ក្រុមសមាជិកនៃគណបក្សប្រជាធិបតេយ្យស.រ.អា.បើកប្រជុំមហាសន្និបាតជាតិរបស់ពួកគេនៅថ្ងៃចន្ទ ដែលកំណត់ថានឹងតែងតាំងលោកស្រីអតីតរដ្ឋមន្ត្រីការបរទេស Hillary Clinton ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សនេះនៅក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៦នេះ។
ក៏ប៉ុន្តែលោកស្រីមានភាពច្របូកច្របល់ដោយសារមានរឿងចម្រូងចម្រាស់មួយអំពីការលេចអ៊ីម៉ែលដែលបង្ហាញពីរបៀបដែលពួកមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យបានធ្វើដើម្បីសម្រួលដល់លោកស្រីទៅកាន់ការតែងតាំង ដោយអ៊ីម៉ែលទាំងនោះបានចំអកអ្នកប្រកួតប្រជែងនឹងលោកស្រីគឺលោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Vermont។
អ្នកស្រី Debbie Wasserman Schultz ប្រធាននៃគណៈកម្មាធិការជាតិនៃគណបក្សប្រជាធិបតេយ្យ បានត្រូវរុញច្រានចេញពីតំណែងនេះកាលពីថ្ងៃអាទិត្យនៅក្រោយការលាតត្រដាងឱ្យដឹងអំពីអ៊ីម៉ែលជិត២ម៉ឺនដោយបណ្តាញ WikiLeaks។ ពួកអ្នកគាំទ្រលោក Sanders បានស្រែកចំអកឱ្យអ្នកស្រី Schultz នៅពេលអ្នកស្រីបាននិយាយទៅកាន់ពួកប្រតិភូមួយក្រុមមកពីរដ្ឋ Florida ដែលជារដ្ឋដែលអ្នកស្រីតំណាងនៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំង ក៏ប៉ុន្តែអ្នកស្រីមិនបាននិយាយអំពីបញ្ហាអ៊ីម៉ែលទាំងនេះទេ។
អ្នកស្រី Wasserman Schultz បាននិយាយប្រាប់ពួកប្រតិភូទាំងនេះថា អ្នកស្រីបានទទួលសំណើរបស់លោកស្រី Clinton ដែលបានសុំឱ្យអ្នកស្រីធ្វើជាអ្នកតំណាងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ នៅក្រោយអ្នកស្រីចាកចេញពីតំណែងប្រធានគណក្សនៅទីបញ្ចប់នៃមហាសន្និបាតបួនថ្ងៃរបស់គណបក្ស។
លោក Sanders ដែលជាអ្នកសង្គមនិយមប្រជាធិបតេយ្យម្នាក់ដែលបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតច្រើនខែប្រឆាំងនឹងលោកស្រី Clinton នៅមុនលោកស្រីបានទទួលការតែងតាំង បានមានប្រសាសន៍ថា លោកខឹងសម្បារនឹងការលាតត្រដាងឱ្យដឹងអំពីអ៊ីម៉ែលទាំងនេះដែលបានបង្អាប់លោក ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថា អ៊ីម៉ែលទាំងនេះបង្ហាញថាវាជាការត្រឹមត្រូវដែលលោកបាននិយាយអះអាងយូរមកហើយថា ពួកមន្ត្រីគណបក្សលម្អៀងទៅខាងលោកស្រី Clinton នៅក្នុងការខិតខំប្រឹងប្រែងរបស់លោកស្រីដើម្បីក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយរបស់ប្រទេសអាមេរិក។
ទោះយ៉ាងណា នៅពេលនេះ លោក Sanders គាំទ្រលោកស្រី Clinton ហើយលោកគ្រោងនឹងថ្លែងសុន្ទរកថាសំខាន់មួយដែលបង្ហាញពីគោលនយោបាយជំនួសលោកស្រីនៅពេលមហាសន្និបាតគណបក្សបើកប្រជុំនៅថ្ងៃចន្ទតាមពេលវេលាផ្នែកខាងកើតស.រ.អា.នៅក្នុងក្រុង Philadelphia រដ្ឋ Pennsylvania ក្នុងភាគខាងកើតស.រ.អា.។
លោកស្រី Michelle Obama ស្ត្រីទីមួយស.រ.អា.និងលោកស្រី Elizabeth Warren សមាជិកាព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Massachusetts ដែលមានការគាំទ្រច្រើនពីពួកប្រជាធិបតេយ្យជឿនលឿន ក៏មានគ្រោងនឹងថ្លែងសុន្ទរកថាគាំទ្រលោកស្រី Clinton ដែរ នៅក្នុងការប្រកួតប្រជែងរបស់លោកស្រីប្រឆាំងនឹងលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ ដែលជាមហាសេដ្ឋីអចលនទ្រព្យមានប្រាក់រាប់ពាន់លានដុល្លារដែលបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋកាលពីសប្តាហ៍មុន៕