សមាជិកព្រឹទ្ធសភាស.រ.អា.មួយក្រុមដែលមានឥទ្ធិពលនិងពួកមន្ត្រីអាមេរិកាំងជាន់ខ្ពស់ឯទៀតៗបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការមួយទៅកាន់ប្រទេសបាគីស្ថាន កាលពីថ្ងៃសៅរ៍ ដោយបានជួបជាមួយអគ្គមេបញ្ជាការនៃក្រុមយោធាបាគីស្ថានដើម្បីពិភាក្សាគ្នាអំពីស្ថានការណ៍នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន និងកិច្ចខិតខំប្រឹងប្រែងពង្រឹងសន្តិសុខតាមព្រំដែននៃប្រទេសបាគីស្ថាន។
គណៈប្រតិភូសភាស.រ.អា.នេះមានរួមបញ្ចូលលោក John McCain សមាជិកព្រឹទ្ធសភាស.រ.អា.និងជាប្រធានគណៈកម្មាធិការសេវាកម្មកងយោធានៃព្រឹទ្ធសភាអាមេរិកាំង លោកសមាជិកព្រឹទ្ធសភា Lindsey Graham និងលោកសមាជិកព្រឹទ្ធសភា Joe Donnelly។
នៅក្រោយពួកមន្ត្រីអាមេរិកាំងទាំងនេះបានជួបជាមួយលោកឧត្តមសេនីយ៍ Raheel Sharif កាលពីថ្ងៃសៅរ៍ហើយ លោកអគ្គមេបញ្ជាការនៃកងទ័ពបាគីស្ថានរូបនេះ បាននិយាយជាថ្មីទៀតថា«ប្រទេសបាគីស្ថានមួយដែលមានស្ថិរភាព គឺជាអត្ថប្រយោជន៍របស់ប្រទេសបាគីស្ថាន ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរនេះជាគន្លឹះសម្រាប់សន្តិភាពក្នុងតំបន់»។
ប្រទេសបាគីស្ថាន និងស.រ.អា.មានការទាក់ទងគ្នាមិនស្រួលយូរយាមកហើយ។ចំណងទាក់ទងគ្នាមានភាពរអាក់រអួលកាលពីពេលថ្មីៗនេះដោយសារមានការចោទប្រកាន់ថា កិច្ចប្រតិបត្តិការប្រឆាំងនឹងភេរវកម្មរបស់បាគីស្ថាន ផ្តោតតែទៅលើពួកជនសកម្មប្រយុទ្ធមានចំណងទាក់ទងជាមួយពួកតាលីបានក្នុងប្រទេសនេះ ដែលប្រឆាំងនឹងរដ្ឋ ហើយថា រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ មិនបានចាត់វិធានការឱ្យបានគ្រប់គ្រាន់ដើម្បីបំផ្លាញកន្លែងជ្រកកោនរបស់ពួកជនសកម្មប្រយុទ្ធពីប្រទេសអាហ្វហ្គានីស្ថាន ដោយមានរួមបញ្ចូលទាំងពួកបណ្តាញភេរវជន Haqqani ផងទេ។
ការធ្វើមិនបានសម្រេចក្នុងការរារាំងពួកបះបោរអាហ្វហ្គានីស្ថាន មិនឱ្យប្រើប្រាស់ដែនដីបាគីស្ថាន ក៏បានបណ្តាលឱ្យសភាស.រ.អា.បញ្ឈប់រដ្ឋបាលលោក អូបាម៉ា មិនឱ្យផ្តល់ការឧបត្ថម្ភធនសម្រាប់ការទិញយន្តហោះប្រយុទ្ធអាមេរិកាំងធុន F-16 ដែលស.រ.អា.បានសន្យាដល់រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ។
ថ្លែងនៅមុនការចាប់ផ្តើមធ្វើទស្សនកិច្ចកាលពីថ្ងៃសៅរ៍ លោកឧត្តមសេនីយ៍ឯក Asim Bajwa អ្នកនាំពាក្យកងទ័ពបាគីស្ថាន បាននិយាយទទូចថា រដ្ឋាភិបាលក្រុង អ៊ីស្លាម៉ាបាដ ប្តេជ្ញាបង្ក្រាបក្រុមជនសកម្មប្រយុទ្ធដែលមានការទាក់ទិននឹងសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាន៕