ក្នុង​ខែ​ធ្នូ ​ឆ្នាំ​២០១៧​ ​ហើយ​យើងមាន​បំណង​ផ្តល់​ជំនួយ​សម្រាប់​កិច្ច​ប្រឹងប្រែង​នេះ​តាម​គោល​ការណ៍​ប្រកួត​ប្រជែង។​ ​សំណើ​មួយ​នៃ​គម្រោង​នានា​ ដែល​យើង​នឹង​ពិគ្រោះ​យោបល់ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ នឹង​ត្រូវ​បញ្ចេញ​ឲ្យ​ដឹង​នៅ​ក្នុង​ខែ​នេះ»។

មន្ត្រី​នាំពាក្យរង​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​កម្ពុជា​នេះ​បាន​ឲ្យដឹង​ថា​ មក​ដល់​ពេល​បច្ចុប្បន្ន​ ​អាមេរិក​បាន​ចំណាយ​ជាង១៣១​លាន​ដុល្លារ​អាមេរិកទៅ​លើ​ការ​ដោះស្រាយ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​លោក​ ​David Josar​ ​បាន​បន្ត​ថា​ ​កិច្ច​ការ​ងារ​នេះ​ជា​ការ​ជួយ​ជ្រោម​ជ្រែង​ដែល​មាន​អាទិភាព​ជាង​គេ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ​ហើយ​ជំនួយ​នេះនឹង​បន្ត​ឆ្លុះ​បញ្ចាំង​ពី​សារៈ​សំខាន់​នៃ​អ្វី​ដែល​អាមេរិក​បាន​ធ្វើ​លើ​ការងារ​នេះ។

ការ​កាត់​ផ្តាច់​ជំនួយ​របស់​អាមេរិក​មក​មជ្ឈ​មណ្ឌល​ ​CMAC​ ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន បានឌឺដង​ដល់​សហ​រដ្ឋ​អាមេរិក​ទាក់​ទិន​នឹង​កាក​សំណល់​សង្គ្រាម​វៀតណាម​ជាង​៤០​ឆ្នាំ​មុន។​

លោក​ ​ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បីទស​វត្សរ៍​មក​នោះ​ ​ក៏​បានបញ្ជា​ឱ្យ​ប្រើ​ថវិកា​រដ្ឋាភិបាល​ផ្ទាល់​ដើម្បី​ដោះ​គ្រាប់​បែក​គីមី​ពីរ​គ្រាប់​ក្នុង​ខេត្ត​ស្វាយរៀង​ ដែល​បន្សល់​ ឬ​ទុក​ពី​សង្គ្រាម​វៀតណាម។ ​ ​លោក​ក៏​បាន​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​របស់​ខ្លួន​អញ្ជើញ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​គឺ​លោក​ ​William Heidt​ ​ទៅ​មើល​គ្រាប់​បែក​គីមី​មួយ​គ្រាប់​របស់​អាមេរិក​ទម្លាក់​ក្នុង​សង្រ្គាម​វៀតណាម​ ហើយ​ដែល​បាន​បន្សល់​ទុក​នៅ​ខេត្ត​ស្វាយរៀង។​ ​លោក​ ​ហ៊ុន សែន​ ​អះអាង​ថា​ ​គ្រាប់​បែក​នេះ​កំពុង​បង្ក​ការ​ភ័យ​ខ្លាច​ ​និង​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​នោះ។​

លោក​ ​ហេង រតនា​ ​អគ្គនាយក​នៃ​មជ្ឈ​មណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​ស៊ីម៉ាក់​ (CMAC)​ ​បាន​ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារនេះថា​ ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​ផ្តល់​តាម​អង្គការ​មួយ​មក​ឲ្យ​មជ្ឈមណ្ឌលស៊ីម៉ាក់​នឹង​ត្រូវ​លុបចោល។​ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​គម្រោង​ជំនួយ​ នាពេល​បច្ចុប្បន្ន​នេះ ​ត្រូវបាន​ពន្យារ​ពេល​ពីរខែទៀត​ ពោល​គឺ​ម្រោង​នេះ​នឹង​បញ្ចប់​នៅ​ដំណាច់​ខែ​ធ្នូឆ្នាំ​ ២០១៧។​

នៅមុន​ការ​ទទួល​បាន​ដំណឹង​ផ្លូវការ​អំពី​ការ​កាត់​ផ្តាច់​ជំនួយ​នេះ​ លោក​ ​ហេង រតនា​បាន​លើក​ឡើង​កាលពី​ថ្ងៃ​សុក្រ​ថា​ ​ការ​កាត់​ផ្តាច់​ជំនួយ​នេះ​នឹង​ប៉ះពាល់​ដល់​ផ្នែក​ខ្លះ​នៃ​ប្រតិបត្តិការ​ការងារ​របស់​ ​CMAC​ ​ហើយ​ថា​ ការ​កាត់​ផ្តាច់​ជំនួយ​នេះ​ ​គឺ​ជាការ​គំរាម​កំហែង​មួយ។​

លោក​ ​ហេង រតនា​ ​បញ្ជាក់​យ៉ាង​ដូច្នេះ៖​

«ជួប​ការ​លំបាក​ខ្លះ​ដែរ​ តែយើង​នឹង​មិន​ដកដង្ហើម​តាម​គាត់​ទាំងអស់​ទេ។ ​ ​បើ​គាត់​យល់​ថា​ ​អីចឹង​ យើង​យល់​ថា​ ជាដៃគូ​ សហ​ប្រតិបត្តិ​ការ​ជាមួយ​គ្នា។​ ​បញ្ហា​ផ្តាច់​ជំនួយ​ណា​មួយ​ ​ខ្ញុំ​យល់​ថា​ ​គ្រាន់តែ​ជា​ការ​គំរាម​កំហែងដើម្បី​កុំ​ឲ្យ​យើង​មាត់​ក​ចំពោះ​អាវុធ​គីមី​ដ៏កាច​សាវហាវ​របស់​គាត់​ប៉ុណ្ណោះ»។​

មេ​ដឹកនាំ​មជ្ឈមណ្ឌល CMAC​ ​បាន​ថ្លែង​បន្តកាល​ពីថ្ងៃ​សុក្រ​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​ពុះពារ​ជួយ​ដល់​ CMAC ​ក្នុង​កិច្ច​ការ​ដោះមីន​ និង​បោស​សម្អាតកាក​សំណល់​សល់​ពី​សង្គ្រាម​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នានា​ ​ជាពិសេស​សំណល់​សល់​ពី​អាមេរិក។

«ខ្ញុំ​គិត​ថា​ ​ប្រហែល​ជា​រាជ​រដ្ឋាភិបាល​មិន​ទុក​ឲ្យប្រជា​ជន​កម្ពុជាបន្ត​ស្លាប់​ដោយ​គ្រាប់​អាមេរិក​ ហើយ​ដោយសារ​អត់​លុយ​អាមេរិក​ ប្រជាជន​កម្ពុជា​ត្រូវ​តែ​បន្ត​ស្លាប់​ដោយ​គ្រាប់​បែក​អាមេរិក​ទេ។​ ​យើង​នឹង​ប្រឹង​ប្រែង​ដោះស្រាយ»។

នៅ​ថ្ងៃ​អង្គារ​នេះ​ លោក​ ហេង​ រតនា​ បាន​បញ្ជាក់​ប្រាប់ VOA​ ឲ្យដឹង​បន្ថែម​ថា​ ការ​កាត់​ផ្តាច់​ជំនួយ​ពីអង្គការ​ក្រៅ​រដ្ឋា​ភិបាល​ដែល​ជាដៃ​គូ​របស់​អាមេរិកនឹង​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ដោះមីន​ប្រហែល​២៥០​នាក់​ និង​អ្នក​ជំនាញ​ខាង​ទិន្នន័យ​ផ្សេង​ទៀត។ ​យ៉ាងណាមិញ​ លោក​ថា ​ លោក​នាយក​រដ្ឋមន្ត្រីខ្មែរ​ ​លោក​ ​ហ៊ុន សែន​ ​បាន​យល់​ព្រម​នឹង​ជួយ​រក្សា​ប្រតិបត្តិការ​របស់​ស៊ីម៉ាក់។​

ក្នុង​សង្រ្គាម​វោហារ​សាស្ត្រ​របស់​លោក​ ​ហ៊ុន សែន ជាមួយ​អាមេរិក​ ​លោក​ ​ហ៊ុន សែន​ដែល​ជា​អតីត​កម្មា​ភិបាល​ខ្មែរក្រហម ​ក៏​បាន​ស្នើ​ឲ្យ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ គិតគូរ​លើ​បញ្ហា​គ្រាប់​បែក​គីមី​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ ​ក៏​ដូចជា​គ្រាប់បែក​ផ្សេង​ទៀត​របស់​អាមេរិក​ដែល​មាន​ទម្ងន់​ជិត​៣​លាន​តោន​ ​កំពុង​កប់​ក្នុង​ដី​កម្ពុជា​ ​ដោយ​មិនត្រូវ​គិតតែ​ពី​បំណុល​ដែល​កម្ពុជា​ជំពាក់​ ​និង​គិតតែ​ពី​ការ​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា​ក្នុង​សង្គ្រាម​អាមេរិក-វៀតណាម​នោះ​ទេ។

លោក​ Aksel Steen Nilson​ នាយក​អង្គការ​ជំនួយ​របស់​ប្រជាជន​ណ័រវេ​ ​(Norwegian People's Aid) ​ប្រចាំ​កម្ពុជា​ ​បាន​បញ្ជាក់​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គម្រោង​ជំនួយ​របស់​អាមេរិក​សម្រាប់​ផ្តល់​ដល់​កម្មវិធី​កម្ចាត់​គ្រាប់មីន​នៃ​មជ្ឈមណ្ឌល​ស៊ីម៉ាក់​នឹង​មិន​ត្រូវបន្ត​ទៀត​ទេ។​ ​លោក​បាន​ថ្លែង​បន្ថែមថា​ ​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ការពន្យល់​ថា ខ្លួន​នឹង​ពិចារណា​លើ​គម្រោង​ជំនួយ​ថ្មី​ជាមួយ​អង្គការ​ស៊ីម៉ាក់។​ ​យ៉ាង​ណា​ក៏ដោយ​ លោក​មិន​អាច​បញ្ជាក់​បន្ថែម​ពីហេតុផល​នៃ​ការ​កាត់​ផ្តាច់​ជំនួយ​នេះទេ។​

លោក​ Aksel Steen Nilson​ បាន​បញ្ជាក់​ប្រាប់​ ​VOA​ថា៖​

«ខ្ញុំ​មើល​មិន​ឃើញ​គោល​បំណង​ជាក់​លាក់​ណាមួយ​ ដែល​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ទេ ​ដោយសារ​តែ​វា​ជាការ​បញ្ចប់​នៃ​ដំណើរ​វិលចុះឡើង​នៃការ​ផ្តល់​ជំនួយ​ ហើយ​ជា​ការណ៍​ពិត​វាស្រេច​តែទៅ​លើ​អ្នក​ផ្តល់​ជំនួយ​ ​ប្រសិន​បើមាន​ប្រាក់​ឧបត្ថម្ភ​ ឬ​ចំណាប់​អារម្មណ៍​ដើម្បី​បន្ត​ ឬ​ក៏​ឈប់​នោះ»។​

កាលពី​ជាង​៤០​ឆ្នាំ​មុន​ ​ផ្នែក​ខ្លះ​នៃ​ទឹកដី​កម្ពុជា​បាន​រង​ការ​ទម្លាក់​គ្រាប់​ដោយ​សហ​រដ្ឋ​អាមេរិក​ នៅ​គ្រា​ដែល​សហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​វៀតណាម​ ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ហាណូយ។​ សហ​រដ្ឋ​អាមេរិក​ទម្លាក់​គ្រាប់​បែក​ជាច្រើន​តាម​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ ​ដោយ​បាន​ឆ្លង​ចូល​មក​ទឹក​ដី​កម្ពុជា​ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម។​

ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ គឺ​លោក​ ​William Heidt​ ​ធ្លាប់​បាន​បញ្ជាក់​កន្លង​ទៅ​ថា​ ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​ជាង​១៦០​លាន​ដុល្លារ​ ​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​កន្លង​ទៅ​នេះ​ ​សម្រាប់​គម្រោង​បោស​សម្អាត​គ្រាប់មីន​ ​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា។​ ​ក្រៅ​ពី​នេះ​ ​រដ្ឋា​ភិបាល​អាមេរិក​ក៏​បាន​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត​ដល់​កម្ពុជា​ ​ដោយ​ផ្តោត​លើ​វិស័យ​យោធា​ ​ពាណិជ្ជ​កម្ម​ ​កសិកម្ម​ ​សេដ្ឋកិច្ច​ ​និង​អប់រំ​ជាដើម។​

ក្នុង​នោះដែរ​ ​សហ​រដ្ឋ​អាមេរិកបានផ្តល់​ជំនួយ​ជា​ថវិកា​ប្រមាណ២​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ ​ដល់​ ​CMAC​ ​ដើម​ទ្រទ្រង់​សកម្មភាព​ដោះមីន​នៅ​កម្ពុជា។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ហេង រតនា​ នាយក​មជ្ឈមណ្ឌលស៊ីម៉ាក់។

ក្រៅ​ពី​នេះ​ ​លោកនិយាយថា ​CMAC​ ​ទទួល​បាន​ទាំង​សម្ភារៈ​ និងថវិកា​ជារួមពី​ប្រទេស​ម្ចាស់​ជំនួយ​ ​ប្រមាណ​ជា២០លាន​ដុល្លារ​ ​ទៅ​៣០​លាន​ដុល្លារ​អាមេរិក​ជារៀង​រាល់​ឆ្នាំ។​ ​ប្រទេស​ម្ចាស់​ជំនួយ​ទាំង​នោះ​ ​រួម​មាន​ អូស្រ្តាលី​ ​ស្វីស​ ​កាណាដា​ ​ជប៉ុន​ ​ណ័រវេ​ ​ស៊ុយអែត​ ​និង​អាល្លឺម៉ង​ជា​ដើម។​ ​លោក​និយាយ​ថា កម្មវិធី​អភិវឌ្ឍន៍​របស់​អ.ស.ប. (UNDP)​ ​ក៏ជា​អ្នក​ផ្តល់​ថវិកា​ដល់​កិច្ច​ប្រតិបត្តិការ​របស់​ ​CMAC​ ​នៅ​កម្ពុជា​ផង​ដែរ។​

លោក​ ​សុខ ឥសាន​ ​តំណាង​រាស្ត្រ ​និង​ជា​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​ថ្លែង​ថា​ ការ​បញ្ចប់​ជំនួយ​របស់សហ​រដ្ឋ​អាមេរិកនេះ​បង្ហាញ​ពី​សញ្ញាណ​អវិជ្ជមាន​នៃ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​អាមេរិក​ និង​ជា​ការរាំង​ស្ទះដល់​ដំណើរ​ការ​កម្ចាត់​ចោល​កាក​សំណល់​សល់​ពី​សង្គ្រាម​រាប់​សិបឆ្នាំ​មក​នេះ។​

លោកសុខ ឥសាន​ ​បាន​ប្រាប់​ VOA យ៉ាង​ដូច្នេះ៖

«ខ្ញុំ​យល់​ថា​ វាជាចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ស្រាវជ្រាវ​ និង​រុករក​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​ ឬអាវុធ​យុទ្ធ​ភ័ណ្ឌ​ផ្សេងៗ ​ដែល​ពាក់ព័ន្ធ​តាំងពី​សម័យ​សង្គ្រាម​មក​ ហើយ​ដែល​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ កាយ​សម្បទារ​របស់​ប្រជា​ពលរដ្ឋ​នៅ​ជន​បទ​ នៅ​តំបន់​ព្រៃ​ភ្នំ ​ក្រោម​ថ្ម​ដែល​ទៅរុក​រក​អនុ​ផល​ព្រៃ​ឈើ​ អីផ្សេង​ៗ​ហ្នឹង​ ​ជួបប្រទះ​នូវ​ការ​រងគ្រោះ​ដល់​កាយ​សម្បទា​ក៏ដូច​ជា​អាយុ​ជីវិត​ហ្នឹង​ជា​បន្ត​បន្ទាប់​ហូរ​ហែ​មក»។​

ទាក់ទិន​នឹង​បញ្ហា​បោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ ​ជា​ពិសេស​គឺគ្រាប់​បែកគីមី​ ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រកាស​ថា​ គ្រាប់​ប្រភេទ​នេះមាន​វត្តមាន​នៅខេត្ត​ស្វាយរៀង​ នោះ​ ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​គឺ​លោក​ប្រាក់​ សុខុនបាន​ផ្ញើលិខិត​មួយច្បាប់ ​ប្រាប់​លោក​ Ahmet Uzumcu ​អគ្គ​នាយក​នៃ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​ ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ ​ប្រទេសហូឡង់ថា​ កម្ពុជា​បាន​រក​ឃើញ​អាវុធ​គីមី​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ឡើង​វិញ។​ ​ នេះបើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ចុះ​ថ្ងៃទី​១ ​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧។​

មន្ត្រី​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៃ​អង្គការ​ហាម​ឃាត់​អាវុធ​គីមីបាន​បញ្ជាក់​ប្រាប់ ​VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ អង្គការ​ហាម​ឃាត់​អាវុធ​គីមី​បាន​ទទួល​សំណើពី​រដ្ឋាភិបាល​កម្ពុជា។​ មន្ត្រី​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​ដដែល​បញ្ជាក់​ថា​ អង្គការ​ហាម​ឃាត់​អាវុធ​គីមី​កំពុង​ធ្វើការ​លើ​សំណើនេះ​ តែមិន​បាន​ផ្តល់​ការ​ពន្យល់​បន្ថែម​លម្អិត​នោះ​ទេ។

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជាក់​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ ​ឬ​ ​Email ​ថា​ ​ខ្លួន​បាន​ដឹង​អំពី​លិខិត​របស់​លោក​ ​ប្រាក់ សុខុន។

​លោក​ David​ មន្ត្រី​នាំពាក្យ​រង​ស្ថានទូត​អាមេរិក​បាន​សរសេរ​ក្នុង​សារ​អេឡិច​ត្រូវនិក​ ​ឬ​ Email ​ដោយ​មាន​ខ្លឹម​សារ​ដើម​ថា៖​

«យើង​បាន​ដឹង​អំពី​លិខិត​ផ្ញើ​ទៅ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​ ហើយ​យើង​ស្វាគមន៍​អ្នក​ជំនាញ​ការ​របស់​ពួក​គេ»។​

លោក​បាន​បន្ថែម​ថា​ ​កាល​ពី​ពេល​មុន​គឺ​នៅ​ឆ្នាំ​២០១២​ មន្ត្រី​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​បាន​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ និង​បាន​បញ្ជាក់​ពី​វត្តមាន​នៃ​គ្រាប់​បែក​ផ្សែង​ប្រភេទ​ ​CS-2។​ ​សហ​រដ្ឋ​អាមេរិក​ ​បន្ទាប់​មក​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​បី​ដង​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ថា​ តើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ដើម្បីដោះ​គ្រាប់​បែក​ទាំង​នេះ​ដោយ​សុវត្ថិភាព៕